ខណៈដែលតារាសម្ដែង ពីង រ៉ូហ្សា ត្រូវគេឃើញឡើងទៅប្រទេសម៉ាឡេស៊ី យ៉ាងតក់ក្រហល់កាលពីថ្ងៃទី១៥ មករា ហើយត្រលប់មកវិញត្រឹមរយៈពេល២ថ្ងៃនៅទីនោះ មានការលើកឡើង ជាច្រើនថាដំណើរប្រញាប់ប្រញាលរបស់នាង នៅថ្ងៃនោះគឺចេញទៅដើម្បីស្កាត់ជួបបុរសម្នាក់ ជាបុរសមានប្រពន្ធកូនដើម្បីកុំអោយគេចាប់អារម្មណ៍។ ច្រានចោលដំណឹងនេះ នាងបញ្ជាក់ថានាង មានការបន្ទាន់ផ្ទាល់ខ្លួនដើម្បីចេញទៅប៉ុណ្ណោះ គឺអត់មានបុរសណាម្នាក់ត្រូវនាងស្កាត់ជួបនោះទេ។
តារាសម្ដែងស្រស់សោភា ពីង រ៉ូហ្សា បានសារភាពថានាងហេតុផលដែលនាងឡើង ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ មករា ហើយត្រលប់មកវិញនៅថ្ងៃទីទៅ១៧ មករាភ្លាមៗ ដែលមិនខុសពីហោះទៅហោះមក ក្រោយការសម្រាកមួយយប់ គឺនាងទៅយកឥវ៉ាន់ ហើយក៏ឆ្លៀតដើរផ្សារ អមដោយការកម្សាន្តក្នុងរយៈពេលខ្លី។ នាងថាខ្លួនទៅទីនោះគឺជាទម្លាប់ទៅហើយ បន្ទាប់ពីនាងទម្លាប់ប្រើគ្រឿងសម្អាង និងសំលៀកបំពាក់ដែលផលិតនៅក្នុងប្រទេសនោះ ហើយគាប់ជួនជាទំនិញ ដែលនាងត្រូវការទម្លាក់មកចំថ្ងៃនោះ ទើបនាងហោះទៅភ្លាមដើម្បីទៅយក។ នាងថាទៅដល់ទីនោះ អត់មានស្កាត់ជួបអ្នកណា ក្រៅពីទៅយកឥវ៉ាន់ហើយឆ្លៀតដើរផ្សារនោះទេ ដោយការល្ហិចល្ហៀងថានាងទៅប្រញាប់ប្រញាល ដើម្បីស្កាត់ជួបប្រុសស្នេហ៍គឺជារឿងបង្ខូចឈ្មោះ។ ក្នុងនោះពាក់ព័ន្ធនឹងរឿងទៅជួបបុរស ណាដែលមានប្រពន្ធកូនរួចហើយ គឺរឹតតែអត់ទៅទៀត ដោយសារតែនាងធ្លាប់បានប្រកាន់ខ្ជាប់ ហើយថាសម្រាប់ប្ដីគេគឺនាងមិនពាក់ព័ន្ធ។ នាងថាដំណើរទៅលឿនមកលឿន សឹងក្លាយជារឿងធម្មតារបស់ខ្លួន ទៅហើយនៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែមកពីក្នុងពេលមុន នាងមិនទាន់លេចធ្លោ ក្នុងនាមជាតារាសម្ដែងម្នាក់ ទើបដំណើរទៅមកមិនសូវមានអ្នកកត់សម្គាល់។ តាំងពីបានបោះជំហានក្លាយជាតារា ដែលមានឱកាសសម្ដែងបានច្រើន នាងថាដំណើរចេញទៅក្រៅប្រទេសមិនថាទៅយកឥវ៉ាន់ ឬទៅដើរលេងសុទ្ធតែមានការចាប់អារម្មណ៍ ហើយក៏មានអ្នកគិតជាលក្ខណៈអវិជ្ជមាន ដែលនាងប្រកាសថាមិនខ្វល់។
ការលើកឡើងជុំវិញចោទថានាងទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីស្កាត់ជួបបុរសម្នាក់ជាប្ដី គេនេះ គឹបន្ទាប់ពីមានការទម្លាយថាតាំងពីបានល្បីឈ្មោះ គឺពីង រ៉ូហ្សា មានបុរសទ្រព្យស្ដុកច្រើននាក់តាមស្នេហ៍ ដោយបុរសទាំងនោះភាគច្រើនជាប្ដីគេ។ បើទោះជានាងបញ្ជាក់ថា មិនពាក់ព័ន្ធប្ដីគេក៏មហាជនមួយចំនួននៅតែយល់ថា នាងអាចមានការបិទបាំងស្នេហាផ្ទាល់ខ្លួន បន្ទាប់ពីឃើញតារាស្រីរូបនេះ ឧស្សាហ៍ចេញទៅក្រៅស្រុក ជាពិសេសគឺប្រទេសម៉ាលេស៊ី ។ យ៉ាងណាមិញ នាងថាបើខ្លួនពិតជាមានស្នេហាមែន គឺនាងពិតជាបើកទម្លាយ ជាសាធារណៈដោយមិនបិទបាំងនោះឡើយ ៕
មតិយោបល់