កណ្តាលៈ ដោយមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល ដល់លោកវរសេនីយ៍ឯក ប៉ា សំអិត អធិការស្រុកកៀនស្វាយរួចមក និងលោក នៅ នឿន នាយប៉ុស្តិ៍ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បានបន្តបង្ក្រាប ករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាកូនលោកផ្កាយ២ចូលនិវត្តន៍ ក្នុងចំណោមបក្ខពួក២នាក់។
ការបង្ក្រាបនេះបានកើតឡើងកាលពីវេលាម១១និង ៣០នាទី រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យដែលចាប់ខ្លួនបានមាន ឈ្មោះ ឆឹម សុផា ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិព្រែកដូង២ឃុំកំពង់ស្វាយ និងម្នាក់ទៀតគេចខ្លួនមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
លោកវរសេនីយ៍ ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានបន្តថានៅក្នុងអំឡុងបើកយុទ្ធាការបង្គ្រាបករណីគ្រឿងញៀនខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកកចំនួន១៨កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និង១៦កញ្ចប់តូច, ម៉ូតូ១គ្រឿងម៉ាកXR ពាក់ស្លាកលេខនគរបាល ១.៧៦.៤១ និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១,ឧបករណ៍សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនផងដែរ។
បើតាមលោកវរសេនីយ៍ឯកប៉ាសំអិតជាអធិការស្រុកបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុកម្លាំងប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍បានដឹកនាំកម្លាំងចុះល្បាតលុះមកដល់ត្រង់ចំណុចកើតហេតុបានទទួល ព័ត៌មានពីមហាជនថាមានជនសង្ស័យកំពុងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់បានចុះទៅធ្វើការត្រួតពិនិត្យក៏បានឃើញមានវត្ថុតាងនិងនាំខ្លួនមកអធិការស្រុកកំពង់សួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់