ព័ត៌មានសិល្បៈ និងកម្សាន្ត

សាន ផានិត ផ្តល់មតិសំខាន់​ៗ ក្រោយ​ យក់ ឋិតរដ្ឋា ចេញពីហង្សមាស​

តារាចម្រៀង ជើងចាស់ លោក​ សាន ផានិត កាលរាត្រីថ្ងៃទី​៧ ខែកុម្ភ: ឆ្នាំ​២០១៧ បានធ្វើការ​ផ្តល់មតិ​សំខាន់ៗ ជូនដល់ យក់ ឋិតរដ្ឋា តាមរយ: Post Komsan ក្រោយនាងចាកចេញពីហង្សមាស ។
ខាងក្រោមនេះ​គឺជាមតិ ឬអនុសាសន៍ ដែល សាន ផានិត បានផ្តល់ឲ្យ តារាចម្រៀង​ស្រីខាងលើ និងក្រុមហ៊ុន ៖

និយាយពីដំណោះស្រាយ ក្នុងនាមខ្ញុំ​យល់ពី​អារម្មណ៍​តារាល្បី ដើម្បី​ឲ្យល្អ​ទាំងសង្ខាង សម្រាប់ផលិតកម្ម និងយក់ ឋិតរដ្ឋា ខ្ញុំគិតថា នាងមិនគួរដាក់ពាក្យឈប់នោះទេ តែសម្រាប់កុងត្រាបន្តយើងត្រូវ​និយាយមុន គួរដាក់ពាក្យស្នើរសុំ ដោយ​ត្រូវ​ជា​តួសំខាន់១ក្នុងចំណោម តួល្បីសម្រាប់គម្រោងផលិត និងទីផ្សារ​ ឬ​អ៊ីវិន ​ផ្សេង​ៗ​សម្រាប់រកលុយ ដូចជា ខនសឺត ស្ពតពាណិជ្ជកម្ម ។​

លោកថា សម្រាប់កុងត្រាបន្តនោះ យក់ ឋិត​រដ្ឋា ត្រូវ​ស្នើរដោយ មិនត្រូវធ្វើជា​តួបំរុងទេ ហើយបើគាត់​ទាមទារ​ចំណុច​មួយនេះ បានគាត់ នឹងមិនមានបញ្ហាផ្លូវចិត្តឡើយ ។ បើក្រុមហ៊ុន អូខេ​ត្រង់ចំណុចហ្នឹង នោះក្រុមហ៊ុននឹងផ្តោត​លើការរៀបចំបទចម្រៀង ផ្តល់ឲ្យបទសំខាន់ ក្នុងអាលប៊ុម និងប្រូម៉ូត​លើទូរទស្សន៍។​

លោកថាចំណុច​អវិជ្ជមានវិញ បើទាមទារចំណុចនេះ មិនបានទេ វានឹងមិនល្អទាំងក្រុមហ៊ុន និងតួ។ លោកបន្តទៀតថា កាលពីដើម យក់ ឋិតរដ្ឋា ស្ថិតក្នុងកំពូល​តារា ដោយល្បី​ជាង អាញ្ញា(ឱក សុគន្ធកញ្ញា) បើទោះបីជា​មិនមានសម្រស់ស្អាត​ជាង អាញ្ញា និងមានកូន តែបើក្រុមហ៊ុន មានចិត្ត នៅតែមានវិធី​ធ្វើឲ្យតួនេះល្បីដដែល​។

លោកបន្តថា សម្រាប់លោកវិញ គឺលោកត្រូវ​ទាមទារចំណុចខាងលើ នេះ​ជាដាច់ខាត បើទោះបីជា​ខាងផលិតកម្ម​គិតថា យើងមោទនភាពបន្តិច តែ​រិត​តែ​ធ្វើឲ្យយើង​តស៊ូ ដោយ​ឈរលើគោលការណ៍ ខ្លួន ផលិត​នូវ​អ្វីសម្រាប់ខ្លួនឯង ក្នុងវិថីសិល្ប:​។​

លោកថា ចំណុចល្អបំផុត សម្រាប់ក្រុមហ៊ុន គួរតែធ្វើ Rotation (ឆ្លាស់វេន) ឲ្យច្បាស់លាស់ ដោយក្នុងមួយឆ្នាំមានប៉ុន្មាន ត្រីមាស ឬជ្រុង ដោយរដូវកាលនេះត្រូវចេញ អ្នកចម្រៀងល្បីកំពូល ដោយ​អ្នកចម្រៀងហ្នឹង​នៅមួយជ្រុងណា ដោយឱកាស​តែ ១ត្រីមាសទេ គឺចាប់ពី​ខែ ១ដល់ខែ ៣ ។​ ម្យ៉ាងវិញទៀត នៅសល់​ ត្រីមាសផ្សេង​ទៀត ត្រូវ​ទុក​ឱកាស​ឲ្យក្រុម Pop ក្រុម Rock ផ្នែកចម្រៀងR&B ជាដើម​ មានលក្ខខណ:ឲ្យវាវិលជុំ មួយឆ្នាំចុះឡើង ទៅវានឹងមាន​​សន្តិភាព ។​បើឲ្យតែ​តារាម្នាក់ ច្រៀងគ្រប់រស់ជាតិនោះ ច្បាស់ណាស់ នឹង​ធ្វើឲ្យមានសង្គ្រាមកើតឡើង ក្នុងក្រុមហ៊ុនជាមិនខាន។
ការផ្តល់នូវ​អនុសាសន៍នេះ លោក សាន ផានិតថា មិនមែន​តែសម្រាប់​ហង្សមាសទេ សម្រាប់ផលិតកម្មដទៃ គួរតែ​ចាត់ចែង​បែបនេះទៅ ទើបធ្វើឲ្យតារា​ជ្រកក្រោមដំបូលខ្លួនអាច​រស់បាន។

បញ្ជាក់ផងដែរថា ​ម្សិលមិញនេះដែរ លិខិត​សូមឈប់ របស់ យក់ ឋិត​រដ្ឋា បានធ្លាយ​ចេញ នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាត ដែលធ្វើឲ្យទស្សនិក គាំទ្រនាង​មានអារម្មណ៍មិនសប្បាយចិត្តជួសនាង ៕​

មតិយោបល់