ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉ែម សំអូន ចោទថា យ៉ាន លីនដា ត្រចៀក-ស

ភ្នំពេញ: ប្រមាណច្រើនខែមកហើយ ដែលរឿងរ៉ាវជម្លោះរវាងលោក យ៉ែម សំអូន និងយ៉ាន លីនដា ត្រូវបានស្ងប់ស្ងាត់ ដោយសារតែភាគីទាំងពីរមិនមានសកម្មភាពឌឺដងគ្នារៀងខ្លួន។ ប៉ុន្តែរឿងរ៉ាវទាំងនោះត្រូវបានកំរើកវិញ បន្ទាប់ពី យ៉ាន លីនដា បញ្ចេញវីដេអូរំលឹកស្នាមឈឺចាប់ ដែលលោក យ៉ែម សំអូន បានអះអាងថាគឺដោយសារតែនាងត្រចៀក-ស។

ក្នុងវីដេអូឃ្លីប ឆ្លើយតបទៅកាន់អតីតភរិយាលោក យ៉ែម សំអូន បានទម្លាក់កំហុសថាហេតុផលដែលនាំឲ្យយ៉ាន លីនដា ឆេះដុំរហូតបញ្ចេញវីដេអូឃ្លីបមួយថ្មី និយាយហែកហួរចំពោះរឿងចាស់ ពាក់ព័ន្ធនឹងលោក គឺបណ្ដាលមកពីអ្នកនាងជឿតាមពាក្យឆ្លឹះឆ្កៀល របស់អ្នកទី៣ ដែលនិយាយអាក្រក់ពីលោក។

លោកថា មិនដឹងអ្វីជាការចង់បានរបស់អ្នកនិយាយដើមខ្លួន ទៅប្រាប់អ្នកនាង យ៉ាន លីនដា បណ្ដាលឲ្យនាងក្ដៅក្រហាយរហូត បញ្ចេញវីដេអូវាយប្រហារលោកនោះទេ ដោយគ្រាន់តែសុំកុំឲ្យអ្នកនាង យ៉ាន លីនដា ត្រចៀក-ស និងកុំចេះតែជឿពាក្យគេផ្ដេសផ្ដាស់។

លោកសុំ ឲ្យអ្នកនាងត្រជាក់ចិត្ត និងបញ្ចប់ការហែកហួរចំពោះលោក ដើម្បីទុកមុខរាប់គ្នាសម្រាប់កូនស្រីទៅថ្ងៃអនាគត។ លោកថាការបង្ហោះរបស់អ្នកនាងយ៉ាន លីនដា ដែលសំដៅរឿងអាក្រក់របស់ខ្លួន គឺមានមនុស្សច្រើនណាស់ នៅក្នុងសង្គមសិល្បៈរិះគន់ នៅពីក្រោយការសរសេរគាំទ្រនៅក្នុងហ្វេសប៊ុក ដែលលោកយល់ថា យ៉ាន លីនដា គួរតែបញ្ឈប់។

មកទល់ពេលនេះ រឿងអាស្រូវស្នេហារបស់លោក យ៉ែម សំអូន ត្រូវបានកំរើកឡើងបន្ទាប់អ្នកសារព័ត៌មានបានងាកមកសរសេរពីរឿងរ៉ាវនោះជាថ្មីឡើងវិញ។ វីដេអូឃ្លីបរបស់យ៉ាន លីនដា នាងបានបញ្ជាក់ថាមនុស្សមួយក្រុមនៅតែបន្តចោទថា រូបនាងមានស្នេហាថ្មី និងថាជម្លោះដែលបានកើតឡើងគឺដោយសារតែលោក យ៉ែម សំអូន តាមទាន់ ពេលនាងមានស្នេហាថ្មី ទើបបណ្ដាលឲ្យមានរឿងវ៉ៃតប់គ្នារហូតក្លាយជាជម្លោះបែកផ្សែង។ នាងបានថ្លែងការពារចំពោះខ្លួនថា ហេតុផលដែលនាងទ្រាំលែងបាន គឺដោយសារតែលោក យ៉ែម សំអូន មានប្រុស ហើយបានផ្ទុះជម្លោះជាមួយនាងនៅពេលដែលនាងបានដឹងនោះទេ គឺមិនមែនបង្កពីរូបនាងឡើយ។

ការលើកឡើងរបស់យ៉ាន លីនដា ត្រូវបានលោកយ៉ែម សំអូន យល់ថាបណ្ដាលមកពីអ្នកទី៣និយាយមិនល្អពីខ្លួន។ យ៉ាងណាមិញ គេមិនទាន់ឃើញអ្នកនាងយ៉ាន លីនដា ឆ្លើយតបយ៉ាងណាចំពោះការទទូចរបស់លោកយ៉ែម សំអូន ដែលសុំឲ្យអ្នកនាងកុំធ្វើជាមនុស្សត្រចៀក-ស នោះ៕

photo_2016-05-07_09-58-12 photo_2016-05-07_09-58-23 photo_2016-05-07_09-58-24 photo_2016-05-07_09-58-20 photo_2016-05-07_09-58-18 photo_2016-05-07_09-58-21

មតិយោបល់