ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្សទៅប្រទេសជប៉ុន ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ

ភ្នំពេញ: នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យ ប្រុសស្រី៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ជួញដូរមនុស្សឆ្លងដែនទៅប្រទេសជប៉ុន។

ជនសង្ស័យប្រុសស្រីទាំង៣នាក់មាន៖ ទី១ឈ្មោះ FUKUI SUSUMU ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិជប៉ុន ។ ទី២ឈ្មោះ សេង ចាន់ឌី ហៅ ខេនឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ និងទី៣ឈ្មោះ លឹម លក្ខិណា ហៅ អាណែត ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅអំឡុងខែសីហា ឆ្នាំ២០១៦ ជនសង្ស័យជាជនជាតិជប៉ុនខាងលើបាន មកអូសទាញស្ត្រីខ្មែរ ១០នាក់ឲ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន ដោយសន្យាថា នឹងទទួលបានប្រាក់ខែចាប់ពី ៣,០០០ដុល្លារ ទៅ៥,០០០ដុល្លារក្នុងមួយខែ។

ប្រភពបន្ដថា ជនសង្ស័យជាជនជាតិជប៉ុន បានទាក់ទងជនសង្ស័យជាជនជាតិខ្មែរឲ្យជួយរកស្ត្រីខ្មែរឲ្យគេ និងបានឲ្យលុយទៅស្ត្រីខ្មែរដែលព្រមទៅធ្វើការនៅប្រទេសជប៉ុនខ្ចីលុយមុនម្នាក់ ៥០០ដុល្លារ ហើយជនជាតិជប៉ុនរូបនោះជាអ្នកចេញថ្លៃរត់ការ និងធ្វើឯកសារសម្រាប់ឆ្លងដែនទាំងអស់ ដោយមានជនសង្ស័យជនជាតិខ្មែរប្រុសស្រីខាងលើជាអ្នករត់ការឲ្យ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅពេលជនសង្ស័យបញ្ជូនស្ត្រីរងគ្រោះទៅដល់ប្រទេសជប៉ុន ជនសង្ស័យបានយកស្ត្រីរងគ្រោះទៅឱ្យធ្វើស្ត្រីលក់ខ្លួននៅផ្ទះបន និងបង្ខាំងទុកលក់ឲ្យភ្ញៀវជនជាតិជប៉ុន។

ទោះយ៉ាងណា មកដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧នេះ គេនៅមិនទាន់ដឹងថា តើតំណាងអយ្យការរូបណានឹងបន្តចំណាត់ការលើជនសង្ស័យទាំង៣នាក់ខាងលើនោះទេ?៕

មតិយោបល់