ព័ត៌មានបច្ចេកវិទ្យា

Facebook កំពុងដាក់សាកល្បងមុខងារ“ហៅចេញជាសំឡេង”ជាក្រុម លើកុំព្យូទ័រ

យោងតាមគេហទំព័រ TechCrunch ក្រុមហ៊ុន Facebook កំពុងពិចារណាទៅលើគ្រប់លទ្ធភាពក្នុងការបង្កើតមុខងារហៅចេញជាសំឡេង ឬ Voice Calls ជាក្រុម សម្រាប់ប្រើប្រាស់ម៉ាស៊ីនលើកុំព្យូទ័រ។ ប្រភពដដែលគេហទំព័របានបន្ថែមថា ម្ចាស់គណនី Facebook មួយក្រុមកំពុងត្រូវបានបើកឱ្យអាចចូលទៅកាន់មុខងារពិសេសមួយនេះដើម្បីធ្វើការប្រើប្រាស់សាកល្បង។ ហើយប្រសិនបើលោកអ្នកត្រូវបានជ្រើសរើសឱ្យសាកល្បងលើមុខងារ Voice Calls លោកអ្នកនឹងឃើញរូបសញ្ញាទូរស័ព្ទមួយបង្ហាញនៅលើប្រអប់សារជាក្រុមណាមួយមិនខាន។ តាមរយៈរូបសញ្ញានោះ លោកអ្នកអាចអញ្ជើញមិត្តភក្តិឱ្យចូលមកនិយាយឆ្លើយឆ្លងគ្នាជាសំឡេងច្រើននាក់បាន។

កាលពីខែមេសា Facebook បានប្រកាសដាក់បញ្ចូលមុខងារ Voice Calls នេះរួចទៅហើយ ទៅក្នុងកម្មវិធី Messenger សម្រាប់ស្មាតហ្វូន ហើយចំពោះការចង់បន្ថែមវាឱ្យមាននៅលើ Facebook លើកុំព្យូទ័រដែរនោះ គឺដើម្បីទាក់ទាញមនុស្សឱ្យចូលរួមក្នុងការសន្ទនាគ្នាជាក្រុមកាន់តែច្រើនឡើងៗ ខណៈមុខងារដូចគ្នានេះ មានរួចទៅហើយនៅលើកម្មវិធី Skype និងកម្មវិធីដទៃផ្សេងទៀត។ ដោយឡែក គេពុំទាន់ដឹងច្បាស់ថា បើការសាកល្បងទទួលបានជោគជ័យមែននោះ វានឹងគាំទ្រការហៅចេញជាសំឡេងដោយមានគ្នាដល់ ៥០ នាក់ ដូចកម្មវិធី Messenger នៅលើស្មាតហ្វូនដែរ ឬក៏យ៉ាងណានោះទេ៕

ប្រភពព័ត៌មាន៖ techcrunch

មតិយោបល់