កណ្ដាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តឡិចស៊ីស RX300 បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតបុករះបង្កោលភ្លើង និងផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យម្ចាស់ផ្ទះរងរបួសស្រាល ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចសាលាខេត្តកណ្តាលលើផ្លូវជាតិលេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ី RX300ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-4625 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿនខ្លះការប្រុងប្រយ័ត្នបានបុករះបង្គោលភ្លើង២ដើម(ដែក១ដើម បង្គោលថ្ម១ដើម) និងបុកបង្គោលស្លាកយីហោ ង៉ូវ ងួនហេង និងបុករានដាក់តាំងឥដ្ឋការ៉ូ ហើយរថយន្តមិនទាន់អស់ល្បឿន ក៍ជ្រុលទៅបុកផ្ទះរបស់លោក តាន់ មួយ ហេង ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បណ្តាលឲ្យម្ចាស់ផ្ទះ រងរបួសស្រាល ត្រូវបានបងប្អូនដឹកទៅមន្ទីរពេទ្យ។ ភ្លាមៗនោះអ្នកបើករថយន្តបានរត់គេចខ្លួនបាន បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ ហើយស្ទូចយករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋានបណ្តោះអាសន្ន ដើម្បីបន្តចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្ដាលមកពីអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។ សម្ភារៈដែលខូចខាតរួមមាន ៖ រថយន្ត១គ្រឿង បង្គោលភ្លើង២ដើម បង្គោលស្លាកយីហោ១ រានដាក់តាំងឥដ្ឋការ៉ូ១ ទ្វាររមូ១ផ្ទាំងប្រវែង១៣ម៉ែត្រ និងខូចខាតសម្ភារៈមួយចំនួនធំទៀត៕































មតិយោបល់