ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ច័ន្ទសីហា បើកហាងថ្មីធ្វើឲ្យប្រុសស្នេហ៍កាន់តែបុកពោះ

ក្រោយឱកាសចូលឆ្នាំខាងមុខនេះ តារាសម្ដែងល្បីឈ្មោះនាងលី ច័ន្ទសីហា និងចូលរោងការជាមួយបុរសជាគូដណ្ដឹងជាផ្លូវការ។ ប៉ុន្តែគេមើលឃើញថានាងកាន់តែបង្ហាញភាពរឹងមាំ ធ្វើអោយប្រុសស្នេហ៍បុកពោះទ្វេរដង បើធៀបនឹងតារាផ្សេងទៀត ដែលមានឱកាសបានប្ដីសំបូរទ្រព្យ ហើយផ្អែកស្ទើរទាំងស្រុងលើកម្លាំងប្រុសស្នេហ៍។

នាងមិនត្រឹមតែទិញផ្ទះមួយល្វែងហើយឡើងសម្ពោធមុននេះយ៉ាងហ៊ឹកហ៊ាក់ប៉ុណ្ណោះទេ ថែមទាំងបើកហាងថ្មីទី២នៅថ្ងៃទី៩ កុម្ភៈ នេះទៀត។ លី ច័ន្ទសីហា បានសារភាពថាអនាគតស្វាមីរបស់នាងគឺជាបុរសអ្នកមាន អ៊ីចឹងហើយទើបនាងប្រឹងពង្រឹងសមត្ថភាពមុនថ្ងៃរៀបការ ដើម្បីកុំអោយមានការវាយតម្លៃថានាងទៅជ្រកក្រោមការចុងផ្ដើមរបស់ស្វាមី ហើយមិនមានទ្រព្យរបស់ជារបស់ខ្លួនឯង។

នាងថាខ្លួនសុខចិត្តពន្យាពេលរៀបការដោយសារតែហេតុផលនេះឯង ដោយនាងបានចាត់ទុកថាបើកុំតែខ្លួនអាចមានលទ្ធភាពទិញផ្ទះ និងបើកហាងបន្ថែម ក៏ប្រហែលជានាងបន្តពន្យារពេលរៀបការបន្តទៀតផងដែរ។ នាងសម្រេចចិត្តរកលុយពង្រីកហាងសម្អាងការ ទិញផ្ទះមួយល្វែងនៅបុរីវាលស្បូវ និងប្រើដើមទុនម៉ឺនដុល្លារបើកហាងលក់កាបូបជាទ្រង់ទ្រាយធំមួយទៀតនៅផ្លូវមេភ្លើងម្ដុំទួលស្លែងដោយប្រកាសបើកសម្ពោធនៅថ្ងៃទី៩ កុម្ភៈ។

នាងថាខ្លួនមានផ្ទះផ្ទាល់ខ្លួនមួយ និងមានហាងពីរមុនពេលរៀបការ ទើបនាងសម្រេចរៀបការដោយអារម្មណ៍កក់ក្ដៅ ដោយនាងយល់ថាខ្លួននឹងគេចផុតពីការនិន្ទាថាស៊ីកម្លាំងប្ដី។ យ៉ាងណាមិញ នាងមិនមែនប្រឹងរកលុយរកទ្រព្យ និងមុខរបរក្នុងបំណងអោយគ្រួសារស្វាមីខ្លាចញញើតនោះទេ គឺគ្រាន់តែចង់អោយមានការទទួលស្គាល់ថានាងទៅពឹងគ្រួសារខាងប្ដី។ នាងនិយាយថា«ការពិតខ្ញុំចង់ទិញផ្ទះ និងបើកហាងនៅក្រោយមង្គលការនោះទេ ប៉ុន្តែមកពីខ្លាចរឿងគេថាអ្នកសិល្បៈយើងសំឡឹងឃើញតែទ្រព្យប្ដី ទើបសម្រេចទិញផ្ទះអោយបានមួយសិន ហើយលូវបើកហាងកាបូបនាំចូលពីថៃ និងកូរ៉េមួយទៀតមុនពេលរៀបការ»។ នាងថាអាជីវកម្មលក់កាបូបនាងលក់យូរក្រែលដែលហើយ ប៉ុន្តែពីមុននោះនាងលក់តែក្នុងហាងសម្អាងការនៅម្ដុំចាក់អង្រែប៉ុណ្ណោះ ទើបនាងចាត់ទុកថាហាងថ្មីដែលសម្ពោធនៅថ្ងៃទី៩ កុម្ភៈ គឺជាជោគជ័យមួយ។

ឱកាសទិញផ្ទះ និងបើកហាងបណ្ដាក់គ្នានាពេលនេះ បានធ្វើអោយតារាសិល្បៈកត់សម្គាល់ឃើញថាលី ច័ន្ទសីហា កាន់តែធ្វើអោយគូស្នេហ៍នាងបុកពោះ ដោយសារតែនាងក្រៅពីជាតារាល្បីក៏មានទ្រព្យ និងមុខរបរក្នុងដៃមិនណយ ដែលច្បាស់ណាស់ថាបើបុរសជាគូស្នេហ៍របស់នាងធ្វើអោយនាងឃ្នើសចិត្ត គឺពិតជារបូតអនាគតភរិយាជាស្រ្តីស្អាត ឆ្លាត ហើយមានដូចនាង។ យ៉ាងណាមិញ លី ច័ន្ទសីហា បញ្ជាក់ថាខ្លួនមិនត្រូវការអោយខាងប្ដីគោរពកោតខ្លាចនោះទេ គឺសុំអោយតែកុំមាក់ងាយក្រោយរៀបការប៉ុណ្ណោះ៕

មតិយោបល់