ខណៈដែលតារាភេទទី៣ និង តារាកែភេទមួយចំនួនកម្រចេញមុខប្រកាសថាបុរសនេះឬបុរសនោះជាស្វាមីក្រៅខាន់ស្លា តារាកែភេទនាងប៉ុបពីឯណេះវិញ បែរជាប្រើបណ្ដាញហ្វេសប៊ុក និងបណ្ដាញសារព័ត៌មានប្រកាសអោយដឹងថាអ្នកនេះជាប្ដីអ្នកនោះជាប្ដី អោយគេដឹងឮម្ដងហើយម្ដងទៀត។ យ៉ាងណាមិញ នាងអះអាងថាមិនខ្លាចពីការរិះគន់រឿងគេថាជាតារាស៊ីប្ដី ឬប្រើប្ដីចុះនោះទេ ដោយនាងពន្យល់ថាហេតុផលចុះប្ដី ឬភាសាសាមញ្ញាហៅថាស៊ីប្ដី គឺមិនមែនបណ្ដាលមកពីនាងនោះផង។
ក្នុងពិធីខួបកំណើតលោកចាន់ រដ្ឋា មេការនៅហាងវីហ្វ្រេន និងជាអតីតហ្វ្រេស៊ី កញ្ញាប៉ុបពី បានទទួលស្គាល់ថា មួយភាគធំនៃបុរសដែលពាក់ព័ន្ធនាង នាងចាត់ទុកជាប្ដី ដោយក្រៅពីបង្ហាញជាសាធារណៈ ក៏មានឪពុកម្ដាយបងប្អូនទទួលស្គាល់ផងដែរ។ ហេតុផលដែលនាំអោយនាងចាត់ទុកបែបនោះ គឺដោយសារតែនាងមិនចង់បែកបាក់ និងចង់អោយបុរសដែលស្ម័គ្រស្រលាញ់នាងកក់ក្ដៅ និងដឹងថាមិនបានយកគេមកលេងសើច។ យ៉ាងណាមិញជំហរនេះ នៅតែមិនអាចចងជើងបុរសដែលនាងស្រឡាញ់បានទេ គឺពួកគេនៅតែដើរចោលនាង ទើបធ្វើអោយនាងជាប់ឈ្មោះជាតារាដែលបើកចំហរថាអ្នកប្ដីអ្នកនោះជាប្ដីច្រើនជាងគេ ដោយសារតែការបែកបាក់។
នាងនិយាយថា«បុរសដែលខ្ញុំពាក់ព័ន្ធ ខ្ញុំចាត់ទុកគាត់ដូចប្ដីចឹង ព្រោះខ្ញុំអត់ដែលមានគំនិតយកគាត់មកស៊ីលេង ប៉ុន្តែធ្វើមិចបើគេរស់នៅជាមួយយើងបានតែមួយរយៈ ហើយទោះជាយើងធ្វើល្អជាមួយយ៉ាងណាក៏នៅតែទៅចោលយើង!»។ កញ្ញាថាខ្លួនមនុស្សភេទទី៣ មិនចូលចិត្តយកបុរសណាម្នាក់ជាប្ដីជាប់លាប់ ដោយណែនាំអោយគ្រួសារ និងមហាជនស្គាល់នោះទេ ដោយសារតែគេយល់ថាមិនចង់ស្អុយឈ្មោះពេលបែកគ្នា និងមិនចង់ឈឺក្បាល ប៉ុន្តែមានទស្សនៈខុសគេ ទើបរមែងខកចិត្តពេលប្រកាសបុរសម្នាក់ថាជាប្ដីមិនបានប៉ុន្មានក៏នៅតែជៀសបែកមិនរួច។
កញ្ញានិយាយថា«បើនិយាយពីភេទទី៣ខ្ញុំអត់ប្រកែកទេថាខ្ញុំមានប្ដីរាប់ភ្លេច តែសួរថាភេទទី៣ផ្សេងទៀតគេមានតិចជាងខ្ញុំមែន គេមានច្រើនជាងខ្ញុំផង ប៉ុន្តែមកពីគេស៊ីចោលៗ ហើយមិនដែលទៅលើកពួកអស់ហ្នឹងថាជាប្ដីដូចខ្ញុំ ទើបគេមើលមកថាក្នុងចំណោមភេទទី៣ មិចក៏ខ្ញុំមានប្ដីបែកៗញឹកជាងគេ!»។
ប៉ុបពី បន្តថាថ្វីដ្បិតថា មានព័ត៌មានមានប្ដី និងបែកវិញយ៉ាងនេះក្ដី ក៏នាងមិនរាងចាលដែរ នៅតែបន្តយកប្ដីដើម្បីកំដរជីវិតមិនឈប់។ នាងថាពាក្យប្ដី និងដៃគូគឺខុសគ្នា ដោយសារដៃគូមិនចាំបាច់បង្ហាញមុខ មិនចាំបាច់មានការទទួលខុសត្រូវ តែបើប្ដីគឺមានការទទួលស្គាល់ពីមនុស្សនៅជុំវិញខ្លួន។ នាងសារភាពថាខ្លួនបង្អួតរាងកាយស៊ិចស៊ីនៅលើហ្វេសប៊ុក គឺបណ្ដាលមកពីនាងនៅចង់បានប្ដី ដែលជាបុរសស្មោះម្នាក់នៅក្នុងជីវិតនោះឯង។ អ៊ីចឹងហើយទើបនាងបញ្ជាក់ថាដរាបណារកមិនបានប្រុសស្មោះ សម្រាប់ជីវិតយូរអង្វែង នោះនាងនៅតែមិនញញើតនឹងការរិះគន់ដែលថានាងចុះដៃគូ និងប្រើប្ដីចុះជាសាធារណៈ៕
មតិយោបល់