ចាត់ទុកជារឿងកម្រមួយដែលតារាសម្ដែងបាត់មុខមួយរយៈអ្នកនាង ពេជ្រ ខេនឌី ហ៊ានចំណាយដល់ទៅ១៥ម៉ឺនដុល្លារ បើកហាងធំមួយនៅខេត្តសៀមរាប ដោយគោលដៅចំបងរបស់ហាងនោះ គឺលើកស្ទួយកីឡាល្បុក្កតោជាអន្តរជាតិ។ អ្នកនាងហាក់មានជំនឿខ្លាំងថាគម្រោងរបស់ខ្លួនមានការគាំទ្រ ដោយអះអាងថាបណ្ដាភ្ញៀវមកពីគ្រប់ទិសទី នៅខេត្តសៀមរាប នឹងស្គាល់ល្បុក្កតោខ្លាំងឡើង តាមរយៈវត្តមានរបស់ហាងខ្លួន។
អ្នកនាងពេជ្រ ខេនឌី បានថ្លែងក្នុងពិធីសម្ពោធរឿង«Jailbreak »ថា មកទល់ពេលនេះភោជនីយដ្ឋានរបស់អ្នកនាង និងស្វាមី ដំណើរការសាងសង់បានជិតរួចហើយ ដោយតាមគម្រោង នៅដើមខែ៤នឹងបើកដំណើរការ។ នាងថាហាងនេះ នឹងប្រើឈ្មោះថាភោជនីយដ្ឋាន «ល្បុក្កតោក្លិប» ដោយមានទម្រង់ជាហាងហូបចុកធម្មតា ប៉ុន្តែមានក្លិបទទួលបង្វឹកល្បុក្កតោ និងមានសាលសម្ដែង ល្បុក្កតោធំមួយនៅចំកណ្ដាលហាងដើម្បីផ្សព្វផ្សាយ។ ការសម្ដែងនឹងមានរាល់ថ្ងៃ ដោយពេញមួយម៉ោងនាងថាគឺមានការសម្ដែងក្បាច់បាត និងគុណដំបង គុណដៃជាដើម។ ភោជនីយដ្ឋាននេះមានភ្លេងកំដរដូចគ្នា នឹងភោជនីយដ្ឋានដទៃផងដែរ ប៉ុន្តែមានចំណុចខុសត្រង់ ការសម្ដែងផ្ដោតខ្លាំងតែក្បាច់ល្បុក្កតោ ហើយចំណាយដល់រង្វង់១ម៉ឺនដុល្លារ ពីការចំណាយនោះ ក៏អស់ច្រើនដោយសារសាងសង់សាលសម្ដែងធំ សម្រាប់ល្បុក្កតោ និងសង់ជាក្លិបនៅខាងក្រោយហាង ដើម្បីអោយមានការបង្វឹកនោះតែម្ដង។ នាងថាលោកសាន គឹមស៊ាន ដែលអ្នកចងក្រងល្បុក្កតោដំបូងគេ នៅក្នុងប្រទេសកម្ពុជា គឺជាជីតារបស់ខ្លួន ទើបក្រោយពេលនាងមានបាននាងក៏សម្រេចចិត្តបោះទុន ធ្វើហាងសម្ដែងកីឡាមួយនេះ ដើម្បីលើកស្ទួយល្បុក្កតោ ដែលជាស្នាដៃជីតារបស់នាង ខំចងក្រងឡើងអោយកូនខ្មែរស្គាល់។ នាងប្ដេជ្ញាចិត្តថានឹងធ្វើអោយកីឡាករ ល្បុក្កតោមានប្រាក់ចំណូលប្រចាំថ្ងៃតាមរយៈការសម្ដែង ដោយនាងរំពឹងថាជម្រើសដែលខ្លួន បានចាប់ផ្ដើមឡើងគឺពិតជាធ្វើអោយមានការចាប់អារម្មណ៍ ជាអន្តរជាតិក្នុងចំណោមបណ្ដាភ្ញៀវ នៅខេត្តសៀមរាប។ នាងថាខ្លួននឹងធ្វើការផ្សព្វផ្សាយអោយពលរដ្ឋខ្មែរ និងជនបរទេសបានដឹងថា ដើម្បីបានទស្សនាការសម្ដែងរបស់ល្បុក្កតោ ត្រូវតែមកទស្សនានៅក្នុងហាងរបស់ខ្លួន ទើបនាងយល់ថាការសម្រេចចិត្តនេះ ក្រៅពីជួយលើកស្ទួយដល់ស្នាដៃរបស់ជីតានាង ដែលខំរំលេចឡើង ក៏ជួយអោយហាងនាងកន្ទ្រាក់បានភ្ញៀវ ដែលចង់ទស្សនាផងដែរ។ យ៉ាងណាមិញនាងថាមិនចោលការសម្ដែងនោះទេ បើទោះជានាងបានផ្អាកមួយរយៈសម្រាលកូន និងមមាញឹកជាមួយជំនួញបើកភោជនីយដ្ឋាននោះក៏ដោយ៕
https://www.youtube.com/watch?v=aKxOby2qlDo
មតិយោបល់