ព័ត៌មានជាតិ

ករណីរួមភេទជាមួយកូនស្រីថៅកែ វី តាល់ តុលាការផ្តន្ទាទោស៥ឆ្នាំ តែអនុវត្តត្រឹម៦ខែ

ភ្នំពេញៈ ទីបំផុត សវនាការប្រកាសសាលក្រមបណ្ដឹងសុំនៅក្រៅឃុំ ត្រូវបានលោក វេង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ផ្តន្ទាទោសជនជាប់ចោទឈ្មោះ ហេង សុផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធ វីតាល់ ដាក់ពន្ធនាគារ កំណត់រយៈពេល ៥ឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តទោសត្រឹមតែ ៦ខែក្នុងពន្ធនាគារតែប៉ុណ្ណោះ ទោសនៅសល់ព្យួរធម្មតា ក្រោមបទចោទ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ។

ការប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះធ្វើឡើងក្រោយពីតុលាការបានបើកសវនាការជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំ របស់ជនជាប់ចោទឈ្មោះ ហេង សុផាន់ណា កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ដោយតុលាការបានលើកពេលប្រកាសសាលក្រមនៃបណ្តឹងសុំនៅក្រៅឃុំនេះអស់ ២លើករួចមកហើយ ពោលគឺតុលាការបានលើកម្តង កាលពីរសៀលថ្ងៃទី២៣ ទៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ និងសម្រេចលើកម្តងទៀតព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ទៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ នេះ។

ជនជាប់ចោទ ឈ្មោះ ហេង សុផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធ វីតាល់ បានប្តឹងសុំនៅក្រៅឃុំ ក្រោយពីរូបគេជាប់ពន្ធនាគារ តាំពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹង ករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីអំឡុងដើមឆ្នាំ២០១៦។

នៅក្នុងសវនាការកាលពីពេលកន្លងទៅលោកស្រី សុខ ចាន់លីដា មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ បានបញ្ជាក់នៅក្នុងសវនាការថា មូលហេតុដែលកូនក្តីលោកស្រី ប្តឹងសុំនៅក្រៅឃុំនេះ គឺដោយសារតែដើមបណ្តឹង និងជនរងគ្រោះព្រមដកពាក្យបណ្ដឹងឈប់ប្តឹងកូនក្តីលោកស្រី និងព្រមព្រៀងឲ្យកូនក្តីលោកស្រីរៀបការជាមួយកុមារីរងគ្រោះ។

ដោយឡែកលោក ហេង មង្គល ជាឪពុកបង្កើតរបស់កុមារីរងគ្រោះឈ្មោះ ហ.អ.ជ.ល.ណ បានថ្លែងនៅក្នុងសវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះថា ពីដើមឡើយលោកបានប្តឹងឈ្មោះ ហេង សុផាន់ណា ព្រោះតែខឹងជននេះបានរួមភេទជាមួយកូនស្រីលោករហូតមានផ្ទៃពោះ៣ខែ ប៉ុន្តែពេលនេះលោកសុខចិត្តដកពាក្យបណ្តឹង ឈប់ប្តឹងជនជាប់ចោទ ដោយសារតែកូនស្រីលោកអង្វរ សុំរៀបការជាមួយជនជាប់ចោទ៕

https://youtu.be/QqQHnR2s9TQ

មតិយោបល់