ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាកុះករលេងសម្រស់កាច់គ្នា ថ្ងៃសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២!»

ខុសពីការសម្ពោធរឿងមុនៗរបស់ផលិតកម្មរ៉ក់ គេកត់សម្គាល់ថាពិធីសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២»របស់ផលិតកម្មមួយនេះ មានតារាចាស់ក្មេងចូលរួមយ៉ាងច្រើនកុះករ កាលពីល្ងាចថ្ងៃទី៦ កុម្ភៈ។ តារាល្បីៗនៅក្នុងពិភពសិល្បៈច្រើនជាង១០០នាក់ ត្រូវគេឃើញលេងសម្រស់បង្អួតគ្នាយ៉ាងឡូយឆាយ ដោយតារាម្នាក់ៗហាក់មិនសូវខ្វល់នឹងក្រសែភ្នែកមហាជនដែលតាមនោះផង ដោយគិតតែអេនអនអោយកាម៉េរ៉ាថតផ្ដិតថត និងថតរូបបង្ហោះលេងរៀងខ្លួន។

លោក លី ម៉េង តំណាងផលិតរ៉ក់បានអះអាងថាវត្តមានតារាសិល្បៈ ដែលចូលរួមបង្ហាញខ្លួនកុះករនៅក្នុងថ្ងៃនោះ បានធ្វើអោយផលិតករមានការរំភើបចិត្តយ៉ាងខ្លាំង ជាពិសេសនៅពេលតារាទាំងនោះរួមគ្នាគាំទ្រភាពយន្តមួយនេះ ដែលលោកបញ្ជាក់ថាជាស្នាដៃដែលផលិតកម្មរ៉ក់ ប្រឹងប្រែងផលិត។ នេះជារឿងវគ្គ២នៃរឿង«ពូជខ្ញុំចឹង!»ដែលបានទទួលការគាំទ្រខ្ពស់ ហើយមានការទទូចសុំអោយផលិតកម្មរ៉ក់ធ្វើការផលិតសម្រាប់វគ្គទី២។ លោកថារឿងនេះត្រូវបានផលិតឡើងដោយសម្រិតសម្រាំងជាងរឿងកាលពីវគ្គទី១ តែលោកមិនទាន់ហ៊ានរំពឹងខ្ពស់នៅឡើយទេ ដោយលោកនឹងរង់ចាំមើលសន្ទុះគាំទ្រ បន្ទាប់ពីដាក់បញ្ចំាំងផ្លូវការគ្រប់រោងនៅថ្ងៃទី៩ កុម្ភៈ វិញ។ លោកថាអ្វីៗស្ថិតនៅការផ្ដល់តម្លៃរបស់មហាជនប៉ុណ្ណោះ បើទោះជារឿងមួយនេះលោកថាមានគុណភាព និងបានចំណាយខ្ពស់ជាងមុន។ លោកថាជារឿងសប្បាយចិត្តបន្ទាប់ពីឃើញតារាកុះករដែលភាគច្រើនមកពីគ្រួសារតារាកម្ពុជា បានផ្ដល់កិត្តិយចំពោះរឿងនេះ។

ងាកទៅកាន់ទិដ្ឋភាពក្នុងថ្ងៃសម្ពោធនោះវិញ គេឃើញតារាសិល្បៈស្ទើគ្រប់គ្នាលេងម៉ូដសំលៀកបំពាក់បែបយុវវ័យ និងតុបតែងខ្លួនរំលេចសម្រស់ស្រស់ស្អាតសម្ញ៉ែងមហាជន។ ម្នាក់ៗត្រូវគេឃើញលេងសម្រស់កាច់គ្នាពេញក្នុងវេទិកា បើដែលតារាម្នាក់ៗគ្រងយកមកកម្មវិធីមិនមែនជាឈុតប្លែង និងថ្លៃ តែគេកត់សម្គាល់ថាម្នាក់ៗសុទ្ធតែតែងបានស្រស់ស្អាត និងឡូយឆាយ។ ជាមួយនឹងការបង្អួតសម្រស់រៀងខ្លួននោះហើយ ដែលគេឃើញវេទិកាសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២»មិន លេចធ្លោតែតួសម្ដែងនោះទេ គឺតារាជាភ្ញៀវកិត្តិយសដែលបានចូលរួមក៏លេចធ្លោណាស់ដែរ។
ខាងក្រោមនេះជាទិដ្ឋភាពបង្អួតសម្រស់របស់តារាសម្ដែង តារាចម្រៀង និងតារាប្លែងកុះករក្នុងពិធីសម្ពោធរឿង«ពូជខ្ញុំចឹងវគ្គ២»នាថ្ងៃនោះ៖

មតិយោបល់