ព័ត៌មានសិល្បៈ និងកម្សាន្ត

សាវិន ហ្វីលីព ម្នាក់ទៀតហើយ ត្រូវផលិតករបោក

បន្ទាប់ពីលោកចារ រិទ្ធី ទម្លាយរឿងផលិតករដែលផលិតរឿងភាគមួយចំនួនអោយCTN បោកលុយ លោកសាវិន ហ្វីលីព ឯណេះវិញក៍ បានទម្លាយថា លោកក៍ត្រូវផលិតករដដែលនោះ បោកមិនអោយលុយក្រោយពេលសម្ដែងចប់ច្រើនខែដូចគ្នាផងដែរ។ លោកថាជារឿងសង្វេគ ដែលតារាសម្ដែងខ្មែរ ទទួលបានតម្លៃខ្លួនថោកៗ មិនសមនឹងការចំណាយលើខោអាវ លើសោហ៊ុយធ្វើដំណើរ និងការតុបតែងខ្លួន ប៉ុន្តែចុងក្រោយថតចប់មិនបានលុយទៀត។

ការលើកឡើងរបស់លោក សាវិន ហ្វីលីព ធ្វើអោយមានការចាប់អារម្មណ៍រឹតតែខ្លាំង បន្ទាប់ពីលោក ចារ រិទ្ធី ដែលជាតារាជើងចាស់ផ្ទុះដំណឹងត្រូវផលិតករបោក ដោយមិនផ្ដល់តម្លៃសម្ដែងដល់លោក១៥០០ដុល្លារ ក្រោយសម្ដែងចប់កន្លះឆ្នាំមកទល់ពេលនេះ។ កន្លងមកគេឮតែផលិតករបោកលុយតារាថ្មីប៉ុណ្ណោះ ទើបការទម្លាយពីរឿងផលិតករហ៊ានបោកតារាល្បី គឺជាប្រធានបទមួយក្ដៅ។ យ៉ាងណាមិញ លោក សាវិន ហ្វីលីព បានអះអាងថា រឿងដែលលោកសម្ដែងហើយមិនបានទទួលលុយកាក់គ្រប់ចំនួន រហូតអស់សង្ឃឹមនឹងទទួលបាននោះ មិនមែនជារឿងតែមួយដែលលោកចារ រិទ្ធី បានសម្ដែងនោះទេ។ តែជារឿងដែលផលិតដោយផលិតករតែម្នាក់ ហើយបញ្ចាំងនៅទូរទស្សន៍ CTN ដូចគ្នា។ លោកថាតួសម្ដែងភាគច្រើន ដែលបានសម្ដែងរឿងអោយផលិតករម្នាក់នោះ សុទ្ធតែមានបញ្ហាទារលុយមិនបានក្រោយពេលសម្ដែងចប់ ដោយត្រូវផលិតករនោះមិនធ្វើការដោះស្រាយតែម្ដង។ លោកថារឿងនោះ កើតឡើងយូរហើយ តែមកពីម្នាក់ៗ មិនហ៊ានចេញមុខ ទើបតារាសម្ដែងបន្តបន្ទាប់ ក្លាយជាជនរងគ្រោះ។ មានការបង្ហើបថា តារាមួយចំនួនចង់បន្តការសម្ដែងក្នុងរឿង របស់ផលិតករម្នាក់នោះផង ទើបប្រតិកម្មរឿងផលិតករនោះមិនបើកលុយអោយ មិនត្រូវឃើញមាន។ លោក សាវិន ហ្វីលីព បញ្ជាក់ថាជាលើកទី១ ដែលលោកបានជួបផលិតករប្រភេទនេះ ដោយស្នើសុំតួអោយយកតម្លៃធូរៗហើយ ចុងក្រោយបោកតួបណ្ដាក់គ្នា។ លោកសម្ដែងការងឿងឆ្ងល់ ដែលផលិតករនោះ ទទួលបានសិទ្ធិផលិតរឿងអោយ CTN ផង និង អោយ PNN រកពេលសម្រាកមិនបាន តែបែរជាបោកលុយតួបន្តិចបន្ដួច ធ្វើអោយស្អុយឈ្មោះពេញសង្គមសិល្បៈ។

ក្រៅពីលោកចារ រិទ្ធី និង លោក សាវិន ហ្វីលីព តារាដែលបានរួមសម្ដែង អោយផលិតករដដែលនោះ ក៍សុទ្ធតែបានទម្លាយថា ថតហើយមិនបានលុយច្រើនខែ ពីផលិតករម្នាក់នោះ។ នេះជារឿងអាម៉ាស់មួយថ្មី ក្នុងវិស័យផលិតភាពយន្ដខ្មែរ បន្ទាប់ពីមានការទម្លាយជាហូរហែរថា ផលិតករខ្មែរក្រៅពីផ្ដល់តម្លៃសម្ដែងអោយតួថោកៗ ក៍ដាក់សម្ពាធអោយតួដោះដូរខ្លួនប្រាណជាថ្នូរនឹងតំណែងក្នុងរឿង និងរឿងស៊ីដាច់លុយតារាថ្មីៗ ដែលធ្វើអោយគុណភាពភាពយន្ដខ្មែរពិបាកប្រកួតប្រជែង៕

មតិយោបល់