នៅថ្ងៃទី២៣ ធ្នូនេះ កម្មករកម្មការិនីរោងចក្រនៅទូទាំងរាជធានីភ្នំពេញចំនួន២០០នាក់ នឹងមានសិទ្ធិទទួលសំបុត្រទស្សនារឿង«កំពូលល្ងង់នៅអាស៊ី»នៅគ្រប់រោងកុនទំនើបដោយឥតគិតថ្លៃ ដោយគ្រាន់តែបង្ហាញកាតរោងចក្រឲ្យអ្នកលក់សំបុត្របានឃើញ។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងមុននេះពីម្ចាស់ផលិតកម្ម។
លោកឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្ម Galaxy បានថ្លែងប្រាប់ថាក្រោយការដាក់បញ្ចាំងលក់សំបុត្រកាលពីថ្ងៃទី១៥ ធ្នូ ហើយទទួលបានជោគជ័យ ខ្សែរឿង«កំពូលល្ងង់នៅអាស៊ី»ដល់ថ្ងៃបើកឲ្យទស្សនាដោយសេរីសម្រាប់កម្មករកម្មការិនីរោងចក្រតាមការសន្យាហើយ ឲ្យតែកម្មករទាំងនោះបង្ហាញកាតរោងចក្រ ហើយទៅទទួលសំបុត្រឲ្យបានមុន២០០សំបុត្រតាមគម្រោង។
លោកថារោងទំនើបនៅខេត្តសៀបរាបមិនត្រូវបានអនុញ្ញាតិឲ្យទទួលសំបុត្រហ្វ្រីនោះទេ ដោយសារតែលោកស្ទាបស្ទង់ឃើញថានៅក្នុងខេត្តនោះមិនសូវមានអ្នកធ្វើការរោងចក្រ ម្យ៉ាងលោកមានបំណងចង់ឲ្យកម្មកររោងនៅរាជធានីភ្នំពេញដែលមានចំនួនច្រើន បានទស្សនារឿងនេះទាំង២០០នាក់តែម្ដង។ លោកថាកម្មកររោងចក្រនឹងបាត់ឱកាសទស្សនាដោយឥតគិតថ្លៃ បើមិនរួសរាន់មកកាន់រោងទំនើបនៅថ្ងៃទី២៣ ធ្នូ ដោយសារតែចំនួនដែលបានផ្ដល់ជូនក៏មិនច្រើនបើធៀបនឹងចំនួនកម្មករកម្មករនៅភ្នំពេញមានច្រើន។ លោកនិយាយថា«ខ្ញុំគិតថា២០០សំបុត្រហ្នឹងអត់ច្រើនទេ មួយថ្ងៃសុក្រហ្នឹងគឺអស់ហើយ ចឹងហើយបានខ្ញុំអំពាវនាវឲ្យបងប្អូនយើងដែលចង់ទស្សនារឿងអត់អស់លុយ លើកគ្នាទៅកាន់រោងកុនម៉ោងណាក៏បានសម្រាប់ថ្ងៃហ្នឹង ដើម្បីទទួលសំបុត្រហ្រ្វី!»។
លោកអះអាងថាខ្លួននឹងរក្សាជំហរផ្ដល់សំបុត្រឲ្យក្រុមកម្មករឲ្យគ្រប់២០០សន្លឹកតាមការប្រកាស ដោយមិនលែង៣សន្លឹកហើយកុហកឲ្យបងប្អូនកម្មករឲ្យសម្រុកទៅចង្អៀតរោងតែចុងក្រោយក៏លែងស្ទីលថាអស់សំបុត្រ សូម្បីតែសំបុត្រចែកហ្វ្រីមិនទាន់គ្រប់២០០។ លោកនិយាយថា«អ្នកខ្លះភ័យរឿងខ្ញុំបោក ខ្ញុំហ៊ានធានាថានឹងមានសំបុត្រ២០០សំបុត្រត្រូវតែដល់ដៃកម្មករនៅថ្ងៃទី២៣ ធ្នូហ្នឹងដោយឥតគិតថ្លៃ ហើយអ្នកសារព័ត៌មាន ឬមហាជន អាចសុំទិន្នន័យពីរោងកុនបាន ចឹងហើយបានខ្ញុំសុំឲ្យបងប្អូនរោងចក្រ ធ្វើមិចឆ្លៀតពេលទៅទទួលសំបុត្រឲ្យបានលឿនថ្ងៃហ្នឹងដើម្បីកុំឲ្យអស់ទាន់!»។
លោកថាខ្លួនជាអ្នកចេញថ្លៃចំណាយទាំងស្រុងលើការទិញសំបុត្រដែលចែកហ្វ្រីនេះ ដោយរោងទំនើប៤កន្លែងគឺរោងកុននៅផ្សារសូរិយា នៅផ្សារអ៊ីអន ផ្សារទួលគោក និងផ្សារស្ទឹងមានជ័យ នឹងចាត់ចែងលើកិច្ចការនេះ ដោយគ្រាន់តែបងប្អូនកម្មករបង្ហាញកាតរោងចក្រ។ មិនថាតម្លៃ៣ដុល្លារ ឬ ៤ដុល្លារ គឺលោកប្រកាសចេញឲ្យទាំងអស់ សម្រាប់ចែកហ្វ្រីនៅថ្ងៃសុក្រនេះ។ លោកជឿជាក់ថាត្រឹមមួយថ្ងៃប្រកាសនេះ នឹងអស់សំបុត្រហ្វ្រីដោយសារតែលោកជឿថាកម្មកររោងចក្រនឹងលើកគ្នាទៅទស្សនា ដើម្បីបានសប្បាយជុំគ្នា ជាពិសេសរោងកុននៅក្បែរៗតំបន់រោងចក្រដូចជារោងទំនើបស្ទឹងមានជ័យ និងរោងកុននៅផ្សារអ៊ីអន លោកថានឹងមានអ្នកទៅទទួលសំបុត្រនេះអស់។ លោកថាមកទល់ពេលនេះចំណូលរបស់រឿង«កំពូលល្ងង់នៅអាស៊ី»ត្រឹមតែទប់ទល់ប៉ុណ្ណោះ ទើបលោកទទូចឲ្យជួយគាំទ្ររឿងនេះឲ្យបានច្រើន ដើម្បីឲ្យលោកពិចារណារឿងផ្ដល់សំបុត្រហ្វ្រីបន្ថែមទៀតដល់ក្រុមកម្មកររោងចក្រ៕
មតិយោបល់