ក្នុងពិធីក្រុងពាលីរឿង«រាជបូរីComeback» របស់ផលិតកម្មក្លាស៊ិក កាលពីព្រឹកថ្ងៃទី២៩ មករា លោកហួរ សុផល ជាម្ចាស់ផលិតកម្មបានទម្លាយយ៉ាងលម្អិតពីទម្រង់សាច់រឿង ក្នុងភាពយន្តនេះ ខណៈដែលពេលកន្លងមក លោកបានត្រឹមតែប្រកាសប្រាប់ថាជារឿង ដែលនិយាយតែពីជីវប្រវត្តិរបស់លោករាជ បូរី ដែលស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្តតែមួយមុខ។ លោកបានផ្ដល់បទសម្ភាសន៍ជុំវិញខ្លឹមសាររឿង និងដំណើរការផលិត ដោយក្នុងឱកាសក្រុងពាលីអមដោយការប្រកាសបើកផលិតកម្មក្លាស៊ិកជាថ្មីនោះ ក៏មានវត្តមានអ្នកសារព័ត៌មាន និងតារាៗល្បីៗជាតួអង្គសម្ដែងយ៉ាងច្រើនកុះករ។
លោកហួរ សុផល និយាយថា ខ្សែរឿងដែលលោកផលិតឡើង គឺពិតជាលើកឡើងពីជីវិតពិតរបស់លោករាជបូរី។ តែក្នុងសាច់រឿងនោះ មិនមែនមានតែខ្លឹមសារមួយទម្រង់នោះទេ គឺមានបង្កប់ច្រើនទៀត។ លោកត្រៀមចំណាយដើមជាង៤ម៉ឺនដុល្លារ ដោយឈុតឆាកសំខាន់ៗនឹងត្រូវថតនៅភ្នំពេញ និងលើភ្នំបូកគោ។ ទីតាំងលើឆាកទូរទស្សន៍ និងក្លិបកម្សាន្តក៏ត្រូវជ្រើសច្រើន ដើម្បីអោយសមនឹងអតីតកាលរបស់លោករាជ បូរី ដែលជាតារាចម្រៀងមានកេរ្តិ៍ឈ្មោះបោះសំឡេងកាលពីមុនពេលស្លាប់ផងដែរ។ លោកថារឿងនេះមានតួសម្ដែងចំនួន៧៥រូប ដោយតារាភាគច្រើនគឺលោកបានជ្រើសយកសុទ្ធតែជាតួអង្គៗធំៗ និងល្បីឈ្មោះនៅក្នុងពិភពសិល្បៈ។ សូម្បីតែតារាសិល្បៈដែលបានដកខ្លួនឈប់ច្រៀង និងឈប់សម្ដែង ហើយធ្លាប់មានទំនាក់ទំនងជាមួយខ្មោចលោករាជបូរី កាលនៅរស់ ក៏លោកអន្ទងអោយត្រលប់មកជួយសម្ដែងក្នុងរឿងនេះដែរ ទើបនៅថ្ងៃ ពិធីក្រុងពាលីគេឃើញមានតារាចូលរួមកុះករ ដោយមានទាំងការប្រកាសថាតារាណាខ្លះគឺត្រូវសម្ដែងជាតួអង្គយ៉ាងមិចនោះផង។ លោកថាខ្សែរឿង«រាជបូរី Comeback » ក៏មានបង្កប់ឈុតឆាកប្រុសស្រលាញ់ប្រុស និងឈុតឆាកកំប្លុកកំប្លែង អមដោយភ័យរន្ធត់ផងដែរ ទើបលោករំពឹងយ៉ាងខ្លាំងថានឹងទទួលជោគជ័យ។ ក្នុងនោះតារាសម្ដែងលោក រតនៈ វិសិដ្ឋ គឺជាតួឯកដែលត្រូវបានជ្រើសអោយតំណាងលោករាជ បូរី។
ខាងក្រោមនេះ ជាបទសម្ភាសន៍របស់លោកក្នុងពិធីក្រុងពាលីរឿងនៅហាងរាជបូរីសាឡនម្ដុំទួលទំពូង ដោយលោកបញ្ជាក់យ៉ាងលម្អិតពីទម្រង់រឿង ដែលនឹងដំណើរការចេញថតក្រោយការប្រកាស ជាផ្លូវការនេះ៖
https://www.youtube.com/watch?v=hJuPR1kWdc4
មតិយោបល់