អាហ្វហ្គានីស្ថានៈ បើតាមក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សជាង ១០០ នាក់ហើយ ត្រូវបានសម្លាប់ នៅក្នុងការរអិលបាក់ផ្ទាំងព្រិល បង្កឡើងដោយការធ្លាក់ព្រិលខ្លាំង នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមានសញ្ញាព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។
ការបាក់ផ្ទាំងព្រិលរអិលធ្លាក់នេះ បានកើតទ្បើងបន្ទាប់ពីរយៈពេលបីថ្ងៃនៃការធ្លាក់ព្រិកខ្លាំង ដែលបានបំផ្លាញផ្ទះ និងបិទផ្លូវចម្បង នៅភាគកណ្ដាល និងឦសាន ក្នុងខេត្តជាច្រើន ដែលវាធ្វើឲ្យមានការលំបាក សម្រាប់ការជួយសង្គ្រោះ ទៅកាន់ភូមិដែលរងគ្រោះ។
លោក Mohammad Omar Mohammadi អ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយធម្មជាតិ បានប្រាប់ភ្នាក់ងារ AFP ថា ភាគច្រើននៃអ្នកស្លាប់ គឺនៅ Nuristan ជាខេត្តដាច់ស្រយាលមួយ ដែលមានតួលេខអ្នកស្លាប់យ៉ាងហោចណាស់ ៥០ នាក់ នៅក្នុងភូមិមួយ។
ក្នុងនោះដែរលោក បានបញ្ជាក់ថា ភូមិចំនួន ២ ក្នុងស្រុក Bargmatal ត្រូវបានកប់ដោយការរអិលបាក់ផ្ទាំងព្រិល ជាមួយនឹងសាកសព ៥០ នាក់ហើយ ត្រូវបានគេរកឃើញ ហើយខណៈនេះដែរ ក្រុមជួយសង្គ្រោះកំពុងប្រតិបត្តិការ រុករកទៅកាន់ភូមិផ្សេងទៀត។
តាមរបាយការណ៍ បានឲ្យដឹងថា នៅកន្លែងផ្សេងទៀត ភាគខាងជើង និងភាគកណ្តាលនៃប្រទេស គឺមានមនុស្សស្លាប់ ៥៤ នាក់ ខណៈដែលផ្ទះ ១៦៨ ខ្នង ត្រូវបានបំផ្លាញ និងគោក្របីរាប់រយក្បាលបានងាប់ ដោយសារការរអិលបាក់ផ្ទាំងព្រិលនេះ៕
មតិយោបល់