ព័ត៌មានបច្ចេកវិទ្យា

វិធីជុសជុលបញ្ហាទូរសព្ទ iPhone ឬ iPad សាកថ្មមិនចូលដោយខ្លួនឯង

ប្រសិនបើលោកអ្នកជួបបញ្ហាសាកថ្មទូរសព្ទ iPhone ឬឧបករណ៍ iPad មិនចូល ទោះបីវាជាម៉ូឌែលចុងក្រោយដូចជា iPhone 7 ឬ iPad Pro ឬចេញយូរដូចជា iPhone 4 ឬ iPad Air ក្តី Post Tech មានវិធីមួយចំនួនដែលអាចឱ្យលោកអ្នកសាកល្បងដោះស្រាយបាន មុនពេលដែលយកវាទៅឱ្យជាងមើល ឬផ្ញើទៅក្រុមហ៊ុន Apple ឆែកមើល។ បញ្ហានេះ ជូនកាលវាកើតឡើងដោយសារផ្នែក Hardware ដូចជា ឌុយ ខ្សែដោត ឬថ្ម ប៉ុន្តែ វាក៏អាចកើតឡើងដោយសារបញ្ហា Software ដែលដំណើរការខុសប្រក្រតីផងដែរ។

វិធីទី១– ចុច Force Restart

ក- សូមចុចជាប់លើប៊ូតុង បិទ/បើក របស់ទូរស័ព្ទ iPhone ឬ iPad របស់លោកអ្នក
ខ- ខណៈកំពុងចុចលើប៊ូតុង បិទ/បើក សូមលោកអ្នកសង្កត់លើប៊ូតុង Home (សម្រាប់ iPhone ស៊េរី 6s ចុះ) ឬប៊ូតុងបន្ថយសំឡេង (សម្រាប់ iPhone ស៊េរី 7 ឡើង)
គ- សូមចុចប៊ូតុងទាំងពីរឱ្យជាប់រហូតដល់អេក្រង់ iPhone ឬ iPad របស់លោកអ្នករលត់ ហើយឆេះ ដោយលោតចេញរូបផ្លែប៉ោមឡើងវិញ។

វិធីទី២– ឆែកមើលបញ្ហាខ្សែ USB ឬព្រីភ្លើង

ក- សាកអង្រួនឌុយដោតទៅព្រីភ្លើងរបស់អ្នក ដែលវាអាចនឹងមិនដិតល្អ ឬក៏ព្រីភ្លើងនោះខូចក៏មាន។ លោកអ្នកអាចស្វែងរករន្ធព្រីភ្លើងដទៃទៀតដើម្បីសាកលមើលបាន។
ខ- សូមពិនិត្យមើលខ្សែ USB របស់លោកអ្នក ថាតើវាប្រើការបានឬអត់។ បច្ចុប្បន្ន ខ្សែ USB ក្លែងក្លាយត្រូវបានលក់បន្លំជាមួយខ្សែ USB មកពីនាយច្រើនណាស់ ហើយខ្សែប្រភេទនោះ គ្មានគុណភាព និងងាយនឹងខូចខ្លាំងណាស់។
គ- ពិនិត្យមើលរន្ធសាកថ្មលើ iPhone ឬ iPad របស់អ្នក ដើម្បីឱ្យប្រាកដថា គ្មានកម្ទេចក្រដាស ឬធូលីកកជាប់ក្នុងនោះ បើមានមែននោះ សូមយកវត្ថុចុងស្រួចៗឆ្កឹះវាចេញ។

វិធីទី៣– ប្រើកម្មវិធី iTunes ដើម្បី Restore

នេះគឺជាជម្រើសដ៏លំបាកមួយ ព្រោះវាលុបចោលទិន្នន័យក្នុង iPhone ឬ iPad របស់អ្នកចោលទាំងអស់ ប៉ុន្តែ មុននឹងធ្វើវាលោកអ្នកអាចចុច Backup ដើម្បីទាញទិន្នន័យទៅរក្សាទុកជាមុនបាន។

ក- ភ្ជាប់ iPhone ឬ iPad ជាមួយកុំព្យូទ័រ​តាមខ្សែ USB របស់វា រួចបើកដំណើរការកម្មវិធី iTunes
ខ- ភ្លាមៗនោះ សូចចុចលើឈ្មោះឧបករណ៍របស់អ្នកដែលវានឹងបង្ហាញឡើងលើផ្ទាំងកម្មវិធី iTunes
គ- បន្ទាប់មក សូមចុចលើ Backup រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ឃ- បន្ទាប់មកទៀត សូមចុច Restore រួចរងចាំរហូតដល់ដំណើរការរបស់វាចប់
ង- ជាចុងក្រោយ លោកអ្នកអាចសាកល្បងសាកថ្មម្តងទៀតបានហើយ!

លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះ ដើម្បីស្វែងយល់បន្ថែមបាន៖

https://www.youtube.com/watch?v=rBX8d3U1zfc

មតិយោបល់