ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ីស៊ី និយាយពីតំណែងនាងនាថ ដែលទើបក្ដាប់បានក្នុងភាពយន្តខ្នាតធំ

គ្រាន់តែបញ្ចប់ឱកាសពិធីបុណ្យអុំទូកភ្លាម តារាសម្ដែងស៊ិចស៊ី កញ្ញា ស៊ីស៊ី បានឡើងកាលីបធ្វើជាតួឯកម្នាក់ក្នុងភាពយន្តខ្នាតធំគួរឲ្យសរសើរ ដោយនាងត្រូវគេសម្ដែងជាតួនាងនាថដែលជាតួលេចធ្លោក្នុងរឿង«ម៉ាដាមអាប២០១៨»ដែលជាការផលិតឡើងរបស់ផលិតកម្មក្លាស៊ិក បន្ទាប់ពីផលិតកម្មមួយនេះនឹងបង្ហាញវណ្ណកម្មរឿង«នរណា Comeback» នៅថ្ងៃទី១៦ វិច្ឆិកា នៅក្នុងរោងកុន។

នាងក៏រំពឹងយ៉ាងពេញទំហឹងថាតំណែងតួអង្គនាងនាថ ដែលទើបទទួលបាននេះនឹងជួយឲ្យនាងលេចធ្លោនោះផង បើទោះជាការសម្ដែងជាក់ស្ដែងមានភាពលំបាកដាច់ឆ្ងាយពីការសម្ដែងក្នុងរឿងមុនៗ។

កញ្ញា ស៊ីស៊ី និយាយថាតាំងពីបានក្លាយខ្លួនជាតារាសម្ដែង នេះជាលើកទី១ដែលនាងមានឱកាសបានសម្ដែងជាតួអង្គនាងនាថ ដែលតារាភាគច្រើនប្រថ្នាចង់សម្ដែង។ នាងថាខ្លួនគឺជាតួអង្គខ្មោចស្រីនាថនាថ តែមិនមែនជាខ្មោចកាចសាហាវគួរឲ្យខ្លាចនោះទេ គឺជាខ្មោចស្រីស្អាត ហើយមានបង្កប់នូវភាពកំប្លុកកំប្លែងគ្រប់ពេលបង្ហាញខ្លួនផងដែរ។ យ៉ាងណាមិញ នាងថាការសម្ដែងទាំងមូលគឺត្រូវប្រឈមនឹងការលំបាកច្រើនណាស់ ជាពិសេសគឺប្លង់ពេលយប់ និងប្លង់ដែលត្រូវត្រាប់តាមនាងនាថឲ្យត្រូវសាច់រឿង។ នាងបង្ហាញនូវជំនឿចិត្តយ៉ាងខ្លាំងថា ការទទួលថតជាតួនាងនាថ ក្នុងរឿង«ម៉ាដាមអាប២០១៨» នឹងក្លាយជាស្នាដៃដែលបើកទំព័រសិល្ប:សម្ដែងរបស់នាងឲ្យទទួលបាននូវភាពលេចធ្លោ បន្ទាប់ពីការសម្ដែងក្នុងរឿងផ្សេងៗមួយចំនួន ក៏ជួយឲ្យនាងត្រូវបានគេស្គាល់ និងកត់សម្គាល់ពីស្នាដៃខ្លះៗរួចហើយ។

នាងថាតំណែងនាងនាថ គឺជាកុងត្រាថ្មីមួយដែលទើបទទួលបានក្រោយផ្អាកការសម្ដែងមួយរយ: និងក្រោយពីចប់ពិធីបុណ្យអុំទូក ហើយនាងក៏កំពុងសម្រុកចេញសម្ដែងមួយរឿងនេះឲ្យឆាប់ចប់ ដើម្បីទទួលសម្ដែងក្នុងរឿងមួយចំនួនដែលបានទាក់ទងឲ្យនាងចេញសម្ដែងនោះផងដែរ។ នាងថាសប្បាយចិត្តដែលត្រូវបានផលិតករគឺលោក ហួរ សុផល ជ្រើសឲ្យសម្ដែងជាតួអង្គនាងនាថ ក្នុងពេលដែលរឿង«ម៉ាដាមអាប២០១៨» គឺជារឿងដែលប្រជុំដោយតារាល្បីៗរួមមានកញ្ញារ៉ូលីន គឺជាតួអង្គអាប អ្នកនាងកាតុ គឺជាតួអង្គខ្មោចដើមចេកជ្វា កញ្ញារំដួលលិចទឹក គឺជាតួអង្គព្រះម៉ែនាគ និងរូបនាងផ្ទាល់គឺជាតួអង្គនាងនាថ ដែលសុទ្ធតែជាអង្គធំនៅក្នុងផ្ទៃរឿង។

កញ្ញាថាការទទួលសម្ដែងរឿងនេះ បានរុញឲ្យនាងបោះបង់ការងារសម្ដែងដែលជាន់ជើងគ្នា និងការងារថតម៉ូតមិនតិចនោះទេ ប៉ុន្តែមកពីនាងចង់សម្ដែងជាតួអង្គនាងនាថដែលតារាភាគច្រើនរមែងទទួលបានការចាប់អារម្មណ៍ក្រោយការសម្ដែង ទើបនឹងសុខចិត្តទម្លាក់នូវការងារផ្សេង ហើយទទួលសម្ដែងតែម្ដង ដ្បិតថាការសម្ដែងជាតួអង្គនេះ តម្រូវឲ្យនាងត្រូវទៅថតដេកផ្លូវនៅខេត្តកំពត។

នេះជាស្នាដៃថ្មីមួយ ដែលនាងសម្រេចបានសម្រាប់ឱកាសក្រោយបុណ្យអុំទូក ក្នុងពេលដែលការងារដើរម៉ូត និងការថតផ្សាយផ្សេងៗទទួលបានផ្លែផ្កា។ តារាសាច់សខ្ចី កញ្ញា ស៊ីស៊ី ក៏បង្ហាញជំហរនៅតែបន្តសម្ដែងឈុតស៊ិចស៊ីដើម្បីសិល្ប:ផងដែរ ដោយនាងប្រកាសថាបើទោះជាការងារសិល្ប:មានការរីកចម្រើនដូចរាល់ថ្ងៃ តែបើមានផលិតករណាម្នាក់ចង់ឲ្យនាងសម្ដែងជាតួស៊ិចស៊ីគឺនាងនៅតែទទួល កុំឲ្យតែឈុតឆាកនោះធ្វើឲ្យនាងប៉ះពាល់កេរ្តិ៍ឈ្មោះ និងមានការរិះគន់។

នាងបានសារភាពថាក្រោយពេលទីផ្សារឈានឡើងគឺពិតជាមានបុរសសម្បូរទ្រព្យច្រើនឡើងតាមស្នេហ៍ពិតមែន ប៉ុន្តែមិនទាន់មានបុរសណាម្នាក់ដែលនាងទទួលយកនោះទេ ទើបនាងនៅតែឯការបេះដូងនោះឡើយ ដោយសារតែនាងមិនចង់មានសម្ពាធក្រោយពេលឈោងចាប់ស្នេហា។

មតិយោបល់