ព័ត៌មានសិល្បៈ និងកម្សាន្ត

ទេព រិទ្ធីនី បានតំណែងស្រឡាញ់ភេទដូចគ្នា

ក្នុងពិធីក្រុងពាលីរឿង«រាជបូរី Comeback » លោកហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ីក បានអះអាងថាលោក ទេព រិទ្ធីនី ពិធីប្រចាំនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៣ គឺជាតួអង្គស្រឡាញ់ភេទដូចគ្នានៅក្នុងរឿងនេះ។ លោកត្រូវបានទម្លាយថាត្រូវសម្ដែងជាតួប្រុសស្រឡាញ់ប្រុស ដោយឈុតឆាករបស់លោកក៏មានរំលេចស្នេហាផ្អែមល្ហែម មិនខុសពីស្នេហាប្រុសស្រីជាមួយតួអង្គប្រុសម្នាក់ផងដែរ។

លោក ទេព រិទ្ធីនី បានទទួលស្គាល់ថានេះជាលើកទី១ ដែលលោកបានតំណែងជាតួអង្គសំខាន់ហើយមានចរិតស្រឡាញ់ប្រុសនៅក្នុងភាពយន្ត។ លោកបានទាំងអះអាងថាមិនខ្លាចរឿងគេចោទការពីរឿងស្រឡាញ់ប្រុសនៅក្រៅឆាកដូចគ្នានឹងនៅក្នុងរឿងនោះផង។ ក្នុងរឿង«រាជបូរី Comeback » លោកត្រូវគេអោយសម្ដែងជាតារាម៉ូដែលប្រចាំក្លិបមួយ ហើយមានស្នេហាជាមួយ ប្រុស ដោយសម្ព័ន្ធស្នេហ៍របស់លោកត្រូវរារាំងដោយក្រុមគ្រួសារសឹងមិនអាចអោយពួកលោកជួបគ្នា។ លោកត្រូវសម្ដែងជាតួអង្គស្រឡាញ់ប្រុសជាមួយតារាម្នាក់ឈ្មោះលោក ឡង់ឌី ដែលត្រូវសម្ដែងជាកូនប្រុសអ្នកមាន។ លោកថារវាងលោក និងតារាសម្ដែងឡង់ឌី មានឈុតឆាកស្អិតរមួតច្រើនវគ្គមិនខុសពីស្នេហាស្រីប្រុស ដោយលោកប្រកាសថាមិនខ្លាចគ្រប់ឆាក និងមិនខ្លាចការរិះគន់បន្ទាប់ពីសម្ដែងនោះផង។ លោកនិយាយថា«ក្នុងរឿងហ្នឹង ខ្ញុំសម្ដែងជាតួស្រឡាញ់ភេទដូចគ្នា ហើយខ្ញុំអត់ខ្វល់រឿងអ្នកណារិះគន់ និងចោទថាយើងមិចៗនោះទេ ព្រោះខ្ញុំដឹងខ្លួនយើងជាខ្លួនយើង!»។ លោកថាមានការរំពឹងច្រើនជាមួយនឹង ការសម្ដែងរឿងនេះ ដោយសារតែការសម្ដែងជាតួប្រុសស្រឡាញ់ប្រុស គឺជារសជាតិថ្មីសម្រាប់លោក និងជារឿងដែលសង្គមលែងមានការរើសអើង បើធៀបនឹងច្រើនឆ្នាំមុន។

មិនខុសគ្នាដែរ លោកឡង់ឌី ដែលត្រូវសម្ដែងជាតួស្រឡាញ់ភេទដូចគ្នា ជាមួយលោក ទេព រិទ្ធីនី បានអះអាងថានេះជាលើកទី១ ដែលលោកបានសម្ដែងភាពយន្ត ហើយបានតំណែងជាប្រុសស្រឡាញ់ប្រុស។ លោកថាមិនខ្លាច ចំពោះការសម្ដែងនោះទេ បើទោះជាមានឈុតឆាកអោបរឹតស្អិតល្មួតមិនខុសពីប្រុស និង ស្រីស្រឡាញ់គ្នា។ លោកថាស្នេហាខ្លួនក្នុងរឿងរាជបូរី ត្រូវបានរាំងស្ទះដោយក្រុមគ្រួសារ ប៉ុន្តែដោយការតស៊ូទើបធ្វើអោយលោក និងតួអង្គទេព រិទ្ធីនី នៅតែបានជួបគ្នា។

ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍របស់លោកទេព រិទ្ធីនី ដែលបានតំណែងជាតារាស្រឡាញ់ភេទក្នុងរឿងរាជ បូរី ៖

https://www.youtube.com/watch?v=s5OUVj1pzzw&feature=youtu.be

មតិយោបល់