ព័ត៌មានសិល្បៈ និងកម្សាន្ត

សួង សុវណ្ណារ៉ា ភ័យខ្លាចសម្ពាធផ្លូវចិត្ត បណ្ដាលឲ្យគិតខ្លីជាថ្មី

បើទោះជាស្ថានភាពចុងក្រោយបង្ហាញថា អ្នកផលិតកម្មវិធី«នេះមិនមែនជាសុបិន្ត»របស់ទូរទស្សន៍បាយ័ន លោកសួង សុវណ្ណារ៉ា រួចផុតពីគ្រោះថ្នាក់ដល់ជីវិត ក៏លោកបញ្ជាក់ថាសម្ពាធផ្លូវចិត្តនៅលងបន្លាច ចំពោះលោកយ៉ាងណែនពេញទ្រូង និងខួរក្បាលជាពិសេសជុំវិញរឿងស្នេហា និងការងារ។ មកទល់ពេលនេះ លោកថាខ្លួននៅតែមានអារម្មណ៍ស្មុគស្មាញ និងមានសម្ពាធរើមិនរួច ដោយមិនដឹងថាតើនឹងអាចតស៊ូទៅមុខបានឬមិនបានយ៉ាងណាទេ។

លោកសួង សុវណ្ណារ៉ា ហៅណារ៉ា ដែលអ្នកណាក៏ស្គាល់ថាជាអ្នកផលិតកម្មវិធី ទូរទស្សន៍ល្បីឈ្មោះ ដូចជាកម្មវិធី«នេះមិនមែនជាសុបិន្ត» កម្មវិធីសម្រស់នៅលើទូរទស្សន៍CTV8HD និង កម្មវិធីទិញម៉ោងទូរទស្សន៍ធំៗផ្សេងទៀត បានអះអាងថា ក្នុងពេលសម្លាប់ខ្លួន​ លោកមិនត្រឹមតែអារដៃប៉ុណ្ណោះទេ ប៉ុន្តែក៏បានលេបថ្នាំងងុយដេកច្រើនគ្រាប់ផងដែរ ទើបក្រោយការសង្គ្រោះលោកនៅតែខ្សោយព្រោះតែឈាមក៏ហូរច្រើន ហើយជាតិថ្នាំដែលលេបដល់២០-៣០គ្រាប់ក៏ប៉ះពាល់។ លោកដឹងថាជារឿងមិនត្រឹមត្រូវ ប៉ុន្តែសម្រាប់អ្នកឆ្លងកាត់ស្ថានភាពផ្លូវចិត្តដូចលោកនាពេលនោះ គឺប្រហែលមិនមានច្រើនទេ ដែលមិនហ៊ានធ្វើរឿងដូចលោក។ លោកថាមិនមែនជាលើកទី១ទេ ដែលលោកកើតឡើងនៅជីវិតតុកស៊ិច ជាពិសេសគឺរឿងការងារដែលមានបញ្ហារាប់រយជំពូក ហើយត្រូវឲ្យលោករ៉ាប់រងម្នាក់ឯង នៅពេលកើតមានបញ្ហា។ ប៉ុន្តែបណ្ដាលមកពីទម្ងន់លើកនេះ គឺមានទម្ងន់ធ្ងន់ពិបាករែក ទើបលោកសម្រេចចិត្តសម្លាប់ខ្លួន ព្រោះមិនចង់បន្តប្រឈម។ លោកថារឿងរ៉ាវដែលបានកើតឡើង មានកម្រិតពិបាកអត្ថាធិប្បាយ បើទោះជាលោកបានប្រកាសថា នោះគឺគំរូមិនល្អ ដែលលោកសុំកុំឲ្យមហាជនគិតខ្លីដូចខ្លួន។ លោកនិយាយថា«ខ្ញុំឈានដល់ប៉ងសម្លាប់ខ្លួន មិនមែនខ្ញុំមិនដឹងថាមិនល្អទេ ប៉ុន្តែខ្ញុំបើអ្នកទាំងអស់គ្នាជួបរឿងដូចខ្ញុំនោះនឹង បានដឹងថាតើសម្ពាធដែលបានកើតឡើង វាយ៉ាងណា ខ្ញុំឈឺចិត្តបំផុត ដែលមានគេដៀលថាខ្ញុំបោកប្រាស សូម្បីតែខ្ញុំមិនដែលយឺតយ៉ាវរឿងលុយ ដែលខ្ញុំត្រូវបង្វិលឲ្យនោះផង មានរឿងច្រើនណាស់ ដែលខ្ញុំអត់ចង់រំលឹក តែខ្ញុំចង់ប្រាប់ថាសម្ពាធផ្លូវចិត្តរបស់ខ្ញុំ មកទល់ពេលនេះ អត់ទាន់សម្រាលមួយភាគរយទេ ទើបខ្ញុំហាក់អស់សង្ឃឹមមែនទែន!»។ លោកថាខ្លួនជាមនុស្សឯកោ ដោយសូម្បីតែសាច់ញាតិបងប្អូន ក៏មានមិនច្រើននោះដែរ ដែលឈឺឆ្អាលលោក ក្នុងពេលដែលមានទុក្ខម្ដងៗ។

