ក្នុងពិធីពាំនាំយកអំណោយទៅប្រគល់ជូនលោកតាប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីដងវែងល្បីឈ្មោះកាលពីថ្ងៃទី២១ មករា លោកសន វិជ្ជបុត្រ តារាចម្រៀងប្រចាំផលិតកម្មM បានបង្ហាញពីអារម្មណ៍សង្វេគចិត្តយ៉ាងខ្លាំង និងជីវិតចុងក្រោយរបស់តារាសិល្បៈជើងចាស់រូបនេះ។
យ៉ាងណាមិញ លោកថាមិនមានអ្វីក្រៅពីបន្តអំពាវនាវអោយមានការយកចិត្តទុកដាក់ដល់គាត់នោះទេ បន្ថែមពីលើជំនួសដែលលោកគៀរគរពីសប្បុរសជនដែលបានយកទៅប្រគល់ជូន។
លោកក៏បានសង្វេគចំពោះស្ថានភាពរស់នៅរបស់តារាចាប៉ីដងវែងចំនួន៤រូបផ្សេងទៀត ដែលសុទ្ធតែមានសភាពវេទនានៅក្នុងពេលនោះជាមួយគ្នាផងដែរ។
លោកសន វិជ្ជបុត្រ និយាយថា នៅខេត្តតាកែវដែលជាទីកំណើតរបស់លោក គឺលោកប្រាជ្ញ ឈួន មិនមានអ្វីជាដុំកំភួននោះទេ ខណៈដែលលោកក្រៅពីពិការភ្នែកមិនអាចមើលឃើញហើយក៏មានជំងឺប្រចាំកាយច្រើនទៀត តែស្ថានភាពគ្រួសារគឺមិនមានបង្អែក។ លោកតាប្រាជ្ញ ឈួន មិនមែនជាតារាសិល្បៈជើងចាស់តែម្នាក់ដែលមានសភាពជីវិតគួរអោយសង្វេគនោះទេ ប៉ុន្តែលោកថាផ្អែកតាមកេរ្តិ៍ឈ្មោះ និងមុខមាត់របស់តារារៀមច្បងរូបនេះគឺមិនសមធ្លាក់ខ្លួនដល់ម្ល៉ឹង។
លោកថាអរគុណសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលបានបរិច្ចាគជាថវិកា និងជាសម្ភារៈជួយដល់សកម្មភាពរបស់លោកកាលពីថ្ងៃទី២១ មករា តែលោកថាមិនទាន់គ្រប់គ្រាន់នោះទេ ដោយសារតែលោកប្រាជ្ញ ឈួន និងក្រុមគ្រួសារមានជីវភាពខ្វះខាតច្រើន ដែលលោកនឹងបន្តអំពាវនាវបន្ថែមទៀត ដោយរំពឹងថានឹងមានការជួយសម្រួលដល់ស្ថានភាពរស់នៅរបស់លោក។
ខាងក្រោមនេះជាទិដ្ឋភាពសប្បុរសជន និងតារាសិល្បៈ ដែលលោកសន វិជ្ជបុត្រ ដឹកនាំចុះទៅផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគ និងថវិកាប្រគល់ជូនដល់លោកតាប្រាជ្ញ ឈួននិងរៀមច្បងផ្នែកចាប៉ីដងវែងចំនួន៤នាក់ នៅផ្ទះកំណើតក្រោយពួកលោកដែលធ្លាក់ខ្លួនឈឺទទួលច្រៀងលែងកើត៖















មតិយោបល់