ព័ត៌មានជាតិ

ស្ត្រីជនជាតិវៀតណាម ដេកស្លាប់ក្នុងបន្ទប់កាស៊ីណូ ឡាក់គី រ៉ូបប៊ី

ស្វាយរៀង: ស្ត្រីជនជាតិវៀតណាម ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់កាស៊ីណូ ឡាក់គី រ៉ូបប៊ី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវនិងបុគ្គលិក នាំគ្នារាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅក្នុងបន្ទប់លេខ៤៣៩ ក្នុងកាស៊ីណូឡាក់គី រ៉ូបប៊ី ខាងជើងច្រកទ្វាព្រំដែនអន្តរជាតិព្រៃវ័ល្ល ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅភូមិអូ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ទាក់ទិន្នករណីជនជាតិវៀតណាមស្លាប់ក្នុងបន្ទប់កាស៊ីណូនេះដែរ សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ត្រឹង ធីធូន ភេទស្រី អាយុ៤០ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅសង្កាត់លេខ២ ក្រុងតឹងអាន ខេត្តឡុងអាន ប្រទេសវៀតណាម។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះបានចូលមកលេងល្បែងក្នុងកាស៊ីណូឡាក់គី រ៉ូបប៊ី ព្រៃវ័ល្ល អស់រយ:ពេល២យប់៣ថ្ងៃមកហើយ គឺចូលមកចាប់តាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ ហើយបានលេងល្បែងចាញ់រាល់ថ្ងៃ អស់ប្រាក់ប្រមាណជិត១០០លានដុង ស្មើនឹងជាង៥ពាន់ដុល្លារ។ លុះនៅថ្ងៃទី២៧ ខែធ្នូ ដោយប្លែកមិនឃើញជនរងគ្រោះចុះពីបន្ទប់មកលេងល្បែងដូចរាល់ថ្ងៃ រហូតដល់ម៉ោង៦ល្ងាច ទើបបុគ្គលិកក្នុងកាស៊ីណូខាងលើ បានឡើងទៅមើលក្នុងបន្ទប់លេខ៤៣៩ដែលជនរងគ្រោះស្នាក់នៅ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់បាត់ទៅហើយ។

បើតាមបុគ្គលិកកាស៊ីណូបានឲ្យដឹងថា ស្ត្រីខាងលើបានចូលមកលេងល្បែង៣ថ្ងៃមកហើយ ប៉ុន្តែមិនដឹងថាជនរងគ្រោះចាញ់អស់ប្រាក់ ប៉ុន្មាននោះទេ គ្រាន់តែដឹងថាចាញ់អស់ច្រើន ដោយសារច្បាប់និងលក្ខខណ្ឌរបស់កាស៊ីណូ ឡាក់គី រ៉ូបប៊ី លុះត្រាតែភ្ញៀវណា លេងធំ មានប្រាក់ច្រើនចាប់ពីរ ហុកសិបលានដុង ឬស្មើ៣ពាន់ដុល្លារ ឡើងទៅទើបថៅកែរ ប្រើបន្ទប់ឲ្យស្នាក់នៅ ត្រឹម២យប់ ឬសម្រាកពេលថ្ងៃ បានន័យថា ជាម៉ូយប្រចាំ ហើយអ្នកលេងដៃធំទូលាយ ។

ជាជំហ៊ានដំបូង ត្រូវបានមហាជនដាក់ការសង្ស័យថា ស្រ្តីរងគ្រោះអាចនឹងចាញ់ល្បែងអស់ប្រាក់ច្រើនពេក ក៏ធ្វើអត្តឃាដ ឬដោយសារតែចាញ់ល្បែងអស់ប្រាក់ច្រើនពេក ពិបាកចិត្តធ្វើឲ្យខ្យល់គ គាំងបេះដូងស្លាប់បែបនេះ ។ តែម្តងម្យ៉ាងស្ត្រីរងគ្រោះធ្លាប់មានប្រវត្តិឈឺរ៉ាំរ៉ៃផងដែរ។

ក្រោយពីមានសេចក្ដីរាយការណ៍ពីបុគ្គលិកកាស៊ីណូ ថាមានមនុស្សស្លាប់ក្នុងបន្ទប់ រួចមក ទើបសមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍ជូនលោកស្នងការដ្ឋាននគបាលខេត្ត លោកស្នងការក៏បានបញ្ជាឲ្យលោកនាយការិយាល័យនគរបាលបច្ចេកទេសស្នងការដ្ឋានខេត្តដឹកនាំ កម្លាំងសហការជាមួយលោក វេជ្ជបណ្ឌិត នៃមន្ទីរពេទ្យខេត្ត ចុះមកពិនិត្យសាកសព។

លទ្ធផលឃើញថា ជនរងគ្រោះអាចស្លាប់ក្នុងអំឡុងម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៦ ប៉ុន្តែមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ថាជាអំពើរឃាតកម្ម ឬជាការធ្វើអត្តឃាតអ្វីនោះទេ ពោលគឺស្លាប់ដោយសារខ្យល់គរខណ:ជនរងគ្រោះធ្លាប់មានជំងឺសួតរ៉ាំរ៉ៃ យូឆ្នាំមកហើយ។

ក្រោយពិនិត្យសាកសពរួច នៅថ្ងៃទី២៨ ខែធ្នូ វេលាម៉ោង៩ព្រឹក សមត្ថិច្ចនគរបាលខេត្តស្វាយរៀង បាន ប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯប្រទេសវៀតណាមដែលជាស្រុកកំណើតវិញ៕

មតិយោបល់