ព័ត៌មានសិល្បៈ និងកម្សាន្ត

កូនស្រី គង់ សុជាតិ ចាប់ផ្ដើមស៊ីថ្លៃក្នុងស្ពត

យោងការបញ្ជាក់របស់អ្នកនាងគង់ សុជាតិ និងលោកជា វិបុល មុនពេលអ្នកនាងគង់ សុជាតិសម្រាលកូនស្រី គឺដំណក់ឈាមរបស់អ្នកទាំងពីរ នឹងត្រូវបានជ្រើសជាតារារបស់ស្ពតពាណិជ្ជកម្ម ដោយស្វ័យប្រវត្តិ បន្ទាប់ពីអ្នកនាងគង់ សុជាតិ ត្រូវបានជ្រើសជាតំណាងផលិតផល ទឹកដោះគោតាំងពីពរពោះកូនស្រី។ ក្នុងពេលដ៏ខ្លីកូនស្រីរបស់អ្នកនាង នឹងចេញប្រតិបត្តិការចេញផ្សាយផលិតផល ដោយខាងក្រុមហ៊ុនមិនធ្វើការតវ៉ា លើតម្លៃខ្លួននោះផង។

មុនពេលសម្រាលកូនស្រីជាដំណក់ឈាមរបស់លោកជា វិបុល អ្នកនាងគង់ សុជាតិ បានប្រកាសយ៉ាងក្ដែងៗថា ហេតុផលដែលផលិតផលទឹកដោះគោមួយ ដែលជ្រើសយកអ្នកនាង ជាតំណាងក្នុងពេលពរពោះ គឺដោយសារតែខាងក្រុមហ៊ុនចង់បានកូនស្រីរបស់អ្នកនាង ដើម្បីថតផ្សាយពាណិជ្ជកម្មលើផលិតផលទឹកដោះគោនោះឯង។ អ្នកនាងថាផលិតផលនោះ ចង់ផ្សព្វផ្សាយពីទឹកដោះគោសម្រាប់ថែទាំទារកក្នុងផ្ទៃ រហូតដល់ផលិតផលទឹកដោះគោសម្រាប់ក្មេង ក្រោយពេលកើតដល់អាយុច្រើនឆ្នាំ ទើបសម្រេចជ្រើសនាងឲ្យធ្វើជាតំណាង ដែលអ្នកនាងយល់ថាហេតុផលចម្បង គឺក្រុមហ៊ុនចង់បានកូនស្រីរបស់ខ្លួន ដែលទើបប្រសូត្រនេះទៅវិញទេ។ អ្នកនាងថាកូនស្រីរបស់នាងស៊ីថ្លៃតាំងពីនៅក្នុងពោះ ដោយក្នុងពេលថតស្ពតខាងមុខ ក៏ទទួលបានតម្លៃខ្លួនខ្ពស់ទាំងអ្នកនាង និងកូនស្រីផងដែរ ដែលធ្វើឲ្យអ្នកនាងមានទីផ្សារ សម្រាប់ផលិតផលទឹកដោះគោ។

អ្នកនាងថាក្រុមហ៊ុនហ៊ានឲ្យតម្លៃខ្ពស់ ព្រោះតែហេតុផលកូនស្រី ហើយបើតាមតែអ្នកនាងម្នាក់ឯង គឺផលិតផលទឹកដោះគោនោះមិនចាប់អារម្មណ៍ទេ ទើបអ្នកណាៗក៏មើលឃើញថាកូនស្រីរបស់អ្នកនាង នឹងស៊ីថ្លៃកាន់តែខ្ពស់ នៅពេលក្រុមហ៊ុនកំណត់ថតផ្សាយ លើផលិតផលទឹកដោះគោសម្រាប់ក្មេង ក្រោយពេលកើត ក្នុងពេលបន្តបន្ទាប់។ អ្នកនាងតាំងពីត្រូវក្រុមហ៊ុនជ្រើសជាតំណាង ក្រុមហ៊ុនជាអ្នករ៉ាប់រងបំប៉នទឹកដោះគោ ក្នុងពេលពរពោះទាំងអស់ ទើបកូនស្រីរបស់អ្នកនាងមានសុខភាពល្អ និងសម្បុរស្អាត។ យ៉ាងណាមិញ អ្នកនាងមិនទាន់ដឹងថាក្រុមហ៊ុន នឹងតម្រូវឲ្យកូនស្រីរបស់អ្នកនាង ចេញថតស្ពតលើកដំបូងក្រោយ ពេលកើតថ្ងៃណានោះទេ ខណ:ដែលអ្នកនាងយល់ថា បើកូនស្រីបានចាស់ខែបន្តិតកាន់តែល្អ។

គួរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ និងលោកជា វិបុល បានដាក់ឈ្មោះកូនស្រីថា ជា សុជាតិនារី ហៅដូរី ដោយអ្នកទាំងពីរបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ជាមួយនឹងកំណើតដំណក់ឈាមមួយនេះ។ ក្នុងនោះកូនស្រីកើតភ្លាម ទទួលសិទ្ធិស៊ីថ្លៃក្នុងស្ពតនាពេលខាងមុខ ក៏ជាសញ្ញាណវិជ្ជមានដែលអ្នកទាំងពីរចង់បានផងដែរ៕

មតិយោបល់