ព័ត៌មានសិល្បៈ និងកម្សាន្ត

អេ យ៉ានុត ធ្លាប់តែប្រដាល់ ដល់មកតែងខ្លួនថតកុនឡើងប្លែក

នាពេលកន្លងមក គេធ្លាប់តែឃើញកីឡាការិនី កញ្ញា អេ យ៉ានុត បង្ហាញខ្លួនក្នុងនាមជាអ្នកប្រដាល់ នៅលើសង្វៀនប៉ុណ្ណោះ ទើបម្នាក់ៗមើលនាងមិនចង់ស្គាល់ នៅពេលដែលនាងតែងខ្លួនជាតារា ហើយត្រៀមថតកុនក្នុងតំណែងមួយ។ នេះជាការវិវត្តិន៍ខ្លួនរបស់នាងក្នុងអាជីពថ្មីមួយទៀត គឺអាជីពសម្ដែងកុន ដោយនាងប្រកាសប្រាប់ក្នុងឱកាសបង្ហាញខ្លួន ក្នុងពិធីក្រុងពាលីនោះថា បើអាជីពសម្ដែងរបស់នាងទទួលបានទីផ្សារ ហើយរកលុយបានច្រើន នោះនាងនឹងដកខ្លួនពីការប្រដាល់។

ស្ទើរតែមើលមិនស្គាល់កីឡាការិនីកញ្ញា អេ យ៉ានុត នោះទេ នៅពេលដែលនាងតែងខ្លួនបានស្អាត ហើយឈរក្នុងចំណោមតារាកុះករ ដែលជាការបង្ហាញខ្លួនរបស់តួអង្គ ក្នុងការចេញថតខ្សែភាពយន្តភាគថ្មីរបស់ប៉ុស្ដិ៍លេខ៥ ក្រោមចំណងជើងថា«កញ្ញាជើងខ្លាំង»។
បើទោះជាអារម្មណ៍នៅមិនទាន់ស៊ាំជាមួយតារាសម្ដែងភាគច្រើន ដោយនាងព្យាយាមនៅឆ្ងាយពីគេ ហើយមិនសូវហ៊ានចូលថតរូបជាមួយតារាសិល្បៈ ប៉ុន្តែតំណែងជាកីឡាការិនីរបស់នាង នៅតែធ្វើឲ្យអ្នកកាសែត និងតារាសិល្បៈភាគច្រើនចាប់អារម្មណ៍។

នាងបានថ្លែងថាខ្លួនត្រូវផលិតករហៅឲ្យសម្ដែងជាតួអង្គឈ្មោះ ច័ន្ទថន ដោយក្នុងសាច់រឿងនាង គឺជានារីដែលមានចិត្តក្លាហាន ហើយជាអ្នកចូលចិត្តប្រដាល់យកឈ្នះយកចាញ់ មិនចាញ់បុរស គឺដូចគ្នានឹងជំនាញខាងក្រៅរបស់នាង។ នាងថាការសម្ដែងកុន មិនមែនជាចំណូលចិត្តទេ ប៉ុន្តែបើមានគេហៅសម្ដែងច្រើន នោះនាងនឹងចូលឲ្យស៊ុហ្វ ហើយមិនយូរទេ នាងនឹងអាចដកខ្លួនពីការប្រដាល់ ដើម្បីឲ្យនាងទទួលបាន ការក្លាយជាតារាសម្ដែងពេញសិទ្ធិ។

នាងនៅមិនទាន់ដឹងថា ការសម្ដែងរបស់ខ្លួន នឹងអាចទៅរួចឬមិនរួចនោះទេ ប៉ុន្តែនាងនឹងខំប្រឹងប្រែង ដើម្បីបានក្លាយជាតារាសម្ដែងអាជីពម្នាក់ ហើយមានការទទួលស្គាល់។ ចង់ដឹងថា អេ យ៉ានុត ក្រោយតែងខ្លួនចូលប្រឡូក ជាតារាស្រស់ស្អាត និងប្លែកពីពេលនាងបង្ហាញមុខឡើងរេញប៉ុណ្ណា តោះទស្សនារូបភាព៖

មតិយោបល់