ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេ អាលីយ៉ា ធ្លាក់ខ្លួនសុំទាន រស់មួយថ្ងៃៗ

នៅលើហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ គេឃើញពិធីការិនី នាងវីជេអាលីយ៉ា ប្រកាសអំពាវនាវអោយផ្ដល់ជំនួយជួយនាងត្រឹមតែ១ដុល្លារ ដោយនាងអះអាងថាថវិកាបរិច្ចាគទាំងនោះបានជួយអោយនាងបានរស់មួយថ្ងៃៗ ក្នុងពេលដែលនាងហ៊ានសារភាពថាខ្លួនធ្លាក់ដល់កម្រិតរកបាយហូបលែងបានក្នុងពេលនេះ។ នាងថាខ្លួនរាល់ថ្ងៃរស់ដោយការសុំទានប៉ុណ្ណោះដោយខ្លះអោយបាយ ហើយខ្លះក៏អោយលុយបានរស់មួយពេលៗ បន្ទាប់ពីនាងលែងខ្មាស់ហើយប្រកាសសុំជំនួយនៅលើហ្វេសប៊ុក។

វីជេអាលីយ៉ា បានសារភាពក្រោយត្រូវអតីតមិត្តប្រុសប្រើអំពើហឹង្សា និងក្រោយត្រូវម្ចាស់ហាងរឹបអូសយកមុខរបររបស់នាងព្រោះតែអតីតមិត្តប្រុសគេចមិនដោះស្រាយជាមួយម្ចាស់ផ្ទះ បានធ្វើអោយនាងធ្លាក់ខ្លួនមិនមានសូម្បីតែលទ្ធភាពជួលបន្ទប់ស្នាក់នៅ។ នាងថាខ្លួនសម្រេចចិត្តបោះចោលសិល្បៈទាំងអស់ព្រោះតែមុខរបររបស់ខ្លួនត្រូវគេបង្ខាំងអស់ ហើយលុយឡាន ដែលធ្លាប់មានក៏ត្រូវលក់សងបំណុលក្នុងពេលរកអីលែងបាន។

នាងមិនមានសូម្បីតែបាយ៣ពេលនាពេលចុងក្រោយ ដោយប្រកាសឥតលាក់លៀមថាស្ថានភាពរបស់នាងមិនខុសពីអ្នកសុំទាននោះទេ ដោយសុំបន្ទប់គេស្នាក់នៅ សុំបាយគេហូប និងរស់ដោយសារតែមិត្តភ័ក្ត្រនៅលើហ្វេសប៊ុកអោយទាន។ នាងបានសម្រេចចិត្តប្រកាសសុំទាននៅលើហ្វេសប៊ុក និងសុំជំនួយពីអ្នករាប់អានលែងខ្មាស់ ដោយអះអាងថា១ដុល្លារដែលនាងបានទទួល បានជួយអោយនាងមានបាយហូប និងមានលុយតតាំងក្ដីជាមួយបុរស២នាក់ដែលនាងបានដាក់បណ្ដឹងពីបទហឹង្សា និងពីបទរឹបអូសយកមុខរបរនាង។

នាងបានហៅការសុំទានរបស់ខ្លួននាងថាជាការបើកច្រកអោយនាងបានរស់ ខណៈដែលនាងប្រកាសថាបើគ្មានអ្នកអាណិតអោយបាយ អោយលុយជិះម៉ូតូឌុប និងអោយផ្ញើលុយតាមការប្រកាសសុំ គឺនាងនឹងស្លាប់ទាំងរស់។ នាងថាខ្លួនឈប់ខ្មាស់ទៀតហើយ ហើយក៏មិនមែនផុសសុំជំនួយជារបៀបសម្ដែងនោះដែរ ប៉ុន្តែមកពីនាងលែងមានអ្នកហៅការងារ និងគ្មានសូម្បីតែសំលៀកបំពាក់ក្រោយរឹបអូសទ្រព្យដែលមិនអាចអោយនាងទទួលការងារសិល្បៈបាន ទើបជីវិតដុនដាប។

នាងថាខ្លួនរស់រាល់ថ្ងៃដោយសារតែអ្នកស្គាល់អោយទានសុទ្ធសាធ ខណៈចំណូលពីការងារគឺមិនមានទាល់តែសោះក្នុងរយៈពេល២ឆ្នាំដែលនាងរងគ្រោះ។ ក្នុងនោះនាងក៏រំពឹងថាខ្លួននឹងសុំទានបានជំនួយដើម្បីតតាំងក្ដីជាមួយបុរស២នាក់ដែលនាងបានប្ដឹងផងដែរ ក្នុងពេលដែលបញ្ជាក់ថាដោយសារតែនាងគ្មានលុយទើបបណ្ដឹងរឿងនោះត្រូវគេបិទអស់២ឆ្នាំ ដោយទើបតែមានសង្ឃឹមជាថ្មីក្រោយមេធាវីម្នាក់ចេញមុខសើរើ៕




មតិយោបល់