មិនត្រឹមតែនៅលើហ្វេសប៊ុកប៉ុណ្ណោះទេ ក្នុងជំនួបដោយផ្ទាល់ក្នុងវេទិកាបន្តផ្ទាល់នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏ពិធីសំបូរពុកមាត់លោកហេរ៉ូ បានព្រមានខ្លាំងដល់អ្នកប្រដាល់ និងអ្នកគាំទ្រផ្គាប់មុខក្នុងវិស័យប្រដាល់ផងដែរ។ លោកបានប្រើពាក្យកាន់តែធ្ងន់ក្រោយពីមានអ្នកលេងហ្វេប៊ុកច្រើនឡើងវាយប្រហារថាលោកក៏ស្ថិតក្នុងក្រុមដែលស៊ីសំណូកស៊ូកប៉ាន់កីឡា។
លោកហេរ៉ូបានប្រកាសដាក់ក្បាលមេក្រូកាលពីថ្ងៃអាទិត្យទី១២ មីនា ថាលោកមានការហួសចិត្តយ៉ាងខ្លាំងដែលអ្នកប្រដាល់ខ្មែរមួយចំនួនមិនបើកចិត្តទទួលស្គាល់នូវការបរាជ័យរបស់ខ្លួន ហើយបន្តសាយភាយថាអ្នកកាត់ក្ដីមិនយុត្តិធម៌ នៅពេលគណកម្មការប្រដាល់នៅទូរទស្សន៍អាស៊ីអាគ្នេយ៍កំណត់អោយចាញ់កីឡាករថៃនាពេលកន្លងមក។ លោកថារៀនមើលខ្លួនឯង ហើយកុំចេះតែមោទនភាពនឹងជ័យជម្នះរបស់ខ្លួនកន្លងមកខ្លាំងពេក ដើម្បីកុំអោយនៅពេលគេអោយចាញ់ក៏មានអារម្មណ៍ក្ដៅក្រហាយ។ លោកថាក្នុងនាមជាអ្នកប្រដាល់រៀនបើកចិត្តអោយទូលាយ និងរៀនវិភាគអោយស៊ីជម្រៅ ថាហេតុផលដែលខ្លួនបរាជ័យបណ្ដាលមកពីបញ្ហាអ្វី មិនមែនសម្អាងថាខ្លួនល្បីឈ្មោះ និងខ្លាំង អោយតែវាយចប់អោយចាញ់ ក៏ដើរស្រែកថាអយុត្តិធម៌នោះទេ។ លោកថាកីឡាករដែលមានចរឹតបែបហ្នឹង គឺជាកីឡាករដែលអំណួតមិនស្គាល់ថាខ្លួនធ្លាក់ដៃ និងជាកីឡាករដែលមិនអោយមហាជនគាំទ្រនោះទេ ដោយសារតែខ្លួនឯងមិនប្រឹងពង្រឹងសមត្ថភាពអោយខ្លាំង បែរជាគិតតែដើរស្រែកថាខ្លួនមិនសមចាញ់ៗ ធ្វើអោយអាប់អោនដល់វិស័យប្រដាល់។
ក្នុងវេទិកាដំឡើងសរសៃកររិះគន់ធ្ងន់ៗដល់អ្នកប្រដាល់នោះ លោកហេរ៉ូ ក៏ប្រើមេក្រូដដែលវាយប្រហារធ្ងន់ៗចំពោះអ្នកភ្នាល់ប្រដាល់ដែលតែងតែបង្កព្យុះភ្លៀងធ្វើអោយការប្រដាល់នីមួយៗត្រូវបានលាបពណ៌ផងដែរ។ លោកថាបើអស់លោកស្រឡាញ់កីឡាពិតប្រាកដ អស់លោកមិនត្រូវលាបពណ៌លទ្ធផល ដោយអោយតែកីឡាករណាមួយដែលអស់លោកភ្នាល់ចាញ់ អស់លោកស្រែកថាអយុត្តិធម៌នោះទេ។ លោកថាអ្នកភ្នាល់ដែលមានចរឹតបែបនោះ គឺជាអ្នកជាន់ពន្លិចកីឡា និងគួរតែប្ដូរឥរិយាបទឡើងវិញ ដើម្បីកុំអោយកីឡាករបន្តនូវអំនួត។ លោកនិយាយថា«ខ្លួនឯងកីឡាករគួរដឹងផង កុំគ្រានតែអ្នកភ្នាល់និយាយថា អ្ហែងវាយប៉ុណ្ណឹងដែរ មិចអោយចាញ់ ក៏លោតហើយអត់ទទួលស្គាល់សមត្ថភាពខ្លួនឯង រៀនមើលខ្លួនឯងផង កុំចេះតែចឹង!»។ ជាមួយនឹងការរិះគន់របស់លោកត្រូវបានអ្នកស្ដាប់ទះដៃក្រោយពេលនិយាយចប់ ខណៈដែលលោកប្រកាសថាហេតុផលដែលលោកឡើងកំដៅដល់ម្លឹង គឺបណ្ដាលមកពីអ្នកភ្នាល់ និងអ្នកគាំទ្រផ្កាប់មុខមួយចំនួនវាយប្រហារចំពោះលោក ដែលជាពិធីករប្រដាល់ផងថា បានរួមចំណែកគាំទ្រលទ្ធផលមិនប្រក្រតី៕
មតិយោបល់