ព័ត៌មានសិល្បៈ និងកម្សាន្ត

ឡាទីន ជំនាញប្រដាល់ ជោគជ័យអាជីពសម្ដែង

កន្លងមកគេធ្លាប់តែបានឃើញថាអតីតតារាសម្ដែងលោក ជៀស ស្រួច និង ចាន់ រតនា មានប្រភពពីការប្រដាល់ ខណៈដែលពួកគេម្នាក់ៗនៅក្នុងពេលនេះ ក៏បានបាត់មុខអស់ទៅហើយពីវិស័យសិល្បៈ។ យ៉ាងណាមិញ តារាសម្ដែងវ័យក្មេងលោក ឡាទីនឯណេះវិញ ក៏ទើបតែត្រូវគេទម្លាយថា ជាអតីតកីឡាប្រដាល់ផងដែរ បើទោះជាមុនដើរចេញពីការប្រដាល់ លោកមិនមែនជាកីឡាករល្បី។

ប្រភពពីអ្នកប្រដាល់ដែលត្រូវគេស្គាល់ថា សិស្សគុនរបស់លោកមាស សុខគ្រី សុទ្ធតែអះអាងថាលោកឡាទីន ដែលមានឈ្មោះដើមថាឈិន ទី និងជាសមាជិកសកម្មមួយរូបក្នុងគ្រុប«គ្រួសារតារាកម្ពុជា»នោះ គឺជាអតីតកីឡាប្រដាល់។ លោកត្រូវគេអះអាងថា បានទទួលការបង្វឹកដោយផ្ទាល់ពីលោកគ្រូមាស សុខគ្រី ដែលជាគ្រូគុនល្បីឈ្មោះនៅក្នុងពិភពប្រដាល់។ យ៉ាងណាមិញ មានការបញ្ជាក់ថា លោកមិនទាន់ត្រូវបានលោក មាស សុខគ្រី ផ្ដល់ឱកាសអោយឡើងរេញនោះទេ ដោយស្ថិតនៅត្រឹមជាការបង្វឹក ពង្រឹងសមត្ថភាពដើម្បីផ្គូរផ្គងអោយឡើងប្រដាល់ ក៏ត្រូវបាត់មុខហើយឃើញចេញមុខយ៉ាងជ្រងធ្វើជាតារាសម្ដែងមិនគួរអោយជឿតែម្ដង។ កីឡាករដែលធ្លាប់រួមអាជីពនឹងលោក បានហៅការបោះជំហានរបស់តារាវ័យ២១ឆ្នាំរូបនេះ ថាជាការលោតផ្លោះយ៉ាងកម្រ រវាងអាជីព២ដាច់ពីគ្នាគឺការប្រដាល់ និងអ្នកសម្ដែងកុននោះផង។ អ្វីដែលគេភ្ញាក់ផ្អើល គឺលោកបានក្លាយជាតារាដែលមានមុខមាត់នៅក្នុងពិភពសិល្បៈជាមួយតារាចាស់ៗល្បីឈ្មោះក្នុងសកម្មភាពសម្ដែង និងក្នុងព្រឹត្តិការណ៍តូចធំនានាមិនសូវបាត់មុខ។

លោកឡាទីន បានអះអាងថាការពិតរូបលោកពិតជាអតីតកីឡាប្រដាល់ និងជាសិស្សគុនរបស់លោកមាស សុខគ្រី ប្រាកដមែននាពេលកន្លងមក។ លោកប្រកាសថាមិនធ្លាប់នឹងស្រម៉ៃថា បានក្លាយជាអ្នកសម្ដែងនោះផង ដោយសារតែលោកស្រឡាញ់តែការប្រដាល់ ហើយក៏បានចូលហ្វឹកហាត់តាំងពីមិនទាន់ចេះមួយស្នៀត រហូតអាចឡើងប្រកួត បានសម្រាប់អាជីពប្រដាល់ តែបែរជាក្លាយជាតារាសម្ដែងដោយឥតព្រាងទុក។ តារាដែលមានផ្ទះកំណើតនៅភ្នំពេញរូបនេះ បន្តថាក្នុងពេលជ្រកស្លាបអាជីពប្រដាល់នាពេលកន្លងមក លោកមាស សុខគ្រី ពេញចិត្តអោយឡើងរេញ ប៉ុន្តែសម្ពាធគ្រួសារធ្វើអោយលោកមិនហ៊ានទទួលឡើង វាយលើរេញដែលផ្ទាយបន្តផ្ទាល់នៅតាមទូរទស្សន៍នោះទេ ទើបលោកចេះតែសុំពន្យារពេលឡើងរេញ ហើយដល់ពេលឪពុកម្ដាយសង្កត់ខ្លាំងក៏សម្រេចចិត្តលាឈប់។ គាប់ជួនជាមានឱកាសបានចូលជាសមាជិកក្នុងគ្រុប«គ្រួសារតារាកម្ពុជា»ផង ក៏ត្រូវរៀមច្បងណែនាំអោយក្លាយជាតារាសម្ដែងតែម្ដង។ លោកថាខ្លួនប្រឡូកសិល្បៈមិនដល់កន្លះឆ្នាំនោះទេ តែធ្វើតេស្ដិ៍ជាប់បានសម្ដែងក្នុងរឿង«ច័ន្ទវង្វេងមេឃ»រឿងភាគប៉ុស្ដិ៍លេខ៥ និងបានក្លាយជាតួសំខាន់ម្នាក់ក្នុងរឿង«រាជបូរីComeback » របស់ផលិតកម្មក្លាស៊ិក ដោយបានសម្ដែងជាតួអង្គសំខាន់ដូចគ្នានឹងក្នុងរឿងនៅប៉ុស្តិ៍លេខ៥ដែរ។ ក្នុងនោះលោកក៏មានឱកាសថតស្ពត ថតMV និងថតក្នុងរឿង«លង់ស្នេហ៍អ្នកគ្រូ»ដែលត្រៀមនឹងដាក់បញ្ចាំងផងដែរ ទើបលោកយល់ថាជារឿងចម្លែកដូចគ្នា ដែលលោកចំណាយពេលហ្វឹកហាត់ការប្រដាល់ អស់រយៈពេលយ៉ាងយូរ តែបែរជាមិនមិនត្រូវបានមហាជនស្គាល់ជាអ្នកប្រដាល់ ហើយមកក្លាយជាតារាសម្ដែងគ្មានគម្រោងទុក រហូតមមាញឹកខ្លាំង បង្ខំអោយលោកបន្តព្យួរការសិក្សាឆ្នាំទី៣នៅមហាវិទ្យាល័យនៅក្នុងពេលនេះ។ លោកថាមានរឿងជាច្រើន ដែលលោកត្រៀមថតនាពេលបន្តបន្ទាប់ ខណៈតំណែងក្នុងរឿងក៍មិនត្រូវលោករើសអើង ដើម្បីពង្រីកទីផ្សារ៕

មតិយោបល់