ព័ត៌មានសិល្បៈ និងកម្សាន្ត

ផា ណាម៉ុច បានតំណែងគ្រប់ទឹក

ឱកាសសម្ដែងក្នុងរឿង «ច័ន្ទវង្វេងមេឃ»របស់ប៉ុស្ដិ៍លេខ៥ ហើយត្រូវបានផលិតករតម្រូវឲ្យសម្ដែងជាតួម៉ែយ៉ែម ហាក់ធ្វើឲ្យអតីតតារាចម្រៀងប្រចាំផលិតកម្ម Spider Production ព្រួយបារម្ភពីការជាប់ឈ្មោះហៅនាងម៉ែយ៉ែមៗដូចគ្នា ក្នុងរឿងធ្វើឲ្យមានភាន់ច្រលំ ក្នុងសិល្បៈ។ នេះជាតំណែងគ្រប់ទឹកកម្រមួយធៀបនឹង ការសម្ដែងរបស់នាងមុនៗ ខណៈដែលរឿងទាំងមូលស្ថិត ក្នុងការចេញថតមិនទាន់ បានបញ្ចាំងនៅឡើយផង គឺមានអ្នកហៅនាងលេងៗថាម៉ែយ៉ែមៗ ឡើងចង់ជាប់មាត់រួចទៅហើយ។

ផា ណាម៉ុច បានអះអាងថាក្រោយសម្រេចចិត្តឈប់ច្រៀង ក្នុងផលិតកម្ម Spider Production នាងបានទទួលជោគជ័យព្រមគ្នាទាំងការសម្ដែងរឿង និងការច្រៀងរាំនៅក្នុងវង់តន្ត្រីរបស់លោកនៅ ស៊ីនឿន ដែលភាគច្រើនរុញឲ្យនាងកាន់តែបានលេចមុខ ក្នុងការប្រគំតន្ត្រីធំៗ។ មកទល់ពេលនេះនាងមិនទាន់ឈោងចាប់អាជីពច្រៀង នៅក្នុងផលិតកម្មជាថ្មីវិញទេ ដោយសារតែការសម្ដែងជក់សូរសឹងមិនមានម៉ោងសម្រាក។ យ៉ាងណាមិញ នាងថានៅតែរកឱកាសចូលច្រៀងកុងត្រា ក្នុងពេលឆាប់ៗ ប្រសិនបើផលិតកម្មដែលចង់បាន នាងមិនផ្ដល់លក្ខណ្ឌស្មុគស្មាញ។ នាងថាខ្សែរឿងធំៗដែលនាងបានសម្ដែង រួមមានរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា» រឿង«ហង្សបាក់ស្លាប» និងរឿង«ម្ចាស់គ្រងបេះដូង»ជាដើម ដោយក្នុងរឿងទាំងនេះ កញ្ញាសុទ្ធតែបានសម្ដែងជាតួអង្គសំខាន់ ហើយមានចរឹតឆ្នាស់ឆ្នើមដល់កំពូល។ នាងសម្ដែងអារម្មណ៍បុកពោះដែលបានតំណែងជាតួអង្គមេបន និងជាម៉ែយ៉ែមក្នុងរឿង«ច័ន្ទវង្វេងមេឃ»ក្រោមការផលិតដោយក្រុមការងាររបស់ផលិតករថៃ។ នាងបារម្ភខ្លាចតារាសិល្បៈ និងមហាជនដែលបានទស្សនាការសម្ដែងរបស់នាង ក្នុងរឿងមួយនេះ ជាប់មាត់ថានាងម៉ែយ៉ែម ឬមេបនដែលនាងចាត់ទុកថា នោះជាពាក្យចំអន់មិនល្អស្ដាប់សម្រាប់តារាសិល្បៈ។ នាងថាតារាច្រើននាក់មកហើយ ដែលរងការចំអន់ដោយសារតែ ហេតុផលបានសម្ដែងជាតួអង្គប្លែកៗ ហើយមានចរឹតអវិជ្ជា។ នាងនិយាយថា«តាមការកត់សម្គាល់តារាយើងតែសម្ដែងអីគេ ចំអកហើយ ដូចជាអ្នកខ្លះសម្ដែងធ្វើខ្ទើយគឺគេនាំហៅចែ ឬអ្នកខ្លះសម្ដែងចរឹកឡប់ៗគេនាំគ្នាហៅគាត់អាឡប់ជាដើម។ ប៉ុន្តែពាក្យទាំងអស់ហ្នឹងខ្ញុំថានៅស្រាលជាងមេបន ឬម៉ែយ៉ែមទេ ទើបខ្ញុំចេះតែភ័យ បើគេហៅខ្ញុំជាប់មាត់ចឹងមែនចប់ហើយ!»

កញ្ញា ផា ណាម៉ុច បានអះអាងថា ការសម្ដែងភាពយន្តទោះជាឲ្យសម្ដែងធ្វើអ្វី ក៏នាងទទួលយកដែរ គឺលើកលែងតែថតស្រាត ឬឈុតស្នេហាស្រើបស្រាល ដែលមើលទៅបាត់បង់តម្លៃសិល្បៈតែប៉ុណ្ណោះ ដែលនាងបដិសេធមិនទទួល។ យ៉ាងណាមិញ សម្រាប់ការសម្ដែងជាតួម៉ែយ៉ែម ឬហៅយ៉ាងខ្លីថាមេបន គឺនាងយល់ថាគេចមិនរួចពីការចំអន់នោះទេ ទើបនាងយល់ថាការសម្ដែងមួយនេះ ដ្បិតថាជួយឲ្យនាងទទួលបានការចាប់អារម្មណ៍ តែក៏ទំនងជាធ្វើឲ្យពិបាកញញឹមផងដែរ ជាពិសេសនៅពេលដែលរឿង «ច័ន្ទវង្វេងមេឃ»មិនទាន់ដំណើរការចាក់បញ្ចាំង នៅប៉ុស្ដិ៍លេខ៥ផង មានអ្នកទម្លាប់ហៅនាងថា ម៉ែយ៉ែមៗជារបៀបលេងសើចបាត់ទៅហើយ៕

មតិយោបល់