ព័ត៌មានសិល្បៈ និងកម្សាន្ត

១១រឿងខ្លាំងៗនៅកម្ពុជា ប្រជែងគ្នាក្នុងព្រឹត្តិការណ៍ Movies Of The Year 2016

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមានការប្រកាសថានឹងមានព្រឹត្តិការណ៍ Movies of The Year ជាលើកដំបូងនៅកម្ពុជា ដោយសម្រេចយកភាពយន្ត ចំនួន១១ទទួលបានចំណូលខ្ពស់ ប្រចាំឆ្នាំ២០១៦ មកធ្វើការបោះឆ្នោត ដើម្បីដណ្ដើមយកតំណែងជាភាពយន្តលេចធ្លោរប្រចាំឆ្នាំ។រឿងខ្មែរចំនួន៧រឿង ត្រូវបានប្រកាសថាបានជាប់ក្នុងព្រឹត្តិការណ៍នេះ ខណៈដែលភាពយន្តខ្មែរ ក្នុងចំណោមទាំង៧ ក៏ត្រូវបានបោះឆ្នោតឲ្យជាប់ជារឿង ល្បីប្រចាំឆ្នាំ។

កញ្ញា គុយ កែវមរកតបុគ្គលិក ប្រតិបត្តិផ្នែកទីផ្សារ របស់រោងភាពយន្តលេជេន បានអះអាងថាដោយយល់ឃើញថា វិស័យភាពយន្តនៅតាមរោងកុនកាន់តែមានសន្ទុះ ទើបរោងយន្តលីជេន ដែលមានទីតាំងច្រើន នៅកម្ពុជា សម្រេចបោះទុនរៀបចំព្រឹត្តិការណ៍ Movies of The Year ដោយកំណត់យករឿងទទួលបានចំណូលខ្ពស់ នាំមុខចំនួន១១គ្រប់រោងរបស់លីជេន ឲ្យប្រកួតប្រជែងគ្នា តាមរយៈការបោះឆ្នោត។ ព្រឹត្តិការណ៍នេះ ប្រកាសត្រូវធ្វើឡើងនៅថ្ងៃទី២៨ ធ្នូ ដោយក្នុងថ្ងៃនោះ ក្រៅពីមានការបង្ហាញស្នាដៃ របស់រឿងទាំង១១ជាសាធារណៈ ក៏នឹង ប្រកាសរឿងដែលបានទទួល ការបោះឆ្នោតច្រើនជាងគេ និងមានការផ្ដល់ប័ណ្ណសរសើរ ដល់រឿងនីមួយៗផងដែរ។ កញ្ញាថាភាពយន្តដែលជាប់ចំណាត់ថ្នាក់ នាំមុខពីការបោះឆ្នោតគឺរកឃើញហើយ ប៉ុន្តែដល់ថ្ងៃ២៨ មករា ក្នុងពេលព្រឹត្តិការណ៍ដំណើរការ នៅបរិវេណផ្សារទំនើបទួលគោកTK ទើបនឹងប្រកាសឡើង ដោយក្រោយប្រកាសថា ភាពយន្តណាជាប់ការបោះឆ្នោត ជាភាពយន្ដមានអ្នកចូលចិត្តជាងគេ សម្រាប់ឆ្នាំ២០១៦ និងបញ្ចាំងឲ្យអ្នកចូលរួមទស្សនាតែម្ដង។ សិល្បករ និងផលិតករចន្លោះពី២០០ ទៅ៣០០នាក់ ត្រូវបានអញ្ជើញសម្រាប់ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំនេះ ដោយកញ្ញារំពឹងថាព្រឹត្តិការណ៍ដែលរោភាពយន្តលីជេន ធ្វើជាលើកដំបូង ពិតនឹងជួយឲ្យវិស័យខ្សែភាពយន្តនៅកម្ពុជា មានសន្ទុះសម្រាប់ការប្រកួតប្រជែងក៏ដូចជាដើម្បីបង្កើតបរិយាកាសទំនាក់ទំនង រវាងអ្នកពាក់ព័ន្ធនឹងវិស័យភាពយន្ត នៅក្នុងប្រទេសឲ្យកាន់តែប្រសើរ។ ក្រុមហ៊ុន និងផលិតកម្មចំនួនតែ៨ប៉ុណ្ណោះ ត្រូវបានកំណត់ជាភ្ញៀវកិត្តិយស ក្នុងនោះរួមមានក្រុមហ៊ុន WML , Sabay MVP, ផលិតកម្ម RED PICTURE , ផលិតកម្ម LD Picture, ផលិតកម្មមហាហង្ស, ផលិតកម្ម Rock, និងផលិតកម្មឥន្ទ្រានិម្មិត ដែលសុទ្ធតែពាក់ព័ន្ធនឹងការផលិតភាពយន្តទាំង១១ ដែលបានចំណូលខ្ពស់ប្រចាំឆ្នាំ២០១៦។ ព្រឹត្តិការណ៍ថ្ងៃ២៨ ធ្នូនោះ ក៏មានវត្តមានលោក ឆន សុវណ្ណរាជ និងក្រុមចម្រៀងរបស់លោក រ៉ូណាន់ រាំច្រៀងរំលេចបរិយាកាសផងដែរ។

កញ្ញាបន្តថាភាពយន្តទាំង១១ ដែលទទួលបានប្រាក់ចំណូលខ្ពស់ ហើយជ្រើសមកប្រកួតប្រជែង តាមការបោះឆ្នោតនោះរួមមាន រឿង“អ្នកនាងម្ចាស់ឡឺកឺ” របស់ផលិតកម្មមហាហង្ស, រឿង«ចន្ទ្រា»របស់ផលិតកម្មអង្គរភីឈ័រ, រឿង“សិស្សប្អូនសំណព្វចិត្ត”របស់ផលិតកម្មរ៉ក(Rock), រឿង”កំពូលអ្នកសុំទានជួបស្នេហ៍”របស់ផលិតកម្មអិលឌី(LD Picture), រឿង«ទង់ព្រលឹង» របស់ផលិតកម្មរ៉េដ (RED Picture), រឿង”កំណត់ហេតុនាងនាថ”របស់ផលិតកម្មឥន្ទ្រានិម្មិត, រឿង”Joking Jazz 4G”, រឿង“Captain America”, រឿង“The Conjuring 2”របស់ក្រុមហ៊ុនវេសស្តេក(WML), រឿង” ប៉ុបពីទៅហូលីវូដ”, និង រឿង”Fast 888”របស់ក្រុមហ៊ុនសប្បាយ( Sabay MVP)។ កញ្ញាភាពយន្តប្រចាំឆ្នាំមិនមែនទាល់តែមានអ្នកទស្សនាច្រើនជាងគេនោះទេ តែសំដៅលើភាពយន្ត ដែលស្ថិតក្នុងចំណោមជាភាពយន្ត ដែលមានប្រាក់ចំណូលខ្ពស់ ហើយមានអ្នកបោះឆ្នោត និងចូលចិត្តច្រើនជាងគេ ក្នុងពេលកំណត់ឲ្យធ្វើការបោះឆ្នោត អ៊ីចឹងហើយទើបភាពយន្តដែលនឹងឈ្នះតំណែង Movies of The Year 2016 ពិតជាមានមោទនភាព នៅពេលប្រកាសឡើងថា ជាភាពយន្តលេចធ្លោរ ៕

មតិយោបល់