ព័ត៌មានជាតិ

នគរបាល និងអាវុធហត្ថ៖ ១៧ថ្ងៃក្នុងយុទ្ធការបង្ក្រាបការជួញដូរថ្នាំញៀនឃាត់ខ្លួនមនុស្សជិត២០០នាក់នៅខេត្តកណ្តាល

កណ្តាលៈ ជនសង្ស័យ១០៩នាក់ ត្រូវបានចាប់ឃាត់ខ្លួន ក្នុងនោះមានព្រះសង្ឃ៨អង្គផងដែរ ហើយបានកសាងសំណុំរឿងបញ្ជូនឡើងតុលាការ៨៥នាក់ ខណៈអ្នកប្រើប្រាស់ចំនួន២៤នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលកែប្រែ។

បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីក្រសួងមហាផ្ទៃក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំជំហ៊ានដំបូងចាប់តាំងពីថ្ងៃទី០១ ខែមករាដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ទូទាំងខេត្តកណ្តាល ទាំងកម្លាំងនគរបាល ក៏ដូចជាកងរាជអាវុធហត្ថបានបើកប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ជាលទ្ធផលក្នុងរយៈពេល១៧ថ្ងៃ ដើមខែមករា នេះ គឺបានធ្វើការបង្ក្រាបបានចំនួន៥៦ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន១០៩នាក់ ហើយក្នុងនោះក៏មានព្រះសង្ឃ៨អង្គផងដែរ។

លោកឧត្តមសេនីយន៍ត្រី ឈឿន សុចិត្ត ស្នងការរងនគរបាលខេត្តកណ្តាល និងជាអនុប្រធានលេខាធិការអចិន្ត្រៃនៃគណៈកម្មការបង្ក្រាបគ្រឿងញៀនខេត្តកណ្តាល បានប្រាប់ថា គិតចាប់តាំងពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៧ មករា ២០១៧នេះ នៅទូទាំងខេត្តកណ្ដាល​ បានធ្វើការបង្ក្រាបសរុបចំនួន៥៦ករណី ឃាត់ខ្លួនមនុស្សចំនួន១០៩នាក់ ក្នុងនោះព្រះសង្ឃ៨អង្គ ស្រី១៥នាក់ ជនជាតិខ្មែរឥស្លាមម្នាក់ និងរត់គេចខ្លួនចំនួន១០នាក់ និងថ្នាំញៀនទាំងតូចទាំងធំចំនួន២២១កញ្ចប់ មានទម្ងន់ជាង១៩៤,២៤ក្រាម។

លោកឧត្តមសេនីយ៍ក៏បានបន្ថែមដែរថា ក្នុងនោះនគរបាលបង្ក្រាបបានចំនួន៤១ករណី ក្នុងនោះ៤០ករណីរក្សាទុក និងជួញដូរថ្នាំញៀន និងមួយករណីទៀតប្រើប្រាស់ ដោយឃាត់ខ្លួនបាន៧១អង្គនាក់ ស្រី៦នាក់ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន Ice ទឹកកកចំនួន១១៩កញ្ចប់ ស្មើជាង៣១,១ក្រាម ម៉ូតូ៧គ្រឿង ទូរសព្ទ៣៨គ្រឿង ជញ្ជីង៣ ដាវកាំបិត៥ លុយ១៤៣៥០០រៀល និង២ដុល្លារ ព្រមទាំង៧០បាត រួមជាមួយសម្ភារៈវេចខ្ចប់មួយចំនួនធំ។ ដោយឡែកករណីប្រើប្រាស់ រក្សាទុកដើម្បីប្រើប្រាស់ចំនួន៨ករណី ឃាត់ខ្លួនមនុស្សចំនួន១៣នាក់ អង្គ បញ្ជូនទៅសាលាដំបូង និងទៅមជ្ឈមណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿ ងញៀន ហើយក៏បានចាប់ខ្លួនម្នាក់តាមដីកាពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀននេះដែរ។

ចំណែកឯកងរាជអាវុធហត្ថ បង្ក្រាបបាន១៥ករណី ឃាត់ខ្លួនចំនួន៣៨នាក់ អង្គ ក្នុងនោះស្រីចំនួន៩នាក់ ដែល៩ករណីជួញដូរថ្នាំញៀន និងរក្សាទុកដើម្បីប្រើប្រាស់ចំនួន៦ករណី និងរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វីតាមីន ចំនួន៩៦កញ្ចាប់ ស្មើហ្នឹង១៦២,៩៦ក្រាម ម៉ូតូ៤គ្រឿង ទូរសព្ទ១គ្រឿង ព្រមទាំងសម្ភារៈវេចខ្ចប់ និងប្រើប្រាស់ជាច្រើនទៀត៕

មតិយោបល់