បន្ទាប់ពីបើកកកាយពីទំនាក់ទំនងស្នេហាជាសាធារណៈ មានការលើកឡើងជាច្រើនថាតារាចម្រៀង ពេជ្រ សោភា និងតារាសម្ដែងលោកឆឹម សក្កដា មិនអាចស្ថិតស្ថេរស្នេហាបានយូរនោះទេ ដោយសារតែភាគីខាងប្រុស ត្រូវគេស្គាល់ថាមិនមានទ្រព្យធន ហើយភាគីខាងស្រីគឺមានឱកាសខ្ពស់ ក្នុងការអន្ទងស្នេហ៍បុរសទ្រព្យស្ដុកចូលក្នុងជីវិត។ ជាមួយនឹងការលើកឡើង នាងអះអាងថាអត់ខ្វល់រឿងទ្រព្យដូចមុនទៀត សំខាន់ឲ្យតែលោកឆឹម សក្កដា ស្រឡាញ់ និងយកចិត្តទុកដាក់ ចំពោះនាងដោយស្មោះ។
ពេជ្រ សោភា បានអះអាងថាក្រោយការទម្លាយចេញថានាង និងដៃគូស្នេហាចាប់ដៃឆ្ពោះទៅកាន់ទំនាក់ទំនង មិនធម្មតា មានការពេបជ្រាយយ៉ាងច្រើនថា នាងលេងសើចនឹងស្នេហានេះ និងមិនអាចគង់វង្សជាមួយលោកឆឹម សក្កដា បានយូរ ព្រោះតែហេតុផលលោកឆឹម សក្កដា មានតែសំបកខ្លួន។ ម្នាក់ៗបានទស្សន៍ទាយថា ស្នេហារបស់នាងនឹងមានអាយុខ្លីបំផុត នៅពេលនាងមានជម្រើស រកបានបុរសដែលពូកែយកចិត្តទុកដាក់ដូចគ្នា នឹងដៃគូចុងក្រោយ ហើយមានទ្រព្យច្រើន។ សម្ដីទាំងនេះត្រូវបានពេជ្រ សោភា ប្រកាសថាជាការមាក់ងាយ និងថាសម្បត្តិទ្រព្យលែងមានតម្លៃសម្រាប់រូបនាងទៀតហើយ បន្ទាប់ពីនាងបែកបាក់ស្នេហា២លើក។ បើទោះជាអតីតគូដណ្ដឹងរបស់នាង ជាអណិកជននៅអាមេរិក ហើយស្វាមីដែលនាងទើបតែលែងក៏ជាមន្ត្រីអន្តោប្រវេសន៍ នៅសហរដ្ឋអាមេរិក តែនាងបញ្ជាក់ប្រាប់ឋានៈ និងទ្រព្យសម្បត្តិរបស់ពួកគេ នៅតែមិនអាចចងចិត្តនាងបាន នៅពេលពួកគេមិនសូវនឹងផ្ដល់តម្លៃឲ្យខ្លួន។ នាងថាខ្លួនចាប់ផ្ដើមមើលមនុស្សទៅលើបេះដូង និងទង្វើជាជំនួស ដោយមិនខ្វល់រឿងថាបុរស ដែលនាងជ្រើសយកជាអ្នកណា ហើយមានតែខ្លួន ឬមិនមានប្រាក់កាសនោះទេ។ នាងថាពីមុននាងពិតជាគិតរឿងស្ថានភាព លុយកាក់របស់បុរសដែលជ្រើសយក ប៉ុន្តែពេលនេះនាងឈប់ខ្វល់ហើយ បើមនុស្សដែលសុំស្រឡាញ់នាងធ្វើឲ្យនាងមើលឃើញពីទង្វើកក់ក្ដៅ។ នាងពោលកោតសរសើរថាលោកឆឹម សក្កដា មានចំណុចល្អលប់ទ្រព្យ ជាពិសេសគឺការខ្វល់បារម្ភ និងក្ដីស្រឡាញ់ ដោយនាងបានចាត់ទុកថានោះជាអ្វីដែលបុរសមុនៗមិនមានឲ្យនាង។ នាងបន្តប្រកាសថាខ្លួននឹងទទួលយកទង្វើល្អរបស់លោកឆឹម សក្កដា ហើយបើទោះជាតារារូបនេះ ធ្លាប់មានប្រវត្តិអវិជ្ជមាន និងមិនមានទ្រព្យធនឲ្យនាងរំពឹង ក៏នាងទទួលយក ឲ្យតែលោកជាបុរសល្អសម្រាប់នាងបច្ចុប្បន្ន។ នាងថាលុយកាក់គឺជារឿងរកបាន ប៉ុន្តែអ្វីដែលនាងមិនអាចទិញបានគឺផ្លូវចិត្តត្រូវគ្នា និងការស្រឡាញ់ ទើបនាងឈប់ខ្វល់។ នាងទទូចកុំឲ្យមានការវាយតម្លៃពីលទ្ធផលស្នេហារបស់ខ្លួន បើទោះជាស្នេហានេះនៅមិនច្បាស់ថាឈានដល់មង្គលការដូចការគ្រោងទុក។
នៅលើគណនេយ្យផ្លូវការ លោកឆឹម សក្កដា បានប្រកាសថាលោកពិតជាមិនមែនបុរសមានទ្រព្យ តែអ្វីដែលលោកមានឲ្យតារាចម្រៀងពេជ្រ សោភា គឺទឹកចិត្ត ក្ដីបារម្ភ និងការតស៊ូ។ មកទល់ពេលនេះ លោក និងពេជ្រ សោភា កាន់តែបង្អួតភាពផ្អែមល្ហែម ដោយស្នេហារបស់អ្នក ទាំងពីមួយចំនួនក៏អបអរសាទរ ហើយមួយចំនួនក៏យល់ថាជារឿងឆាកល្ខោន ដើម្បីកន្ទ្រាក់ការចាប់អារម្មណ៍ពីសំណាក់មហាជន ជួយគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា លោកឆឹម សក្កដា គឺជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដច្រើនឆ្នាំមកហើយ ប៉ុន្តែលោកទើបតែមានឈ្មោះបោះសំឡេងរង្វង់២ឆ្នាំ ចុងក្រោយប៉ុណ្ណោះ។ តារារូបនេះត្រូវបានគេដឹងថា ធ្លាប់មានប្រវត្តិនៅក្នុងវត្ត ដែលក្រោយមកក៏ប្ដូរមករស់នៅ ក្នុងបន្ទប់តូចចង្អៀតក្នុងបុរីកីឡា ដែលមិនទាន់ជីវភាពឡូយឆាយនៅឡើយ។ តារាដែលមានស្រុកកំណើត នៅខេត្តកំពង់ចាមរូបនេះ បានសារភាពថាបើនិយាយរឿងទ្រព្យលោកគ្មាននោះទេ ប៉ុន្តែបើសំដៅដល់ទឹកចិត្ត និងជីវិតគឺលោកអាចឲ្យនាងបានគ្រប់ពេល៕
មតិយោបល់