ខណៈដែលតារាភាគច្រើនសប្បាយក្អាកក្អាយនឹងឱកាសចេញច្រៀង និងសម្ដែងកើបលុយនៅអំឡុង៣ថ្ងៃឆ្លងឆ្នាំ និងបុណ្យចូលឆ្នាំសកល តារាម៉ូដែលនាងទឹម រដ្ឋា បែរជាត្រូវរែកទុកព្រោះតែរឿងជីដូនបង្កើតទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ធ្នូ។ បន្ថែមពីលើទម្ងន់ទុក្ខនេះ នាងក៏អះអាងថាជ្រុះបាត់លុយមិនក្រោមពាន់ដុល្លារស្របគ្នាផងដែរ។
តារាសិល្បៈជាច្រើនបានបង្ហាញការសោកស្ដាយបន្ទាប់ពីតារាសម្ដែងទឹម រដ្ឋា ត្រូវជួបវិបត្តិធ្ងន់រឿងជីដូនស្លាប់ចំថ្ងៃបំណាច់ឆ្នាំ ដែលជាពេលវេលាសប្បាយរីករាយរបស់មនុស្សនៅទូទាំង ពិភពលោកសម្រាប់បុណ្យឆ្លងឆ្នាំ និង បុណ្យចូលឆ្នាំសកល។ ជីដូនរបស់នាង ដែលទទួលអនិច្ចកម្មកាលពីថ្ងៃទី២៩ ធ្នូ ត្រូវបានប្រកាសថាឈ្មោះ ផាន់ អ៊ឹម និងស្លាប់ក្នុងអាយុ៧៧ឆ្នាំ ទើបជាហេតុបណ្ដាលអោយនាងយំសោកចំពេលវេលាដែលម្នាក់ៗសុទ្ធតែសប្បាយរីករាយយករាសីឆ្នាំថ្មី។ តារាសិល្បៈជាច្រើនដែលបានចូលរួមរំលែកទុក្ខនាងដល់កន្លែងតម្កល់សពជីដូន បានអះអាងថាទឹម រដ្ឋា ត្រូវបង្ខំចិត្តបោះចោលគម្រោងច្រៀងរាំទាំងអស់ពីការអញ្ជើញរបស់បណ្ដាទូរទស្សន៍ និងក្រុមហ៊ុននានាស្ទើរទាំងអស់តាំងពីថ្ងៃទី៣០ ធ្នូ រហូតដល់ថ្ងៃទី១មករា ដោយសារតែមិនអាចទៅលោតកញ្ឆេងច្រៀងរាំដូចគ្នានឹងតារាល្បីឈ្មោះជាច្រើនផ្សេងទៀតបាន។
យ៉ាងណាមិញនាងក៏បានបង្ហាញខ្លួនច្រៀងរាំក្នុងកម្មវិធីមួយ កាលពីថ្ងៃឆ្លងឆ្នាំដោយសារតែនាងមិនអាចគេចបានព្រោះតែខាងស្ពុនស័រទទូចអោយជួយ ព្រោះតែរកអ្នកជំនួសមិនបាននោះផងដែរ ទើបគេឃើញនាងញញឹម និងរំាគ្រលែងមិនខុសពីមនុស្សមានទុក។ នាងសម្រេចចិត្តទម្លាក់ចោលការងារសិល្បៈដែលអាចសុំបាន ដើម្បីរៀបចំចាត់ចែងក្នុងពិធីបុណ្យជីដូន ដោយការងារទាំងនោះត្រូវគេដឹងថាឆក់បានចំណូលមិនក្រោមពាន់ដុល្លារ។ នោះមិនទាន់រាប់បញ្ចូលនូវការផ្ដល់ប្រាក់ធីប និង កាដូដែលនាងរមែងទទួលពីការបង្ហាញខ្លួនច្រៀងរាំនៅអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកលនោះផង។ នាងនឹងអាចព្យួរចោលការងារច្រៀងរាំដោយមិនកំណត់ពេលបន្ថែមទៀត ដរាបណានាងមិនទាន់អាចសម្រួលផ្លូវចិត្តអោយសប្បាយដើម្បីទទួលច្រៀងរាំលើឆាកតន្ត្រីបាន។
ទឹម រដ្ឋា បានអះអាងថាជីដូនទទួលមរណភាពចំថ្ងៃដាច់ឆ្នាំពិតជាធ្វើអោយនាងលុបចោលគម្រោងច្រៀងរាំដែលបានទទួលយូរមកហើយអស់ច្រើន ដែលមិនខុសពីជ្រុះលុយបាត់ក្នុងឱកាសកើបប្រាក់។ អ្វីដែលនាងសប្បាយចិត្តគឺនាងខាងម្ចាស់កម្មវិធីជាច្រើនមានការយោគយល់ ដោយមិនចាប់ទោសអូសដំណើរចំពោះនាងនោះទេ ដែលផ្ទុយពីតារាខ្លះបើសុំដកខ្លួនឆៅៗបែបនោះគឺនឹងធ្វើអោយម្ចាស់កម្មវិធីកំណត់អោយសងព្រោះតែប៉ះពាល់ដល់ដំណើរការកម្មវិធីជាដើម។ នាងថាមិនសោកស្ដាយទេ បើទោះជាជីដូនទទួលមរណភាពចំអំឡុឆ្លងឆ្នាំ ដែលធ្វើអោយនាងបាត់ចំណូលដែលត្រូវបាន ហើយថែមទាំងត្រូវចំណាយរឿងបុណ្យសពថែមទៀត។ នាងថាលុយជារឿងសំខាន់ តែបើមិនបានបំពេញកិច្ចធ្វើបុណ្យជីដូនអោយចប់ចុងចប់ដើម នោះនាងក៏មិនសប្បាយនោះដែរ ទើបនាងសម្រេចចិត្តទម្លាក់ចោល៕
មតិយោបល់