យោងតាមការបញ្ជាក់របស់លោកចារ រិទ្ធី គឺផលិតករដែលត្រូវបានទម្លាយថា គេចមិនផ្ដល់តម្លៃថតអោយលោក១៥០០ដុល្លារ ប្រមាណជាកន្លះឆ្នាំនោះ បានទាក់ទងមកលោក ដោយ សន្យាជាថ្មីថានឹងប្រគល់ប្រាក់នេះ អោយលោកនៅដំណាច់ខែមករានេះ។ លោកថាខ្លួននឹងទុកពេលចុងក្រោយ អោយផលិតករ ដោយជឿជាក់ថាការសន្យាលើកនេះ នឹងក្លាយជាការពិត បើទោះជាផលិតករដដែលនោះ ធ្លាប់បានសន្យាខ្យល់អស់ច្រើនខែតាំងពីថតរឿងចប់។
លោក ចារ រិទ្ធី និយាយថា ដោយសារតែខាងផលិតករ បានសុំអោយលោកទុកពេលដល់ដំណាច់ខែមករា ទើបលោកប្រកាសនឹងទុកពេលចុងក្រោយមួយនេះ តាមការសន្យា។ លោកថានេះមិនមែនជាការសន្យាលើកទី១ទេ ប៉ុន្តែលោកយល់ថានឹងក្លាយជាការកំណត់ចុងក្រោយ ដោយសារតែលោកជឿថាផលិតករ ដែលមានសកម្មភាពផលិតករឿង អោយទូរទស្សន៍CTN និង PNN រូបនោះ មិនអាចលក់ឈ្មោះព្រោះតែប្រាក់១៥០០ដុល្លារ ដែលជាតម្លៃខ្លួនថតរឿងរបស់លោកប៉ុណ្ណឹងនោះទេ។ លោកថាខ្លួននឹងទុកពន្យាពេលអត់ធ្មត់រហូតដល់ដំណាច់ខែមករា ដោយលោកប្រាកដចិត្តថាផលិតករម្នាក់ នោះនឹងមានការទទួលខុសត្រូវ។ លោកថាខ្លួនមានទំនុកចិត្តពោះការសន្យាលើកនេះ បើធៀបនឹងផលិតករដដែលសន្យាស្ទើរតែលែងទុកចិត្តនាពេលកន្លងមក។ លោកនិយាយថា«គាត់បានខលមកសុំយើងថាគាត់នឹងអោយ១៥០០នៅដាច់ខែហ្នឹង ចឹងយើងត្រូវតែចាំ បើទោះជាខ្ញុំអត់ដឹងថាសន្យាគាត់លើកហ្នឹងយ៉ាងមិច!»។ លោកថាថវិកា១៥០០ដុល្លារ មិនអាចទិញកិត្តិយសរបស់ផលិតករម្នាក់ នោះបានទេ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលរឿងអាស្រូវមួយនេះ ត្រូវបានបែកធ្លាយជាសាធារណៈ។ លោកប្រកាសចំាមើលដំណោះស្រាយនៅដំណាច់ខែមករា ដោយលោកប្រកាសថា មិនចង់បានអ្វីក្រៅពីទទួលបានលុយដែលលោកត្រូវបានពីការថតរឿងនោះទេ។ លោកថាតម្លៃខ្លួន១៥០០ដុល្លារ គឺជាតម្លៃមិនស្មើនឹងការចំណាយ ក្នុងពេលដែលលោកចុះថតរឿងអោយផលិតករនោះទេ ទើបលោកយល់ថាការចំណាយពេលថតអោយ ដោយការស្រឡាញ់សិល្បៈ និងការយោគយល់ចំពោះផលិតករ ហើយមិនទទួលលុយតាមការកំណត់ គឺជារឿងមិនអាចទទួល។ លោក ថាជារឿងចាញ់ចិត្ត ដែលតម្លៃខ្លួនសឹងមិនស៊ីនឹងការចំណាយលើសំលៀកបំពាក់ និងការចំណាយក្នុពេលចុះថត ប៉ុន្តែក្រោយពេលថតចប់គឺមិនទទួលលុយ។
យ៉ាងណាមិញ លោក ចារ រិទ្ធី រំពឹងថាការសន្យាជាថ្មី ត្រឹមថ្ងៃដាច់ខែនឹងក្លាយជាកាលបរិច្ឆេទចុងក្រោយ ដើម្បីបញ្ចប់ភាពចម្រូងចម្រស់រវាងលោក និងផលិតករម្នាក់នោះ៕
មតិយោបល់