ហ្គំប៊ីៈ ប្រធានាធិបតីដែលចង់គ្រប់គ្រងអំណាចឲ្យបាន ១០០០ឆ្នាំរបស់ប្រទេសហ្គំប៊ី លោក Yahya Jammeh បានយល់ព្រមផ្ទេអំណាច ដោយសន្តិវិធី និងចាកចេញពីប្រទេសហើយ ក្រោយមានសម្ពាធពីបរទេស។ នេះយោងតាមសារយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៧។
ការសម្រេចចិត្តរបស់លោក Jammeh ត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីហ្គីណេ លោក Alpha Conde និងប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Abdel Aziz បានទៅដល់រដ្ឋធានីបង់ហ្សុល កាលពីព្រឹកថ្ងៃសុក្រ ដើម្បីបញ្ចុះបញ្ចូលលោក Jammeh ឲ្យផ្ទេរអំណាចដោយសន្តិវិធី បើមិនដូច្នោះទេ លោកនឹងត្រូវប្រឈមចំណាត់ការផ្លូវយោធាអាហ្វ្រិកខាងលិច ដែលមានសមាជិក១៥ប្រទេស ហៅកាត់ថា ECOWAS វាយកម្ទេចតែម្តង។
លោក Marcel Alain de Souza ប្រធាន ECOWAS បាននិយាយថា ប្រធានាធិបតីហ្គីណេ លោក Conde អាចផ្តល់ឱកាសដល់លោក Jammeh ដើម្បីផ្ទេរអំណាចដោយសន្តិវិធី។ លោកបាននិយាយថា ប្រសិនបើដំណើរការនេះបរាជ័យ យើងនឹងទម្លាក់លោកពីតំណែង ដោយប្រើប្រាស់កម្លាំងយោធាតែម្តង។
មេដឹកនាំនៃបណ្តាប្រទេសអាហ្វ្រិកខាងលិច បានទុកពេលវេលាឲ្យលោក Jammeh ដល់ពាក់កណ្តាលអាធ្រាត្រម៉ោងក្នុងស្រុក ដើម្បីផ្ទេរអំណាចដោយសន្តិវិធីទៅឲ្យប្រធានាធិបតីថ្មី លោក Adama Barrow នៅត្រឹមម៉ោង ៤ រសៀល ថ្ងៃសុក្រ(ម៉ោងក្នុងប្រទេសហ្គំប៊ី) រួចចាកចេញពីប្រទេស។
សូមជំរាបថា លោក Adama Barrow បានស្បថចូលកាន់តំណែង កាលពីថ្ងៃព្រហស្បតិ៍ នៅស្ថានទូតហ្គំប៊ី ក្នុងប្រទេសសេណេហ្កាល់ ខណៈដែលលោកមិនអាចស្បថចូលកាន់តំណែង នៅក្នុងរដ្ឋធានីនៃប្រទេសហ្គំប៊ីបាន៕

លោក Yahya Jammeh

លោក Adama Barrow ប្រធានាធិបតីថ្មី
មតិយោបល់