ព័ត៌មានសិល្បៈ និងកម្សាន្ត

តួៗក្នុងរឿង «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» នឹងចុះសួរសុខទុក្ខ​កុមារ​រងគ្រោះដោយជណ្តើរយន្ត

ភ្នំពេញៈ កាលពីវេលាម៉ោង​៦ និង​០៥នាទី ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ កុមារា ថុល សុនី អាយុ ៨​ឆ្នាំ បានរងគ្រោះ​ដោយជណ្តើរ​យន្តផ្សារទំនើប​ស្ទឹងមានជ័យថ្មី បណ្តាល​ឲ្យបាក់ជើង​ឆ្វេង កំពុងសម្រាកនៅមន្ទីរពេទ្យកុមារ​ជាតិ ខណៈដែលគ្មានសាច់ញាតិចូល​ទៅមើលថែទាំនោះទេ។​
បើតាមអ្នកដែលយកកូនទៅព្យាបាលក្នុងមន្ទីរពេទ្យកុមារ​ជាតិ បានបញ្ជាក់ថា ឪពុកម្តាយរបស់គាត់ នៅព្រៃវែង ហើយអាអូននេះ មកសូមទាន និង​ដើរ​អនាថា នៅភ្នំពេញ​ ហើយពេលនេះ​ឪពុកម្តាយអត់ដឹង ខណៈដែល វាអត់និយាយអីសោះ ត្រឹមតែដេកលើគ្រែ មិនមាត់មិនក​។​

ករណីនេះបានធ្វើឲ្យ​លោក ឈុន សុវណ្ណភក្តី ចាងហ្វាង​ផលិតកម្ម BKS ដែលបានឃើញហេតុការណ៍នេះផ្ទាល់ មានក្តីអាណិត​អាសូរ​យ៉ាងខ្លាំង ចំពោះកុមារ​រងគ្រោះនេះ នឹងកំពុងកៀងគរ សិល្បៈករ ដើម្បីចូលទៅសួរសុខទុក្ខ ដល់កុមារ​ដ៏កំសត់មួយនេះ​។​

លោក ឈុន សុវណ្ណភក្តីថា «នៅល្ងាចនេះ ខ្ញុំនឹងចុះទៅសួរ​សុខទុក្ខដល់កុមារារងគ្រោះ​ បន្ទាប់ពីខ្ញុំឃើញហេតុការណ៍នេះ ផ្ទាល់ភ្នែក កាលពីរាត្រីយប់មិញ ខ្ញុំពិតជាក្តុកក្តួលក្នុង​ចិត្តពន់ពេក » ។ លោក​ថា លោកនឹង​នាំតួៗរៃ​អង្គាស់​ថវិកាពីតារា ក្នុងភាពយន្ត​ រឿង «អាស្ទើរទឹកប៉ះខ្មោចបែកស្លុយ» មាន​ នាយចឺម នាយគ្រឿន នាងខ្ញុង កញ្ញាពៅ លីដា និងតារាប្រុសស្រី​ជាច្រើនទៀត ដើម្បីជួយដល់ក្មេងមួយនេះ ។ ក្រៅពីនេះថវិកា របស់តួ​ៗ ខាង BKS ក៏មានកញ្ចប់​ថវិកា ក៏ដូចជា​អំណោយ​ផ្ទាល់ខ្លួន ចុះ ទៅសួរសុខទុក្ខផងដែរ ។​

លោក ក៏បានអំពាវនាវ ទៅកាន់ទស្សនិកជន ឬ សិល្បៈករ សិល្បៈការិនី បើចង់ជួយ អាច​ធ្វើការ​ខលតាមរយៈលេ​ខរបស់លោក ផ្ទាល់ ០១០ ៥៨៨ ៤៧៦ ។​
បញ្ជាក់ផងដែរ ករណី រងគ្រោះដោយជណ្តើរយន្តនេះ គឺជាលើកទី​២ ហើយសម្រាប់​ខែ ធ្នូ ចុងឆ្នាំ​២០១៦ ដោយករណីទី​១ កើតឡើងនៅ ថ្ងៃទី​២១ ធ្នូ នៅ​អូឡាំពិក​៕​



មតិយោបល់