ព័ត៌មានសិល្បៈ និងកម្សាន្ត

សុវណ្ណ មករា បំភ្លឺរឿងយឺតយ៉ាវលុយកាក់តួ

ខណៈដែលផលិតករមួយរូបដែលផលិតរឿងភាគអោយទូរទស្សន៍CTN និង អោយទូរទស្សន៍ PNN ត្រូវបានតារាល្បីឈ្មោះ២រូបគឺលោកចារ រិទ្ធី និងលោក សាវិន ហ្វីលីប ទម្លាយថាមិនបើកលុយអោយតួ លោកសុវណ្ណ មករា ដែលត្រូវគេស្គាល់ថាជាផលិតករមួយរូបដែរដែលផលិតរឿងភាគនៅទូរទស្សន៍បាយ័ន ក៏បានប្រកាសថាខ្លួនមិនស្ថិតនៅក្នុងជំពូកនោះឡើយ។

លោថាតារាណាក៏ដោយអោយតែមិនទាន់បានថ្លៃសម្ដែងក្នុងរឿងលោក សុំអោយទាក់ទងមកលោកដោយផ្ទាល់ដើម្បីបើកលុយអោយបានគ្រប់គ្នា។ លោកសុវណ្ណ មករា បានអះអាងថានាពេលថ្មីៗលោកបានលេចឮមួយចំនួនចេញពីតារាដែលបានសម្ដែងក្នុងរឿង«បញ្ចប់ស្នេហ៍ត្រឹមអូន» និងរឿង«កូនស្រីអ្នកនេសាទ»ថាពួកគេមិនទទួលបានថវិកាក្រោយពេលសម្ដែងចប់។ លោកថាខ្លួនមិនដែលមិនបើកលុយអោយតួ ឬស៊ីដាច់លុយតួនោះទេ ដោយលោកប្រកាន់គោលការណ៍សម្ដែងមួយថ្ងៃបើកមួយថ្ងៃ និងសម្រាប់តារាស៊ីថ្លៃមួយចប់រឿង ក៏លោកបើកអោយតាមសំណើ។

លោកថាពេលខ្លះអាចមានបញ្ហាយឺតមួយថ្ងៃឬ២ថ្ងៃ ដោយសារតែប៉ុស្ដិ៍ទូរទស្សន៍មិនទាន់ទូទាត់ ប៉ុន្តែបើយឺតច្រើនថ្ងៃ ឬពន្យារដល់ច្រើនសប្ដាហ៍ច្រើនខែ គឺលោកមិនធ្លាប់នោះទេ។ លោកថា បញ្ហាយឺតយ៉ាវជារឿងកើតមានគ្រប់រូបផលិតករ ប៉ុន្តែបើអោយសម្ដែងរឿងលោកហើយពិបាកលុយលុយកាក់ ឬមិនបានថវិកា គឺលោកប្រយ័ត្នបំផុត។ លោកបានពន្យល់ថា បើមានតារាណាម្នាក់មិនទទួលបានថ្លៃសម្ដែងតាមការកំណត់ គឺអាចជាបញ្ហាកើតចេញពីក្លិបសិល្បៈ ដែលអាចទទួលបានលុយកាក់ពីលោកហើយអះអាងថាលោកមិនទាន់បើកលុយ ដើម្បីយកលុយទៅប្រើលើបញ្ហាផ្សេងមួយរយៈ ទើបបណ្ដាលអោយមានពាក្យថាមកថតរឿងរបស់លោក ហើយជួបរឿងពិបាកលុយកាក់។

លោក សុវណ្ណ មករា ប្រកាសអោយតារាដែលបានសម្ដែងរឿងលោក មិនថាក្រុមការងារបស់លោកទាក់ទងហៅ ឬខាងក្លិបសិល្បៈហៅមក ទាក់ទងមកបើកលុយពីលោក ប្រសិនបើថ្លៃសម្ដែងដែលត្រូវទទួលបានពីរឿងរបស់លោកមិនទាន់បានបើក។ លោកថាមិនចង់ឮថាចំពោះពាក្យថាសម្ដែងរឿងអោយលោកសុវណ្ណ មករា ហើយពិបាកលុយកាក់។ ក្នុងនោះលោកក៏ប្រកាសត្រួតពិនិត្យពាក់ព័ន្ធនឹងការបើកលុយបើកកាក់របស់ក្រុមការងារដល់តួសម្ដែង ដើម្បីកុំអោយកើតមានបញ្ហាសតិអារម្មណ៍ដល់តួសម្ដែងផងដែរ៕

មតិយោបល់