លោក អ៊ូ យ៉ានណារ៉ា ឬ អ្នកក្នុងពិភពសិល្បៈស្គាល់យ៉ាងច្បាស់ថា ជា យ៉ានណារ៉ា អ៊ូ ក្នុងដំណើរមកទស្សនៈកិច្ចនៅកម្ពុជា បានធ្វើការបរិច្ចាកថវិកាធ្វើអណ្តូងទឹកដល់គ្រួសារក្រីក្រក្នុងសហគមន៍ខេត្តសៀមរាប និង ថវិកាមួយចំនួនធំ ជួយកុមារគថ្លង់ ស្ថិតក្នុងសាលាគ្រួសារថ្មី នៅទីរួមខេត្តកំពង់ចាម ។
លោក យ៉ានណារ៉ា អ៊ូ ថា«សម្រាប់ដំណើរលើកនេះ លោកបានជួយជាអណ្តូងទឹកមួយ ដល់គ្រួសារក្រីក្រនៅសៀមរាប និង ថវិកាចំនួន ១២០០ ដុល្លារអាម៉េរិក ដល់ប្អូនៗដែលជាកុមារគថ្លង់នៅទីរួមខេត្តកំពង់ចាម រួមដំណើរជាមួយលោក James King និង លោក គង់ ខៀវ »។
ក្រៅពីថវិកាខាងលើ លោកថា នៅមាន ប៊ិច ខ្មៅដៃ បន្ទាត់ សៀវភៅ សម្រាប់សិស្ស២០០នាក់ បើទោះបីនៅសាលាខាងលើមាន សិស្សតែ១៨០ នាក់ក្តី ។ លោកថា ការជួយនេះលោកមិនបានសម្លឹងឃើញអ្វីនោះទេ តែចង់ជួយឲ្យអស់ពីបេះដូងរបស់លោក ដើម្បីឲ្យប្រជាជន និងប្អូនៗកុមារខាងលើ ដែលខ្វះខាត ឲ្យមានជីវភាពសមរម្យ នឹងគេ ។ លោកបន្តថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានជួយដល់ប្រជាជនយើង ខណៈដែលកាលពីខែ មករាដើមឆ្នាំ ២០១៦ លោកបានមកដល់កម្ពុជាម្តងហើយ ដោយនាំជំនួយដូចគ្នាដែលកំពុងធ្វើនៅខែ ធ្នូ ឆ្នាំ២០១៦ នេះ ។
ដោយឡែកលោក សាវិន ហ្វីលីព ជាស្ថាបនិករបស់មូលនិធិ” សាវិន” ដើម្បីកុមារ បានឲ្យដឹងថា លោកពិតជាអរគុណដល់លោក យ៉ានណារ៉ា អ៊ូ អ្នកផ្ដល់ជំនួយដ៍សកម្មម្នាក់របស់មូលនិធិយើងដែលបានស្កាត់មកពីអាមេរិកជារៀងរាល់ឆ្នាំដើម្បីបន្តបរិច្ចាកថវិកាផ្ទាល់ខ្លួនដើម្បីធ្វើអណ្ដូងទឹកថ្មីៗថែមទៀតជូនដល់គ្រួសារកុមារសហគមន៍ក្រីក្រក្នុងខេត្តសៀមរាប ។ អណ្ដូងទឹកថ្មីមួយក្នុងចំណោមអណ្ដូងទឹកជាច្រើនរបស់លោកណារ៉ាដែលបានបរិច្ចាកកន្លងមកពេលនេះកំពុងចាប់ផ្ដើមសាងសង់នៅភូមិតាគង់ ស្រុកស្វាយដង្គំ ខេត្តសៀមរាបដើម្បីផ្ដល់ជូនគ្រួសារកុមារក្រីក្រទុកប្រើប្រាស់ជាសាធារណៈផងដែរ៕
មតិយោបល់