ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនស្ត្រីជនជាតិខ្មែរនិងវៀតណាម២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ភ្នំពេញៈ ស្រ្តីជាជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន២នាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ឃាត់ខ្លួន ខណៈពេលដែលពួកគេកំពុងតែនាំគ្នាធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែង ដកហូតបានគ្រឿងញៀនចំនួន ១កញ្ចប់ធំល្មម ដកហូតបានឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ បានប្រាប់ឲ្យដឹងថា ស្ត្រីជាជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនទាំង២នាក់់ ខាងលើនេះ ទី១ឈ្មោះ ឡេ វៀងធីញីង អាយុ២៧ឆ្នាំ ជនជាតិវៀតណាម និងទី២ឈ្មោះ ហ៊ុល សុវណ្ណ អាយុ ២១ឆ្នាំ ជនជាតិខ្មែរ ទាំង២នាក់ស្នាក់នៅចំណុចផ្ទះជួលខាងលើ។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ដឹកនាំកម្លាំងចុះល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចមុខផ្ទះជួលគ្មានលេខខាងលើ ក៏ជួបនឹងស្រ្តីទាំង២នាក់កំពុងតែនាំគ្នាធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង ក៏ចាប់ឃាត់ខ្លួនតែម្តង ដោយធ្វើការដកហូតបានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន ១កញ្ចប់ធំល្មម រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

មតិយោបល់