ស្របពេលដែលផលិតកម្មថោន បានប្រកាសជាផ្លូវការដោយបើកស្ថានីយ៍ទូរទស្សន៍ របស់ខ្លួននោះ ស្រាប់តែអ្នកដឹកនាំសម្តែង លោក អ៊ីន ទីតូ បានចាកចេញពីហង្សមាស ទៅថោន ទន្ទឹមជាមួយនឹងគ្នានេះដែរ តារាចម្រៀង ឈិត សុវណ្ណបញ្ញា ក៏បានប្រកាសទាំងអួលដើមក ចាកចេញដូចគ្នា ។
វាមិនមែនមានតែ ឈិត សុវណ្ណបញ្ញា នោះទេ ដោយកាលពីពាក់កណ្តាលខែ មករា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ តារាចម្រៀង យក់ ថិតរដ្ឋា ក៏បានបង្ហើរនូវសំណេរយ៉ាងខ្លីមួយលើហ្វេសប៊ុក ដែលមានន័យថា ចាកចេញពីហង្សមាសដូចគ្នា ប៉ុន្តែព័ត៌មានមួយនេះ ត្រូវបានបញ្ចប់ទៅវិញ។
ទាក់ទិននឹងព័ត៌មាន ឈិត សុវណ្ណបញ្ញា ដើរចេញពីហង្សមាស នេះ ត្រូវបានប្រភពច្បាស់ការមួយ បានប្រាប់ឲ្យដឹងថា តារាចម្រៀង ស្រគតស្រគុំ រូបនេះ នឹងទៅជ្រកក្រោមទ្រនំថោន ។ ប៉ុន្តែទោះបីជា តារាចម្រៀងរូបនេះ បានបង្ហាញពីចេតនារម្មណ៍ ចេញពីក្រអៅបេះដូងរបស់នាង ថាទៅកាន់ថោន មែនពិត តែលិខិតបញ្ជាក់ផ្លូវការ រឿងចរចារទ្រនំច្រៀងនេះ មិនទាន់ផ្លូវការនៅឡើយនោះទេ ។
ប្រភពខាងលើបានបន្ថែមថា ឈិត សុវណ្ណបញ្ញា គឺទំនោលរបស់នាង ទៅកាន់ថោន តែគ្រាន់តែមិនដឹងថា លទ្ធផលយ៉ាងម៉េចនោះទេ តែច្បាស់ណាស់ បើថោន បើកភ្លើងខៀវ ឈិត សុវណ្ណបញ្ញា នឹងចូលភ្លែត តែម្តង ៕


មតិយោបល់