ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌សាលាន័រតុន បង្ហាញសមាសភាពតារាល្បីៗ

នៅថ្ងៃទី២៩ កញ្ញានេះ តារាល្បីៗនៅក្នុងប្រទេសកម្ពុជានឹងរួមគ្នាច្រៀងរាំ និងកាន់ហិបរៃអង្គាសថវិកាដោយផ្ទាល់នៅបរិវេណសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដើម្បីប្រមូលថវិកា១០០ភាគរយជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាលើកទី២ក្រោមការសហការរៀបចំជាមួយនឹង«គ្រួសារតារាកម្ពុជា» បន្ទាប់ពីកម្មវិធីនេះធ្វើឡើងម្ដងហើយកាលពីឆ្នាំ២០១៦ ហើយទទួលបានថវិកាជាច្រើនពាន់ដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សមាសភាពតារាល្បីត្រូវគេឃើញមានការចូលរួមច្រើនកុះករជាងឆ្នាំមុនទៅទៀត ខណៈដែលការរៀបចំលើកនេះក៏មានការបម្រុងឆាកនៅខាងក្នុងសាលប្រសិនបើមានការរំខានដោយភ្លៀងប្រសិនបើមានការរំខាន។

នៅលើផេក«គ្រួសារតារាកម្ពុជា»ទើបនឹងបានបង្ហោះឲ្យឃើញពីសមាសភាពតារាល្បីៗដែលបានចូលរួម ដោយក្នុងចំណោមតារាល្បីប្រមាណជិត៨០រូបគឺមានតារាចម្រៀងមកពីផលិតកម្មធំៗ មានតារាកំប្លែង និងមានតារាសម្ដែងយ៉ាងច្រើនកុះករស្ម័គ្រចិត្តចូលរួម។ សមាសភាពដែលត្រូវគេចាប់អារម្មណ៍រួមមាន អ្នកនាង ពេជ្រ សោភា លោកឆន សុវណ្ណរាជ លោកនីកូ កញ្ញាអេដា កញ្ញាយូរី លោកStep កញ្ញា ឈិត សុវណ្ណបញ្ញា កញ្ញាផន ស្រីខួច លោកនៅ ស៊ីនឿន នាយចឺម កញ្ញានីរ័ត្នមកពីផលិតកម្មថោន កញ្ញាឈីន រតនៈ មកពីផលិតកម្មហង្សមាស និងតារាសិល្បៈរៀមច្បងជាច្រើនរូប។ ក្នុងនោះសមាសភាពតារាកំប្លែងក៏មានច្រើនដែរដូចជា អ្នកនាងប៉េងប៉ោង អ្នកនាងស៊ុនណារី ម៉ូនីកា កញ្ញារ៉ូលីន នាយព្រែក ក្រុមកំប្លែងយ៉េយ៉េ កញ្ញាប៉ុបពី និងកញ្ញាសុភក្រ កុសុម៉ា ជាដើម ដោយមិនទាន់រាប់បញ្ចូលតារាបង្ហាញម៉ូដល្បីៗដែលនឹងទៅបង្អួតម៉ូដប្លែកៗដើម្បីទាក់ទាញនៅលើកម្រាលព្រំដែលត្រូវត្រូវរៀបចំជាពីសផុតពីដីវែងអន្លាយ នៅកណ្ដាលបរិវេណសាកលវិទ្យាល័យនោះផង។ យ៉ាងណាមិញ មានការបញ្ជាក់ថាវត្តមានតារាសិល្បៈទាំងអស់នឹងត្រូវត្រូវបែងចែកមួយក្រុមតូចអោយច្រៀងរាំនៅថ្ងៃទី២៧ កញ្ញា ដោយមិនមែនច្រៀងរាំ និងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាត្រឹមតែមួយថ្ងៃ គឺថ្ងៃទី២៩ កញ្ញានោះទេ។

នៅក្នុងព្រឹត្តិការណ៍នោះក៏មានការតាំងពិព័រណ៌ស្នាដៃនិស្សិតគ្រប់ផ្នែក និងមានការចែកចាយនូវសៀវភៅស្ដីពីប្រាសាទសំបូរព្រៃគុហ៍ ដែលទើបតែដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូនីស្កូជូនដល់អ្នកចូលទស្សនាតន្ត្រី និងបានបរិច្ចាគថវិកាចូលដល់ហិបកម្មវិធីផងដែរ។ តារាសិល្បៈមកពីគ្រួសារតារាកម្ពុជាសុទ្ធតែបានបង្ហាញឆន្ទៈស្ម័គ្រចិត្តក្នុងកម្មវិធីនេះ ដោយរំពឹងថាសកម្មភាពចូលរួមច្រៀងរាំ ដើរម៉ូដ និងឈររៃអង្គាសប្រាក់របស់ខ្លួននឹងទទួលបានថវិកាច្រើនពាន់ដុល្លារជួយដល់មន្ទីរពេទ្យគន្ធបុប្ផាច្រើនជាងឆ្នាំមុនដែលទទួលបានត្រឹមតែជាង៤ពាន់ដុល្លារ។ កម្មវិធីនេះត្រូវបានប្រកាសថានឹងដំណើរការច្រៀងរាំពេញរយៈពេល២ថ្ងៃ គឺថ្ងៃ២៧ កញ្ញា មួយក្រុម និងថ្ងៃ២៩ កញ្ញា ជាថ្ងៃធំសម្រាប់ព្រឹត្តិការណ៍ដោយសារតែមានតារាល្បីរហូតដល់ជិត៨០រូបចូលរួម។

ក្នុងនោះអ្នកគាំទ្ររបស់តារាល្បីៗដែលមានសមាសភាពនៅក្នុងផ្ទាំងប៉ាណូក៏បានត្រៀមខ្លួនទៅចាប់ដៃផ្ទាល់ និងថតរូបផ្ទាល់ជាមួយIdol របស់ពួកគេផងដែរ ក្នុងពេលដែលព្រឹត្តិការណ៍នេះគឺជាជំនួបតារាល្បីៗយ៉ាងកម្រនៅក្នុងពិភពសិល្បៈដើម្បីជាប្រយោជន៍ដល់គន្ធបុប្ផា។

គួរបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍កម្រាលព្រំលើកទី៣ហើយ ដែលគ្រួសារតារាកម្ពុជាធ្វើឡើងដើម្បីគៀរគរតារាសិល្បៈល្បីៗអោយចូលរួមរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា តែលើកទី២ដែលក្រុមតារាសិល្បៈមួយនេះបានធ្វើជាមួយសាកលវិទ្យាល័យន័រតុន ដែលមាននិស្សិតពេទ្យរបស់សាកលវិទ្យាល័យជាអ្នកផ្ដួចផ្ដើម។

ព្រឹត្តិការណ៍រៃអង្គាសដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ និង២៩ កញ្ញានេះ ត្រូវបានប្រកាសថារាល់ចំណូលដែលទទួលបានពីការតាំងស្ដង់របស់និស្សិត ការលក់ដូរផ្សេងៗ និងថវិការៃអង្គាសក្នុងហិបជាដើម គឺមិនត្រូវបានទូទាត់ជាមួយការចំណាយលើឆាក ភ្លើង និងពីសនោះទេ ដើម្បីអោយថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាមានច្រើនលើសពីព្រឹត្តិការណ៍ឆ្នាំមុនដែលរំខានដោយភ្លៀង៕

មតិយោបល់