ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយធ្លាក់Cambodia Idol ឈួ ស្រីរ័ត្ន ឡើងកូដ

ទោះមានវាសនាត្រឹមជាបេក្ខជានារីធ្លាក់ ក្នុងកម្មវិធីCambodia Idol តែគេកត់សម្គាល់អតីតបេក្ខនារី ដែលធ្លាក់ចេញពីការប្រកួតលំដាប់អន្តរជាតិ ដោយសារតែឈ្លក់ទឹកមាត់នាង ឈួ ស្រីរ័ត្ន បានក្លាយជាតារាចម្រៀងកុងត្រា យ៉ាងកាលីបនៅក្នុងផលិតកម្មសាស្រ្តា។ បទចម្រៀងច្រើនបទ បានក្លាយជាបទលេចធ្លោ ជួយអោយកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះ អណ្ដែតឡើង។

យ៉ាងហោច៥បទរបស់នាង ក្រោយចូលជ្រកក្នុងផលិតកកម្មសាស្រ្តា ជួយអោយតារាស្រីរូបនេះ កន្ត្រាក់បានការចាប់អារម្មណ៍ នៅលើបណ្ដាញហ្វេសប៊ុក។ បទ«មួយលានបែកមួយលានជួប» និងបទ«ម្នាក់ក្នុងចំណោមមួយម៉ឺន» មានអ្នកទស្សនា និងចែកចាយរហូតដល់រាប់សែននាក់ តែក្នុងរយៈពេលមួយខ្លី នៅលើបណ្ដាញYoutube និងហ្វេសប៊ុក។ ចម្រៀងបន្តបន្ទាប់រួមមានបទ«ស្រីមានឆ្នាស់ម្នាក់នេះត្រូវការបង» បទ«អូនមានបេះដូង» និងបទ«Status ចាក់សោរ» សុទ្ធតែជួយអោយនាងខ្ទរខ្ទារកេរ្តិ៍ឈ្មោះ ព្រោះតែមានយុវវ័យមួយចំនួនធំចូលចិត្ត។ យ៉ាងណាមិញ នាង ឈួ ស្រីរ័ត្ន នៅមិនទាន់មានឱកាសបានបង្ហាញខ្លួនច្រៀងរាំ ក្នុងវេទិកាធំៗនៅឡើយទេ បើធៀបនឹងតារាចម្រៀងមួយចំនួន ដែលមិនសូវមានបទលេចធ្លោដូចនាង។

ឈួ ស្រីរ័ត្ន បានសារភាពថាហេតុផលដែលនាង មិនសូវបានច្រៀងរាំក្នុងវេទិកាធំៗ គឺ ដោយសារតែនាងអត់ខ្សែ និងក្នុងពេលខ្លះអាចមកពីខាងផលិតករ មិនហ៊ានអញ្ជើញព្រោះស្មានថាត្រូវបានចងជើង ដោយផលិតកម្មសាស្រ្តា ហើយមិនត្រូវបានផលិតកម្មនេះ អនុញ្ញាតិអោយទទួលការងារខាងក្រៅ។ នាងថាផលិតកម្មមិនមានការបិទសិទ្ធិ ចំពោះនាងនោះទេ ផ្ទុយទៅវិញគឺមានបើកឱកាសអោយនាង ទទួលច្រៀងរាំច្រើនឡើង ដើម្បីធ្វើអោយបទល្អៗរបស់នាង ផ្ទុះកាន់តែខ្លាំង។

អ្នកនាងប៊ុន ចាន់និមល ចាងហ្វាងផលិតកម្មសាស្រ្តា បានអះអាងថាក្នុងចំណោមតារាចម្រៀងទាំងអស់ តារាចម្រៀងឈួ ស្រីរ័ត្ន មានបទត្រូវចិត្តមហាជនជាងគេ ដោយអ្នកនាងបានចាត់ទុកថាតារាចម្រៀងរូបនេះ ដាក់បទប្រភេទណាអោយច្រៀងក៏មានសន្ទុះខ្លាំង។ អ្នកនាងថា ឈួ ស្រីរ័ត្ន បានក្លាយជាគ្រាប់ពេជ្រប្រចាំផលិតកម្ម ប៉ុន្តែនាងក៏ប្រឈមនឹងបាត់បង់កុងត្រាផងដែរ បើការសម្រិតសម្រាំងបទរបស់នាងក្រោយៗ បែរជាថមថយប្រជាប្រិយភាព។ យ៉ាងណាមិញអ្នកនាងតារាចម្រៀងរូបនេះ ជួយអោយស្នាដៃរបស់ខ្លួន មានការស្គាល់ច្រើន តាមរយៈបទថ្មីៗរបស់នាង គឺដាក់បង្ហោះគឺមានឈ្មោះល្បី ជាពិសេសគឺបទ«មួយលានបែកមួយលានជួប» និងបទ«ម្នាក់ក្នុងចំណោម១ម៉ឺនជាដើម»៕

មតិយោបល់