ផ្ទុយទៅវិញបើអ្នកស្ដីបន្ទោស និងអ្នកមាក់ងាយ គឺមានច្រើនរាប់មិនអស់ ទើបធ្វើឲ្យលោកសម្រេចចិត្តប្រែក្លាយ ពីមនុស្សដែលមានស្នាដៃ ទៅជាមួយមនុស្សចង់ស្លាប់ ដោយមិនចង់បន្តប្រឈមដើម្បីកុំឲ្យជីវិតស្មុគស្មាញ។ បើទោះជាលោកប្រកាសថានឹងបញ្ចប់ស្ថានភាពគិតខ្លី មិនឲ្យមានលើកទី២ តែលោកនៅតែភ័យរឿង សម្ពាធកើតឡើង បើលោកនៅតែដោះស្រាយវិបត្តិដែលធ្វើឲ្យលោក មិនសប្បាយចិត្តនោះមិនបាន។ លោកថាខ្លួនដេកបង្ហូរទឹកភ្នែកគ្រប់ពេលបន្ទាប់ពីដឹងថា ការសម្លាប់ខ្លួនរបស់លោកបរាជ័យ។ លោកនៅតែយល់ជាមនុស្សដែលមានសម្ពាធពិបាកទទួល ដោយសម្ពាធទាំងនោះបើមនុស្សទូទៅបានដឹង ក៏ប្រហែលជាមិនបន្ទោសចំពោះការសម្រេចចិត្តខុសមួយ​ ពេលរបស់លោកនាពេលនោះឡើយ។ លោកនៅតែខ្លាចជីវិតឯកោ និង សម្ពាធពីការស្ដីបន្ទោស ធ្វើឲ្យលោកគិតខ្លីនៅពេលណាមួយ បើទោះជាលោកតាំងចិត្តថានឹង ប្រឹងតស៊ូក្រោយទទួលបានជីវិតមួយថ្មី ពីការសង្គ្រោះដោយ ក្រុមគ្រូពេទ្យ។ មកកទល់ពេលសុខភាពរាងកាយរបស់លោកមានភាពប្រសើរហើយ ប៉ុន្តែសម្រាប់ផ្លូវចិត្តលោកថានៅតែធ្ងន់ ទើបធ្វើឲ្យលោកចង់ដើរទៅមុខក៏ពិបាក ហើយចង់បកស្រាយមិនស្រួល។ លោកទទូចកុំឲ្យមហាជនថ្កោលទោសរឿងលោកចង់សម្លាប់ខ្លួន ដោយសារកំហុសមួយនោះ គឺលោកមិនមែនចង់ធ្វើព្រោះតែរឿងសម្ពាធផ្លូវចិត្តតិចតួចនោះទេ គឺមានកម្រិតធ្ងន់ទើបលោកលែងស្គាល់ល្អអាក្រក់មួយពេល។ យ៉ាងណាមិញ លោកថានឹងហ៊ានប្រឈមការពិត ដោយមិនធ្វើរឿងពិបាកខ្លួនជាថ្មីទៀតទេ៕

មតិយោបល់