តារាចម្រៀងដែលតែងតែទៅកើបថវិកា ក្រៅប្រទេស ចូលរួមជួយផ្នែកសប្បុរសធម៌ ជាពិសេសដល់មន្ទីរពេទ្យគន្ធបុប្ជា លោក ហេង ធារ៉ា កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រូវបានក្រុមចោរមួយក្រុមដេញប្លន់ បាញ់កញ្ចក់រថយន្តខ្ទេច។
វាជាសំណាងមួយហើយ សម្រាប់ជីវិតតារាចម្រៀង លោក ហេង ធារ៉ា ដែលក្រុមចោរបាញ់ត្រឹមបែកកញ្ចក់ ដោយមិនប៉ះពាល់ ដល់អាយុជីវិត។
តារាចម្រៀវវ័យ២៩ ឆ្នាំរូបនេះបានប្រាប់ Post Komsan ក៏ដូចជា Post News Media តាមរយៈទូរស័ព្ទ នៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ ឲ្យដឹងថា ខណៈដែលលោកកំពុងធ្វើដំណើរក្នុងទិសដៅពីភ្នំពេញ ទៅកាន់ផ្ទះនៅកំបូល ស្រាប់តែដល់ម្តុំពោធិ៍ចិនតុង ក៏ស្រាប់តែមាន អ្នកជិះម៉ូតូមួយក្រុម លោកមិនចំណាំម៉ូតូ ក៏តាមលោក ធ្វើឲ្យលោកភ័យយ៉ាងខ្លាំង ។
តារាចម្រៀងប្រុសខាងលើបានបន្តថា ឃើញដូចនោះលោកក៏បានបន្ថែមល្បឿនរថយន្តហួសផ្សារចោមចៅ ត្រង់កន្លែងសំណង់ឆ្លងផ្លូវដែលកំពុងធ្វើ ក៏ពួកវា បានបាញ់ប្រហារពីក្រោយតែម្តង ខណៈដែលលោក បានបន្ថែមល្បឿន ដោយគ្រាប់កាំភ្លើង ត្រូវបញ្ជិតកញ្ចក់ខាងក្រោយ បណ្តាលឲ្យបែក ខ្ចាយតែម្តង ។ លោកថា សំណាងហើយ ដែលត្រូវផ្នែកចំហៀង បើមិនដូច្នោះទេ លោកពិតជាអស់សង្ខារ ជាមិនខាន។
ទោះបីជាយ៉ាងណា លោកក៏សូមផ្តាំផ្ញើទៅកាន់មហាជន ជាពិសេសអ្នកសិល្បៈ ឲ្យប្រយត្នប្រយែង កុំឲ្យជួបបញ្ហា ដូចជារូបលោកឲ្យសោះ ៕
មតិយោបល់