ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាស្រី សេម រ៉ក់ឃ័រ លាតត្រដាងស្នេហាភេទដូចគ្នាក្នុងភាពយន្ត

យោងតាមសាច់រឿង«ស្នេហ៍ស្វ័យគុណ៤» តារាចម្រៀងយុវវ័យដែលចូលចិត្តតែងខ្លួនជាបុរសកាលីបលើនាង សេម រ៉ក់ឃ័រ បានសម្ដែងជាតួអង្គស្រឡាញ់ស្រី ដែលមិនខុសពីការឆ្លុះបញ្ចាំងពីសភាពផ្លូវចិត្តរបស់នាងក្រោយពេលហក់ចូលក្នុងសិល្បៈនោះទេ។ នៅក្នុងរឿងនេះ នាងសម្ដែងពីស្នេហ៍ល្អូកល្អិនជាមួយស្រី ខណៈដែលនៅក្រៅឆាកនាងក៏ត្រូវគេឃើញល្អូកល្អិនជាមួយនារីស្អាតៗ មិនខុសពីការសម្ដែងក្នុងរឿង«ស្នេហ៍ស្វ័យគុណ៤»នេះដែរ។

ផលិតករបានអះអាងថានៅថ្ងៃទី១៩ មករានេះ ខ្សែរឿង«ស្នេហ៍ស្វ័យគុណ៤»នឹងដាក់លក់សំបុត្រជាផ្លូវការនៅគ្រប់បណ្ដារោងទាំងរាជធានី និងសៀមរាប បន្ទាប់ពីពិធីបើកសម្ពោធត្រូវបានធ្វើឡើងយ៉ាងគគ្រឹគគគ្រេងកាលពីថ្ងៃទី១១ មករាកន្លងទៅ។ ខ្សែរឿង«ស្នេហ៍ស្វ័យគុណ៤» បង្ហាញពីស្នេហារបស់យុវវ័យ៤គូ ដោយក្នុងចំណោមស្នេហារវាងតារាប្រុសនិងតារាស្រី ក៏មាន ស្នេហារវាងស្រីនិងស្រី ដែលសម្ដែងដោយតារាចម្រៀង Original Song នាង សេម រ៉ក់ឃ័រ និង កញ្ញា សុខ សកន្និដ្ឋា ជាពិធីការិនីប្រចាំប៉ុស្តិ៍MyTV យ៉ាងរំជួលចិត្តក្នុងផ្ទៃរឿង។

កញ្ញាសុធា អ៊ីណែស អ្នកដឹកនាំរឿងធ្លាប់លើកឡើងថា ហេតុផលដែលក្នុងរឿងនេះបានឆ្លុះបញ្ចាំងពីស្នេហ៍រវាងស្រីនឹងស្រី គឺដោយសារតែនាងយល់ថាសង្គមមួយនេះក៏មានច្រើនដែរនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ នាងថារឿង«ស្នេហ៍ស្វ័យគុណ៤» មិនចង់បំផុសអោយស្រីស្រលាញ់ស្រីនោះទេ គឺគ្រាន់តែចង់ឆ្លុះបញ្ចាំងថារវាងស្រីនឹងស្រី បើពួកគេដាក់ចិត្តស្រលាញ់គ្នា ក៏មានចិត្តស្មោះមិនខុសគ្នាពីស្នេហាបុរសនឹងស្រ្តី។ នាងថារឿងនេះនឹងបង្ហាញពីការតាំងចិត្ត បើទោះជានាងយល់ថាស្នេហាភេទដូចគ្នារវាងស្រីនឹងស្រី អាចនឹងមានអ្នកទស្សនាមួយចំនួនពិបាកទទួលយក។

យោងតាមការដាក់បញ្ចាំងរឿងនៅថ្ងៃសម្ពោធ គឺតារាចម្រៀងសេម រ៉ក់ឃ័រសម្ដែងបានល្អក្នុងឈុតស្នេហាភេទដូចគ្នា ដោយការសម្ដែងរបស់តារាស្រីទម្លាប់ស្លៀកពាក់ជាប្រុសរូបនេះត្រូវ គេមើលឃើញថាលេចធ្លោមិនធម្មតា។ តារាចម្រៀងរូបនេះធ្លាប់បានបញ្ជាក់ថាស្នេហាភេទដូចគ្នា(ស្រីស្រលាញ់ស្រី)គឺជាអារម្មណ៍ពីធម្មជាតិរបស់មនុស្សស្រីដែលមានចិត្តប្រុស ដោយនាងទទូចកុំអោយមានការរើសអើង និងរិះគន់។ យ៉ាងណាមិញ នាងមិនបានទម្លាយថានៅខាងក្រៅឆាកតើនាងជាក៏មានស្នេហាភេទដូចគ្នា ឬគ្រាន់តែជាការសម្ដែងក្នុងរឿងនោះទេ។ នាងនិយាយថាក្រោយការដាក់បញ្ចាំងរឿង«ស្នេហ៍ស្វ័យគុណ៤» នៅថ្ងៃទី១៩ មករា ទើបអាចស្ទាបស្ទង់ដឹងថាតើភាពលេចធ្លោរបស់នាងក្នុងរឿង ជួយកន្ទ្រាក់ការចាប់អារម្មណ៍អោយល្បីដោយមោទនភាព ឬមានការរិះគន់ផ្ទុះឡើង។ ប៉ុន្តែនាងថាត្រៀមចិត្តទទួលយក ដើម្បីសិល្បៈ៕

មតិយោបល់