ក្នុងវិស័យសិល្បៈគេមិនគិតថាតារាចម្រៀងយុវវ័យនាងញឹម សួនសោភាទេពី គឺជាតារាចម្រៀងដែលមានគ្រឹះពីរបាំបុរាណនោះទេ ដោយសារតែនាងត្រូវគេកត់សម្គាល់មានស្ទីលច្រៀងរាំបែបបទយុវវ័យបានរស់រវើក។ តារាចម្រៀងវ័យ១៦ឆ្នាំរូបនេះ ក៏បានបោះជំហានជោគជ័យលើវិថីសិល្បៈកាន់តែលេចធ្លោជាងមុននោះផង បន្ទាប់ពីនាងមានឱកាសឡើងឆាកទូរទស្សន៍ និងបានក្លាយខ្លួនជាសមាជិករបស់គ្រួសារតារាកម្ពុជានាពេលថ្មី។
ញឹម សួនសោភាទេពី និយាយថា នាងគឺជាសិស្សផ្នែករបាំបុរាណរយៈពេល៤ឆ្នាំមកហើយ ដោយនាងមានជំនាញរាំរែកបែបប្រពៃណីនូវរបាំបុរាណជាច្រើនរបាំនោះផង។ ប៉ុន្តែដោយសារតែនាងមានក៏មានទេពកោសល្យអាចច្រៀងបានទាំងបទយុវវ័យជាពិសេសបទជាភាសាអង់គ្លេស ថៃ ឡាវ បារាំង វៀតណាម និងចិន ទើបនាងក៏ត្រូវបានជ្រើសជាតារាចម្រៀងក្នុងវង់តន្ត្រីយោធាភិរម្យនាពេលថ្មីៗ ក្រោយពីក្រុមការងារបានកត់សម្គាល់ឃើញនាងមានសំឡេងល្អតាមរយៈការបង្ហាញខ្លួនលើឆាកសិល្បៈទូរទស្សន៍។
នាងថាខ្លួនធ្លាប់ប្រឡងចម្រៀងក្នុងកម្មវិធី«ចង់ក្លាយជាតារា»របស់ប៉ុស្ដិ៍លេខ៥កាលពីឆ្នាំ២០១៦ ហើយដោយបានទទួលពានលេខ២ក៏បានក្លាយជាតារាចម្រៀងអាជីពរហូតមក។ នាងគឺជាតារាចម្រៀងយុវវ័យវ័យក្មេងមួយរូប ដែលមានគ្រឹះផ្នែករបាំបុរាណ និងចេះជំនាញច្រៀងច្បាស់លាស់តាំងពីវ័យ៩ឆ្នាំ ទើបនាងចាត់ទុកថាខ្លួនបានជោគជ័យតែមួយប៉ប្រិចភ្នែកនៅលើវិថីសិល្បៈ។ នាងថាសប្បាយចិត្តដែលនាងអាចឈោងចាប់ទាំងអាជីពរបាំបុរាណ និងឡើងច្រៀងក្នុងនាមជាតារាយុវវ័យ ដោយក្រៅពីច្រៀងបានគ្រប់ប្រភេទបទមិនថាសម័យបុរាណ នាងក៏ជាតារាចម្រៀងផ្នែកក្លាសិកនាពេលចុងក្រោយ។
យ៉ាងណាមិញ ញឹម សួនសោភាទេពី បានអះអាងថានាងនៅមិនទាន់ឈានដល់គោលដៅនៅឡើយទេដោយសារតែនាងមិនទាន់បានសម្រេចគោលបំណងក្លាយខ្លួនជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មណាមួយតាមក្ដីស្រម៉ៃ បើទោះជានាងនៅក្នុងពេលនេះទទួលបានទីផ្សារច្រើនឡើងពីការច្រៀងរាំទាំងជំនាញរបាំបុរាណ និងច្រៀងអាហ្វែ ឬខនសឺតខុសចាប់តាំងពីជាប់លេខ២ និងក្លាយខ្លួនជាតារាចម្រៀងក្នុងវង់របស់យោធាភិរម្យដើម្បីច្រៀងងទទួលគណធិបតីធំៗ។
ក្នុងនោះសូម្បីតែការសម្ដែងក៏នាងមានជំនាញច្បាស់លាស់ផងដែរដោយសារតែនៅសាលាមធ្យមវិចិត្រសិល្បៈ រូបនាងក៏បានទទួលការបង្វឹកពីលោកគ្រូអ្នកគ្រូពាក់ព័ន្ធនឹងការសម្ដែងក្នុងពេលសិក្សា។ នាងថាមិនចោលជំនាញបុរាណដាច់ខាត ថ្វីដ្បិតថាឱកាសក្លាយខ្លួនជាតារាចម្រៀងក្លាសិក និងជាតារាចម្រៀងយុវវ័យមានការរីកចម្រើន។
ក្នុងវ័យ១៦ឆ្នាំ ដែលមិនខុសពីបុប្ផាកំពុងរីក និងសាយក្លិនពិដោរបែបនេះ នាងអះអាងថាមិនខ្វះបុរសតាមស្នេហ៍នោះទេ ដោយនាងទើបនឹងបានទទួលយកសំណើរស្នេហាពីតារាចម្រៀងក្នុងក្រុមគ្រួសារតារាកម្ពុជាមួយរូប ប៉ុន្តែចំណងស្នេហ៍នោះស្គាល់គ្នាមិនបាន១ខែស្រួលបូលផងក៏ដាច់ដោចវិញ ដោយសារតែភាពមិនចុះសម្រុងគ្នា។ នាងថាខ្លួននឹងទុកបេះដូងឲ្យទំនេរមួយខ្យល់ទៀត បន្ទាប់ពីនាងដាក់ចិត្តទទួលយកស្នេហាទាំងវ័យក្មេង ហើយជួបរឿងខកចិត្ត។
ក្នុងនោះនាងក៏ប្រកាសនឹងពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនឲ្យបានកាន់តែច្រើនក្នុងពេលបន្តបន្ទាប់ផងដែរ មុនពេលដែលនាងទទួលយកស្នេហ៍មួយក្រោយក្នុងពេលខាងមុខ។ នាងប្រកាសមិនយករបស់អ្នកណាទាំងអស់ ជាពិសេសគឺបុរសវ័យជ្រេដែលមានលុយកាក់ បើទោះជាមានប្រាក់ដុល្លារជះលើនាងកម្រិតណាក៏ដោយ៕
មតិយោបល់