ភ្នំពេញៈ អគ្គិភ័យមួយ បានឆាបឆេះអាគាររោងចក្រមួយកន្លែង បង្កជាផ្សែងហ៊ុយចេញមកខាងក្រៅ យ៉ាងសន្ធោសន្ធៅ ផ្អើលកម្មករ រត់ជាន់ជើងគ្នា ដើម្បីយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដែលមានទីតាំងនៅក្នុងសួនកាណាឌីយ៉ា អាគាលេខ៥ ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកម្មករបានឲ្យដឹងថា រោងចក្រខាងលើនេះមានថៅកែជាជនជាតិចិន ហើយនៅមុនពេលកើតហេតុ ខណៈដែលម៉ោងកម្មករចេញសម្រាកដើម្បីហូបបាយ ស្រាប់តែមានផ្សែង ហ៊ុយចេញពីផ្នែកខាងក្រោយ យ៉ាងក្មួរខ្មាញ់ធ្វើឲ្យកម្មករខ្លះភ័យរត់ជាន់ជើងគ្នា និងខ្លះទៀតរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកធ្វើការបាញ់ពន្លត់។
សាក្សីដដែលបានបន្តថា ខណៈដែលកំពុងឆេះ ថៅកែរោងចក្ររូបនោះ មិនព្រមឲ្យអ្នកដែលនៅខាងក្រៅចូលទៅជួយអន្តរាគមន៍នោះទេ ទាំងរថយន្តពន្លត់អគ្គិភ័យរបស់សួនកាឌីយ៉ា បានត្រឹមតែឈរមើលខាងក្រៅតែប៉ុណ្ណោះ។
ក្រោយកើតហេតុប្រហែល១០នាទី ទើបអាចគ្រប់គ្រងបានដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់។ ចំណែកការខូចខាតនោះ មិនអាចសន្មត់ថាខូចខាតអស់ប៉ុន្មាននោះទេ ព្រោះតែថៅកែមិនឲ្យចូលទៅខាងក្នុង៕
មតិយោបល់