ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោង សម្រេចចិត្តរៀបការប្ដីថ្មី

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលអ្នកនាងប៉េងប៉ោង ប្រកាសរៀបការជាលើកទី២ ដោយរៀបការប្ដីថ្មី ដោយគ្រាន់តែស្វាមី នោះមុខមាត់ដដែល។ អ្នកនាងថានោះ នោះមិនមែនជាពិធីគម្រប់ខួបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែជាពិធីរៀបការតែម្ដង ដោយត្រូវរៀបពិធីមង្គលការម្ដងទៀត ហើយធ្វើពិធីឧបកិច្ចរៀបការប្ដីថ្មី ដោយសារតែពេលវេលាដែលអ្នកនាងជ្រើសការកាលពី១២ឆ្នាំមុន គឺគ្រូទាយថាពេលវេលាឆុង។

អ្នកនាងនិយាយថាការរៀបចំមង្គលចំ ថ្ងៃសៅរ៍ទី១៥ ធ្នូ ក្នុងឆ្នាំ២០០៥ ចំឆ្នាំវក១២ឆ្នាំមុន គ្រូណាក៏ទស្សន៍ទាយថា ជាពេលវេលាមិនល្អនោះដែរ ប៉ុន្តែមកពីក្នុងពេលនោះអ្នកនាងរវល់ការងារសិល្បៈខ្លាំងពេក ទើបសម្រេចយកពេលវេលានោះមិនជឿហោរា។ អ្នកនាងថាគ្រូទាយបានតម្រូវឲ្យនាងរៀបការប្ដីថ្មី និងជ្រើសវេលាថ្មី ទើបអាចសុខភាពរបស់អ្នកនាង ដែលឈឺចូលពេទ្យជាប់រហូតនឹងបានធូរស្បើយ។ អ្នកនាងសម្រេចជ្រើសថ្ងៃរៀបការជាថ្មីចំថ្ងៃច័ន្ទទី២ ខែមករា ក្នុងឆ្នាំវក ដដែលតាមការចង្អុលបង្ហាញរបស់ហោរា។ អ្នកនាងថាមង្គលការនេះ គឺជាពិធីឧបកិច្ចរៀបការប្ដីថ្មី ដោយពិធីទាំងមូលនឹងមានទម្រង់ដូចគ្នា នឹងមង្គលការដែរ ដើម្បីឲ្យមានរាសីផង និងដើម្បីលុបថ្ងៃខែមង្គលការចាស់ ដែលខុសក្បួនខ្នាតនោះផង។ ពិធីមង្គលការថ្មីប្រកាសធ្វើឡើងជាង៣០តុ ដោយអ្នកនាងនឹងរៀបចំដូចគ្នា នឹងមង្គលការដែរ ដើម្បីសិរីសួស្ដីផង និងបញ្ចៀសជំងឺឥតឈប់ឈរ ដែលកើតមានឡើងតាំងពីថ្ងៃរៀបការលើកទី១នោះផង។ អ្នកនាងប្រកាសអញ្ជើញតារាសិល្បៈភាគច្រើន តែក៏មិនដល់៣០០នាក់នោះទេ គឺរំខានតែមិត្តភ័ក្ត្រចាស់ៗ និងតារាសិល្បៈដែលអ្នកនាងបានស្គាល់ប៉ុណ្ណោះ។ អ្នកនាងថាខ្លួននឹងរៀបការទ្រង់ទ្រាយធំនៅថ្ងៃទី២ មករានោះ ដោយអ្នកនាង និងស្វាមី ក៏នឹងធ្វើកម្មវិធីឲ្យភ្ញៀវភ្ញាក់ផ្អើលផងដែរ បើទោះអ្នកនាងមិនទាន់ចង់បង្ហើបឲ្យដឹងមុន។

អ្នកនាងប៉េងប៉ោង រំពឹងថាក្រោយចប់មង្គលការលើកទី២ អ្នកនាង និងស្វាមី នឹងអស់បញ្ហារឿងឈឺច្រើន ហើយក៏ប្រាកដជាមានលទ្ធភាព អាចបង្កកំណើតកូនដោយសារតែសុខភាពប្រសើរឡើងនោះផងដែរ។ មកទល់នេះអ្នកនាងក៏បានប្រើថ្នាំជំនួយសុខភាព ដោយមិនមែនគ្រាន់តែជឿលើក្បួនពាក្យហោរឿងការម្ដងទៀត ហើយមិនជឿវេជ្ជបញ្ជានោះទេ។ អ្នកនាងនិយាយថា«គ្រូ(ហោ)គាត់ថាបើខ្ញុំមិនការម្ដងទៀត ហើយមិនឧបកិច្ចប្ដីថ្មី គឺខ្ញុំនឹងនៅតែឈឺចឹង ប៉ុន្តែមិនមែនថាមិនមែនជឿតែរឿងហោ ហើយអត់រកថ្នាំពេទ្យជួយទេ លូវហ្នឹងខ្ញុំធ្វើទាំងពីរ ថ្នាំក៏លេប ការម្ដងទៀតក៏ការ ដើម្បីកុំឲ្យនៅតែឈឺចឹង»។ អ្នកនាងថាក្រោយរៀបការក្នុងឆ្នាំ២០០៥ ការងារសិល្បៈមានភាពជោគជ័យ ប៉ុន្តែថវិកាទាំងនោះរកឲ្យតែពេទ្យប៉ុណ្ណោះ ទើបអ្នកនាងដាច់ខាតត្រូវតែរៀបជាថ្មី តាមកាលបរិច្ឆេទដែលហោរ៉ាដាក់ឲ្យ ៕

មតិយោបល់