ធៀបនឹងរយៈពេលមុន គេចាប់អារម្មណ៍ថាសិល្បករសិល្បការិនីល្បីឈ្មោះច្រើនឡើងបានរួបរួមគ្នារំលេចសម្មភាពជាប្រយោជន៍ដល់ជនពិការ ជាពិសេសចំពោះជនពិកានៅតាមមណ្ឌល និងអ្នកចម្រៀងជាជនពិកានៅតាមស្ដុប។ ជាក់ស្ដែងក្នុងពិធីផ្ដល់អាហារមួយពេល ដែលមានការចែកអំណោយមួយចំនួនដល់ជនពិកាដៃជើង និងសតិបញ្ញាប្រមាណ៥០០នាក់កាលពីថ្ងៃទី២៧ ធ្នូ នៅបរិវេណសាលមហោស្រពចតុមុខ គឺបង្ហាញយ៉ាងច្បាស់ថាមានតារាល្បីៗកុះករដាក់ខ្លួនជាមួយនឹងជនពិកា ដោយពួកគេម្នាក់ៗមិនមែនគ្រាន់តែមកចំណាយពេលកាន់អំណោយដែលរ៉ៃអង្គាសបានពីសប្បុរជនចែកដល់ដៃជនពិកាប៉ុណ្ណោះទេ តែក៏បានចែកគ្នារត់តុបម្រើសេវាកម្មភេសជ្ជៈ និងម្ហូបអាហារជូនដល់ពួកគាត់យ៉ាងគួរឲ្យសរសើរ ។
ពិធីដែលរៀបចំដោយក្រុមសប្បុរសជនចម្រុះគ្នាល្ងាចនោះ ត្រូវបានប្រកាសថាទទួលបានថវិកាពីការរ៉ៃអង្គាស និងត្រូវបានអញ្ជើញតារាសិល្បៈនៅកម្ពុជាឲ្យចូលរួមចែករំលែកក្ដីស្រឡាញ់។ តារាសិល្បៈជិត២០០នាក់ មកពីស្ថាប័នសិល្បៈ៣ផ្សេងគ្នាត្រូវគេឃើញចូលរួមសកម្មភាពមួយនេះ យ៉ាងកុះករដោយមួយចំនួនមកពីសមាគមតារា បង្ហាញម៉ូដកម្ពុជា មួយចំនួន មកពីសមាគមមិត្តសិល្បៈស័្មគ្រចិត្តជួយសង្គម និងមួយចំនួនធំជាតារាល្បីៗមកពីGroup«គ្រួសារតារាកម្ពុជា»។ ពួកគេបង្ហាញសកម្មរត់តុ និងបម្រើជនពិកាក្នុងពេលពិសារអាហារ មិនមានការរើសអើងនោះទេ ញាំងឲ្យពិធីនោះមានភាពស្និទ្ធិស្នាល។ តារាសិល្បៈល្បីៗរួមមាន អ្នកនាងលី ម៉ារីណា, អ្នកនាងឈិន សុធារី, កញ្ញាមាស សម្ផស្ស, អ្នកនាងចន ច័ន្ទលក្ខិណា, កញ្ញាព្រីម លីហ្សា, កញ្ញា ដួង ម៉ានិច, កញ្ញាដួង ហ្សូរីដា, លោកអាឡាស្កូ, លោករិន សាវ៉េត, កញ្ញាពេជ្រ អាវីហ្សា, លោកយន សុភ័ក្រ, កញ្ញាយ៉ែម ស្រីពេជ្រ, កញ្ញាហេង ស្រីពេជ្រ, លោកសាន ផានិត, លោកលាង ឧត្តម, អ្នកនាឆៃលី ដាឡែន, កញ្ញាប៊ុន ផៃលីន, លោកសុគន្ធ ដេវីដ, លោកចន ចាន់តារា, លោកឡាទីន លោកឃីម រតនៈ និងតារាមានឈ្មោះបោះសំឡេងរាប់មិនអស់ សុទ្ធតែចែកហ្សូនគ្នារត់តុបម្រើសេវាម្ហូបអាហារ និងមានខ្លះបញ្ចុកចំណីដល់ជនពិកាផងនាពេលនោះ។ មានតារាតិចណាស់ដែលមានឱកាសអេនអនបង្អួតសម្រស់ ដោយមិនបានដាក់ខ្លួនក្នុងសកម្មភាពជាប្រយោជន៍ដល់ជនពិកា ដែលបង្ហាញកាន់តែច្បាស់ថាតារាសិល្បៈ មានការយល់ដឹងខុសពីមុនពីតម្លៃរបស់ជនពិកា និងជនដែលមានបញ្ហាសតិបញ្ញាគ្រប់គ្រាន់នៅក្នុងសង្គម។
អ្នកនាងលី ម៉ារីណា បានអះអាងថាវត្តមានតារាដែលបានបង្ហាញខ្លួននៅក្នុងពិធីនោះ គឺសុទ្ធតែបានដាក់ខ្លួនទៅបម្រើបងប្អូនជនពិកា ដោយមិនមែនទៅសម្ញ៉ែងសម្រស់ ហើយនៅត្រេងត្រាងមិនខុសពីមនុស្សរើសអើងចំពោះជនពិកានោះទេ។ អ្នកនាងថាតារាក៏មានបេះដូងជួយសង្គមនោះដែរ ទើបតារាសិល្បៈច្រើនឡើងបានរួមកម្លាំងគ្នា ហើយបង្ហាញខ្លួនសស្រាក់សស្រាំមកធ្វើ សកម្មភាពស្និទ្ធិស្នាល ចំពោះជនពិកាក៍ដូចជាកម្មវិធីសប្បុរសធម៍ផ្សេងៗដោយមិនប្រកាន់ខ្លួន។ អ្នកនាងកាន់តែមានការកោតសរសើរដែលតារាសិល្បៈច្រើនឡើងបានស្គាល់ពីតម្លៃជនពិកា និងចេះធ្វើកិច្ចការសង្គមដោយមិនគិតតែរឿង ការងារលុយកាក់ ហើយខ្វះការលះបង់។ មិនខុសគ្នាដែរតារាសិល្បៈជាច្រើនផ្សេងទៀត ដែលបានបង្ហាញខ្លួននាថ្ងៃនោះ ក៏សុទ្ធតែលើកទស្សនៈមិនខុសគ្នា ទើបពួកគេចំណាយពេលចូលរួមក្នុងពិធីនោះ៕
មតិយោបល់