ភ្នំពេញ: កាលពីយប់ថ្ងៃទី៥ ខែឧសភា តារាសម្ដែង និងជាតារាចម្រៀងវ័យក្មេងលោក គឹមសាន ដែលអ្នកណាក៏ស្គាល់ថា ជាប្អូនប្រុសពៅរបស់កញ្ញាស្រស់សោភា និងស៊ិចស៊ីជាងគេនៅលើបណ្ដាញហ្វេសប៊ុក គឺកញ្ញា ដេនី ក្វាន់ បានប្រារព្ធពិធីខួបកំណើតយ៉ាងអឹកអធឹកនៅហាងវីហ្វេ្រ ម្តុំផ្សារដេប៉ូ។ ក្នុងពិធីនេះ គេកត់សម្គាល់ថាម្ចាស់ខួបកំណើត និងបងៗស្រីទាំង៣នៅក្នុងត្រកូលខ្វាន់លែងអស់ទាស់តែម្ដង ជាមួយនឹងសំលៀកបំពាក់តម្លៃថ្លៃ និងប្លែកភ្នែកមិនធ្លាប់មាន។
លោក គឹមសាន ម្ចាស់ខួបកំណើតបានអះអាងថា ដោយសារតែចង់ឲ្យមានភាពទាក់ទាញ និងប្លែកភ្នែក គ្រួសាររបស់លោកបានកុម្ម៉ង់ឈុតក្នុងរឿងព្រះនាងព្រិល-ស មកពីប្រទេសបារាំងយកមកប្រើនៅក្នុងពិធីខួបកំណើតតែម្ដង ដោយសំលៀកបំពាក់ដែលដូចគ្នាបេះបិតក្នុងរឿងព្រេងនិទានតុក្កតារបស់បស្ចឹមប្រទេសនេះ មានតម្លៃប្រមាណជិត៥ពាន់ដុល្លារ។
លោកថាសំលៀកបំពាក់ព្រះអង្គម្ចាស់ របស់លោក បូករួមទាំងម្កុដ និងស្បែកជើងមានតម្លៃជាង៣ពាន់ដុល្លារ ខណៈដែលសំលៀកបំពាក់ព្រះនាងព្រិល-សរបស់ដេនីក្វាន់មានតម្លៃជាង១ពាន់ដុល្លារ និងសំលៀករបស់បងស្រី២រូបទៀត ដែលត្រូវតុបតែងឲ្យដូចនឹងតុក្កតាក្នុងរឿងព្រះនាងព្រិល-ស ដែរនោះក៏មានតម្លៃក្នុងមួយរ៉ូបជិត១ពាន់ដុល្លារ។
គោលបំណងដែលគ្រួសាររបស់លោក ហ៊ានកុម្ម៉ង់កាត់សំលៀកបំពាក់ ឲ្យដូចក្នុងរឿងព្រេងនិទានតុក្កតារឿងព្រះនាងព្រិល-ស ដល់ហាងល្បីឈ្មោះមួយនៅក្នុងប្រទេសបារាំងនេះ គឺដោយសារតែលោក និងបងស្រី មិនចង់តុបតែងសាមញ្ញៗ ដដែលៗដូចគ្នា នឹងម្ចាស់ខួបកំណើតទាំងឡាយ និងដើម្បីឲ្យមានការចាប់អារម្មណ៍តែម្ដង។
នៅក្នុងពិធីខួបកំណើតនាយប់នោះ គេកត់សម្គាល់ថាលោកគឹមសាន និងកញ្ញាដេនីក្វាន់ ដែលជាតារាចាប់ផ្ដើមលេចធ្លោក្នុងវិស័យភាពយន្ត និងសម្ដែង MV បានទទួលបានភាពលេចធ្លោជាងគេ ជាមួយនឹងសំលៀកបំពាក់ជាព្រះអង្គម្ចាស់ និងព្រះនាងព្រិល-ស ដែលមិនធ្លាប់មានម្ចាស់ខួបកំណើតនៅក្នុងពិភពសិល្បៈហ៊ានចំណាយ។
ពិធីនោះគេឃើញមានតារាសិល្បៈចូលរួមយ៉ាងច្រើនកុះករ ដោយភាពស៊ិចស៊ីរបស់ស្រីស្អាតត្រកូលក្វាន់ រឹតតែធ្វើឲ្យក្រសែភ្នែកមហាជន និងតារាសិល្បៈចាប់អារម្មណ៍ថែមទៀត៕
មតិយោបល់