ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង អៀ ម៉េងលិ ឡើងផ្ទះ២៣ម៉ឺនដុល្លារ ក្រោយធ្វើថៅកែអង្ករ

ខណៈដែលទីផ្សារឡើងកូដនៅក្នុងវិថីសិល្បៈ តារាសម្ដែងស៊ិចស៊ីនាង អៀ ម៉េងលិ ដែលក្នុងសិល្បៈហៅថាអាម៉ី បានធ្វើពិធីឡើងផ្ទះតម្លៃ២៣ម៉ឺនដុល្លារ យ៉ាងអធឹកអធម នៅបុរីពិភពថ្មីផ្សារត្រពាំងថ្លឹង កាលពីយប់ថ្ងៃទី១២ មករា បន្ទាប់ពីនាងទើបតែត្រូវដឹងថា បានបោះទុនច្រើនម៉ឺនដុល្លារ ធ្វើជាថៅកែលក់អង្ករ។ យ៉ាងណាមិញ សន្ទុះឈានឡើងរបស់នាង មិនត្រូវគេចោទថាជាកាដូ របស់ប្រុសស្នេហ៍ណាម្នាក់នោះទេ ដោយសារតែគ្រួសារនាងមានជីវភាពមិនធម្មតា។

អៀ ម៉េងលិ និយាយថាក្រោយពីបានបោះទុនធ្វើជាអ្នកបោះដុំអង្ករ ដោយមានទីផ្សារលក់ចេញទូលំទូលាយស្ទើរគ្រប់ខេត្តក្រុង អង្កររបស់នាងក៏បាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ដោយសារតែគ្រួសាររបស់នាងបើកជំនួញបោះដុំអង្ករបែបនេះ យូរឆ្នាំមកហើយ។ នាងថាខ្លួនទើបតែបានបែកហ៊ុនហើយបើកក្រុមហ៊ុនផ្ទាល់ខ្លួន ប្រមាណជាកន្លះឆ្នាំចុងក្រោយប៉ុណ្ណោះ ប៉ុន្តែមានភាពកាក់កប ទើបនាងមិនសូវទទួលសម្ដែងច្រើន ដោយងាកមកនឹងអាជីពបោះដុំអង្ករច្រើនជាង។ នាងជាសិស្សផ្នែករបាំបុរាណនៅសាលាភូមិន្ទវិចិត្រសិល្បៈ ប៉ុន្តែនាងថាដោយសារតែការស្រឡាញ់ភាពស៊ីវិល័យ ទើបនាងទទួលសម្ដែងតែជាតួឆ្នាស់ឆ្នើម ហើយក៏ចូលចិត្តតែងខ្លួនស៊ិចស៊ី។ នាងនឹងបន្តការសម្ដែង ប៉ុន្តែមិនទទួលខ្លាំងក្លានោះទេ ដោយសារតែនាងត្រូវការ ពេលវេលាពង្រឹងមុខជំនួញលក់អង្ករ ហើយក៏ត្រូវគិតគូ មុខជំនួញលក់គុយទាវបន្ថែមមួយមុខទៀត។

ងាកមកកាន់ផ្ទះថ្មីដែលនាងបានឡើងនោះវិញ កញ្ញាអៀ ម៉េងលិ បញ្ជាក់ថាផ្ទះនោះមានតម្លៃ២៣ម៉ឺនដុល្លារ តែមិនមែនជាញើសឈាម របស់នាងទាំងស្រុងទេ គឺនាងគ្រាន់តែរួមចំណែកតិចតួចប៉ុណ្ណោះ ចំណែកលុយធំគឺជារបស់ឪពុកម្ដាយ។ នាងថាផ្ទះថ្មីនេះ នឹងក្លាយជាទីតាំងបោះដុំអង្ករ ទ្រង់ទ្រាយផ្ទាល់ខ្លួន ខណៈដែលនាងក៏នាងចំណាយលុយកាក់ស្វែងរកទីតាំងមួយ ឬ២បន្ថែមទៀតធ្វើ ជាសាខាចែកចាយអង្ករ អោយបានទូលំទូលាយ។ ក្នុងពិធីឡើងផ្ទះរបស់នាង តារាសិល្បៈមិនច្រើននោះទេ បានបង្ហាញខ្លួនចូលរួម ដោយនាងនិយាយថាមានទំនាក់ទំនងជាមួយតារាច្រើននាក់ ប៉ុន្តែមកពីនាងមិនចង់រំខានតារាច្រើននាក់ ទើបមានតារាសិល្បៈមិនច្រើនត្រូវបានអញ្ជើញ៕

https://www.youtube.com/watch?v=dOAv6TGOjw4&feature=youtu.be

មតិយោបល់