ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបតែក្រុងពាលី ផលិតកររឿង«កំលោះទាំង៣»ប្រកាសដូរតួ

នៅថ្ងៃទី៣ កុម្ភ:នេះ ផលិតករផលិតកម្មរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ បានប្រកាសពិធីក្រុងពាលីថតរឿងភាគ«កំលោះទាំង៣» យ៉ាងអធឹកអធមនៅក្នុងស្ថានីយរបស់ខ្លួន។ អ្វីដែលគេភ្ញាក់ផ្អើល គឺខ្សែរឿងមួយនេះមិនទាន់ដំណើរការចេញថតបានមួយប្លង់ ផលិតកររឿងបានប្រកាសពីគម្រោងដូរតួយ៉ាងច្បាស់ ដែលសូម្បីតែអ្នកស្ដាប់ក៏បុកពោះជំនួសតារាសម្ដែង។

លោក ឆេង ដារាកុសល អ្នកដំឡើងរឿងនេះ បានអះអាងថាលោកនឹងដូរតួ មិនថាតួសម្ដែងក្នុងរឿង «កំលោះទាំង៣» ជាតួឯក ឬតួរាយរង ហើយថតបានប៉ុន្មានភាគរយនោះទេ។ លោកប្រកាសដកចោលនូវរាល់តារាសម្ដែងជាតួអង្គ ក្នុងរឿងឲ្យតែពួកគេមកថតយឺតម៉ោង៣លើក បើទោះជាមានមូលហេតុយ៉ាងណាមកបញ្ជាក់។ លោកបានព្រមានបែបនេះ ដល់គ្រប់តួទាំងអស់ក្នុងឱកាសប្រជុំចុងក្រោយ បន្ទាប់ពីក្រុងពាលីថាត្រូវបញ្ចប់ ដោយលោកប្រកាសថាអត់ទទួលយកហេតុផលស្ទះផ្លូវ ឬហេតុផលណាមួយដែលបណ្ដាលឲ្យមកយឺតដល់ទៅ៣ដង ក្នុងពេលចេញថតនោះទេ។ លោកបានចាត់ទុកថាតារាមកយឺត ជាតារាស្អុយ និងបង្កការលំបាកដល់ការផលិត ដោយក្រៅពីធ្វើឲ្យខូចទម្លាប់ ក៏ធ្វើឲ្យការចំណាយរបស់ផលិតករខាតបង់ផងដែរ។ យ៉ាងណាមិញ លោកថាមិនបណ្ដោយឲ្យតួខាតម៉ោងក្នុងការរង់ចាំនោះទេ ដោយសារតែគ្រប់ប្លង់សម្ដែងទាំងអស់គឺលោកតម្រូវឲ្យដាក់ម៉ោងពេលច្បាស់លាស់ ដែលមានន័យថាចប់មួយតួចូលមួយតួ អត់ឲ្យមករង់ចាំត្រៀបត្រាទាំងប្លង់ខ្លួនឯងមិនទាន់ដល់នោះទេ។ អ៊ីចឹងហើយទើបលោកតម្រូវឲ្យតួគោរពេលវេលាដាច់ខាត ដោយសារតែការយឺតយ៉ាវនឹងធ្វើឲ្យប្លង់ បន្ទាប់របស់តារាផ្សេងត្រូវអូសបន្លាយ។ លោកប្រកាសឲ្យជំនួយការកត់សម្គាល់ ចំពោះតារាសម្ដែងនៅក្នុងរឿងនេះ នូវ៣ករណី ដោយទី១មកថតយឺតយ៉ាវ៣លើក ទី២បង្កជម្លោះជាមួយតារាគ្នាឯង និង ទី៣មិនយកចិត្តទុកចំពោះប្លង់សម្ដែងរបស់ខ្លួន បង្កការលំបាកដល់ក្រុមការងារ។ លោកថាសុខចិត្តដកចោល អត់ទុកតារាសម្ដែងទាំងនោះបន្តការលំបាក ដល់ដំណើរការថតរឿងមួយនេះដាច់ខាត។ អ៊ីចឹងហើយទើបគេឃើញតារាសម្ដែងដែលបានស្ដាប់សុទ្ធតែមានអារម្មណ៍បុកពោះ ជាពិសេសតារាដែលមានទម្លាប់មកយឺត និងចរឹកតួឯក។

ផលិតករដដែលបន្តថា ខ្សែរឿង«កំលោះទាំង៣» កំណត់ចេញថត៦០ថ្ងៃប៉ុណ្ណោះ ទើបសម្រេចដកចោលឲ្យតែតួមកយឺត៣លើក ។ លោកក៏ប្រកាសមិនបណ្ដាក់លុយតួរាប់ខែរាប់អាទិត្យដូចគ្នា ផលិតករមួយចំនួននោះដែរ តែអាចនឹងយឺតយ៉ាវត្រឹមពីរបីថ្ងៃ។ លោកមិនច្បាស់ថាខ្សែរឿងនេះ ដាក់បញ្ចាំងក្នុងម៉ោងមាសរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ពេលណានោះទេ បើទោះជាការចេញថតប្រើពេលត្រឹមតែ៦០ថ្ងៃ ចាប់ពីថ្ងៃទី៨ កុម្ភ: តែត្រូវរង់ចាំការកាត់តមួយតង់ទៀត។ ក្រៅពីព្រមានដូរតួដោយមិនញញើត លោកក៏បានទទួលស្គាល់ថាខ្សែរឿង«កំលោះទាំង៣»គឺជាឆ្អឹងរឿងបរទេស ដែលបានច្នៃបន្ថែមធ្វើឲ្យមានលក្ខណ:ជាខ្មែរ ៕

មតិយោបល់